Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ដ្រីសុខាភិបាល ធ្វើបាឋកថាជូនមន្ដ្រីក្រោមឱវាទជាង ៤ពាន់នាក់ ស្ដីពី ការប្រើប្រាស់កំណែរទម្រង់ក្នុងការដឹកនាំអង្គភាពឱ្យទទួលបានជោគជ័យ ដែលសំដៅលើគុណភាពសេវាសុខាភិបាលកាន់តែប្រសើរ

10-12-2024 21:04

(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤នេះ បានធ្វើបទបាឋកថាក្នុងវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំនិងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៤,០៥៥នាក់។

ជាកិច្ចចាប់ផ្តើម លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំណេះសំណាលជាមួយសិក្ខាកាម និងផ្តល់ការលើកចំណាប់អារម្មណ៍ពីការយល់ដឹងនៃការសិក្សាស្វែងយល់ពីភាពជាដឹកនាំ ដើម្បីបានទទួលព័ត៌មានត្រឡប់ពីវគ្គសិក្សានាពេលកន្លងមក ក៏ដូចជាការប្រមូលធាតុចូលសម្រាប់រៀបចំវគ្គនេះនាពេលអនាគត។

ជាកិច្ចបន្ត លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានធ្វើបាឋកថាលើប្រធានបទ «ការប្រើប្រាស់កំណែរទម្រង់ក្នុងការងារដឹកនាំអង្គភាពឱ្យទទួលបានជោគជ័យ» ដោយបានបង្ហាញពីប្រភេទនៃការធ្វើកំណែរទម្រង់ ព្រមទាំងសារៈសំខាន់ និងភាពចំាបាច់របស់មូលដ្ឋានសុខាភិបាលទាំងអស់ ដែលត្រូវធ្វើ «កំណែទម្រង់ដែលមានលក្ខណៈគិតគូរគ្រោងទុក និងកំណែទម្រង់ដែលត្រូវធ្វើបន្ទាន់» សំដៅបង្កើនប្រសិទ្ធភាពនៃសេវារបស់ខ្លួន ហើយដើម្បីធ្វើការកែទម្រង់ឱ្យទទួលបានជោគជ័យ។

លោកសាស្ដ្រាចារ្យបានបញ្ជាក់ថា អ្នកដឹកនាំត្រូវការចំនុចគន្លឹះចំនួន៤ គឺ (១) មានការប្តេជ្ញាចិត្ត (២) មានសមត្ថភាពក្នុងការដឹកនាំការងារ (៣) មានភាពឈ្លាសវៃ និង (៤) មានឆន្ទៈ និងភាពម្ចាស់ការខ្ពស់។ ទន្ទឹមនឹងនោះផងដែរលោកសាស្រ្តាចារ្យរដ្ឋមន្ត្រី ក៏បានណែនាំឱ្យមន្ត្រីសុខាភិបាលទាំងអស់ ធ្វើការពិចារណាលើទស្សនៈ ដែលថា កំណែទម្រង់ គឺជាដំណើរការ (a process) មិនមែនជាព្រឹត្តិការណ៍ទេ (not an event) ដើម្បីស្វែងយល់ឱ្យកាន់តែស៊ីជម្រៅនៅលើប្រធាបទនេះ៕