(ពោធិ៍សាត់)៖ លោក រុន សារី អភិបាលរងនៃគណៈអភិបាលខេត្ត និងជាអនុប្រធានគណៈកម្មាធិការបណ្តុះបណ្តាលខេត្ត តំណាងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីវឌ្ឍនភាពការងារត្រីមាសទី៤ និងលើកទិសដៅបន្ត របស់គណៈកម្មាធិការបណ្តុះបណ្តាលខេត្ត (PTB) នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពី លោក លោកស្រី អនុប្រធាននាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រ អ្នកសម្របសម្រួល នៃកម្មវិធីអភិវឌ្ឍន៍ស្វីសខន់ថាក់ប្រចាំខេត្តពោធិ៍សាត់ កំពង់ឆ្នាំង និងខេត្តកោះកុង ព្រមទាំង សមាជិក សមាជិកា គណៈកម្មាធិការបណ្តុះបណ្តាលខេត្ត និងវិស័យឯកជន។

លោក លឹម ឆៃគ្រី អនុប្រធានលេខាធិកាដ្ឋាន នៃគណៈកម្មាធិការបណ្តុះបណ្តាលខេត្ត បានជម្រាបជូនអំពីលទ្ធផលការងារសម្រេចបាន ក្រោយពីកិច្ចប្រជុំត្រីមាសទី២ និងលើកទិសដៅបន្ត កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ដោយបានចុះផ្សព្វផ្សាយពីកម្មវិធីបណ្តុះបណ្តាល ១លាន ៥សែន របស់រាជរដ្ឋាភិបាលកម្ពុជា ទាំង៧ស្រុកក្រុង នៃខេត្តពោធិ៍សាត់ មានអ្នកចូលរួម១១៥៧នាក់ ស្រីចំនួន៣១១នាក់។ ចំពោះលទ្ធផលការងារបណ្តុះបណ្តាល កម្រិតសញ្ញាបត្របច្ចេកទេសវិជ្ជាជីវៈ១ ១,៥លាននាក់ ដោយមានសិស្សចុះឈ្មោះចូលរៀនចំនួន១៣៩៣នាក់ កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស មាននិស្សិតចុះឈ្មោះចូលរៀន ចំនួន៣៨៣នាក់ សិស្សទាំង២កម្រិត បានចុះកម្មសិក្សាចំនួន១២២៧នាក់។

ក្នុងនាមអនុប្រធានលេខាធិការដ្ឋាន សូមឱ្យសមាជិក សមាជិកានៃគណៈកម្មាធិការបណ្តុះបណ្តាលខេត្ត ជម្រុញការផ្សព្វផ្សាយដល់សិស្សនិស្សិត ពិសេសយុវជនដែលគ្រប់អាយុ ស្ថិតក្នុងគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ មានប័ណ្ណសម្គាល់ពិការភាព មូលនិធីសមធម៌សុខាភិបាល ឱ្យចុះឈ្មោះចូលរៀន ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ព្រមទាំងលើកទិសដៅគាំទ្រជំនាញវិជ្ចាជីវៈ និងបច្ចេកទេស១,៥លាននាក់ សម្រាប់ឆ្នាំ២០២៤-២០២៨ ក្នុងអាណត្តិទី៧ នៃរដ្ឋសភា។

បន្ទាប់ពីលោកស្រី ឈួន ម៉ាលីន តំណាងដៃគូអភិវឌ្ឍន៍ស្វីសខន់ថាក់ ប្រចាំខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង និងខេត្តកោះកុងនិងលោក សំឡុក សីម៉ា អនុប្រធាន នាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រ និងជាក្រុមការងារ លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិបណ្តុះបណ្តាល បានជម្រាបជូនអំពីបច្ចុប្បន្នភាពគោលនយោបាយ គោលការណ៍ណែនាំ យន្តការក្នុងវិស័យអប់រំបណ្តុះបណ្តាល បច្ចេកទេស វិជ្ជាជីវៈ និងជម្រុញ ការអនុវត្តផែនការប្រតិបត្តិ ប្រចាំឆ្នាំ២០២៥ របស់គណៈកម្មាធិការបណ្តុះបណ្តាលខេត្តនោះរួចមក, លោក រុន សារី អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការបណ្តុះបណ្តាលខេត្ត បានថ្លែងអំណរគុណចំពោះដៃគូអភិវឌ្ឍន៍ស្វីសខនថាក់ នៃកម្មវិធីអភិវឌ្ឍន៍ជំនាញ និងក្រុមការងារលេខាធិការដ្ឋាន ដែលបានខិតខំបំពេញភារកិច្ចប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់។

លោកបានលើកឡើងថា ដើម្បីរួមចំណែក នូវកំណើនសេដ្ឋកិច្ច ការអភិវឌ្ឍន៍សង្គម និងលើកកម្ពស់ផលិតភាពខ្សែចង្វាក់ផលិតកម្ម ឧស្សាហកម្ម ក្នុងនោះគណៈកម្មាធិការបណ្តុះបណ្តាលខេត្ត ដែលបានបង្កើតឡើង នៃអនុក្រឹត្យ លេខ២២សសរ ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ រៀបចំរចនាសម្ព័ន្ធតួនាទីភារកិច្ច និងការងារអាទិភាពរួមមាន រៀបចំផែនការយុទ្ធសាស្ត្រ ផែនការប្រតិបត្តិប្រចាំឆ្នាំ ផែនការថវិកា របបរបាយការណ៍ ការត្រួតពិនិត្យវាយតម្លៃ និងអភិវឌ្ឍន៍ ឱ្យកាន់តែប្រសើរឡើង។ ការងារបណ្តុះបណ្តាលវិជ្ជាជីវៈបច្ចេកខ្លាំងនិងដំណើរការទៅបាន អាស្រ័យដោយមានការចូលរួមជាមួយមន្ទីរជំនាញ អង្គការដៃគូ អាជ្ញាធរមូលដ្ឋាន ចូលរួមផ្តល់ធាតុចូលមិនអាចមានតែវិទ្យាស្ថានពហុបច្ចេកទេសមួយនោះទេ។

លោកបានបន្ថែមថា កម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់ របស់រាជរដ្ឋាភិបាល ជូនដល់ក្រុមគោលដៅមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដើម្បីឱ្យពួកគេមានជំនាញមួយច្បាស់លាស់ ក្នុងមួយជីវិតរួមចំណែកធ្វើឱ្យប្រសើរឡើង នូវកំណើនសេដ្ឋកិច្ចបៃតង ឈានទៅសម្រេចនូវចក្ខុវិស័យ ឆ្នាំ២០៣០ និងឆ្នាំ២០៥០ តាមរយៈការលើកកម្ពស់ផលិតភាព ឧស្សាហកម្ម និងបដិវត្តន៍សេដ្ឋកិច្ចឌីជីថល។ ខេត្តពោធិ៍សាត់ជាខេត្តមួយ មានចំណាប់អារម្មណ៍ពីអ្នកវិនិយោគ និងត្រូវការកម្លាំងពលកម្ម និងធនធានមនុស្សជាច្រើន សម្រាប់ទីផ្សាការងារ ទើបសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្កើតកម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១លាន៥សែននាក់ គឺរៀនឱ្យចប់រៀនឱ្យចេះ និងឱ្យមានការងារធ្វើ៕