(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានហាមការទទួលទាន ចែកចាយ តាំងលក់ និងផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទនៅក្នុង និងជុំវិញបរិវេណគ្រឹះស្ថានសិក្សា។
ការហាមបានធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីការណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ក្នុងពិធីបើកការដ្ឋានសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលនាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញនូវការព្រួយបារម្ភពីផលប៉ះពាល់សុខភាពរបស់សិស្សបណ្តាលមកពីភេសជ្ជៈប៉ូវកម្លាំង។
សម្តេចប្រមុខរាជរដ្ឋាភិបាល បានណែនាំឱ្យក្រសួងអប់រំ និងក្រសួងសុខាភិបាល ពិនិត្យផ្សព្វផ្សាយអប់រំ និងទប់ស្កាត់ការទទួលទាន និងការលក់ភេសជ្ជៈប៉ូកម្លាំងនៅតាមសាលារៀន។
ក្នុងសេចក្តីណែនាំធ្វើឡើងនៅល្ងាចថ្ងៃនេះ ក្រសួងអប់រំ បានគូសបញ្ជាក់ថា កន្លងមកក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំជាបន្តបន្ទាប់ពាក់ព័ន្ធការលើក កម្ពស់សុខភាព អនាម័យ និងសុវត្ថិភាពចំណីអាហារតាមសាលារៀន នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន និងសេចក្តីណែនាំស្តីពី ការពង្រឹងវិធានការអនុវត្តក្នុងការលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពចំណី អាហារនៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ និងឯកជន។ ទន្ទឹមនឹងនេះ ក្រសួងក៏សង្កេតឃើញការ អនុវត្តនៅមិនទាន់បានគ្រប់ជ្រុងជ្រោយតាមសេចក្ដីណែនាំនៅឡើយ។
ក្នុងស្មារតីខាងលើ និងយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការឱ្យយកចិត្តទុកដាក់បន្ថែមលើសុខភាព របស់សិស្ស រួមទាំងការបង្ការហានិភ័យនៃជំងឺមិនឆ្លង ជាពិសេសជំងឺទឹកនោមផ្អែម ដែលពាក់ព័ន្ធនឹងទម្លាប់ ទទួលទានចំណីអាហារ ភេសជ្ជៈផ្អែម និងភេសជ្ជៈប៉ូវកម្លាំង ក្រសួងអប់រំ យុវជន និងកីឡាសូមហាមឃាត់ ការទទួលទាន ការចែកចាយ ការតាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលភេសជ្ជៈប៉ូវកម្លាំងគ្រប់ ប្រភេទ នៅក្នុង និងជុំវិញជាប់បរិវេណគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈនិងឯកជន និងគ្រឹះស្ថានអប់រំ បច្ចេកទេស ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំដូចខាងក្រោម៖
១៖ ត្រូវហាមឃាត់ដាច់ខាតនូវការទទួលទាន ការចែកចាយ ការតាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផលភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ នៅក្នុង និងជុំវិញជាប់បរិវេណគ្រឹះស្ថានសិក្សា
២៖ ត្រូវអនុវត្តឱ្យបានម៉ឺងមាត់នូវបទប្បញ្ញត្តិនានា ដែលពាក់ព័ន្ធនឹងការលើកកម្ពស់សុវត្ថិភាពចំណី អាហារ និងអាហារប្រកបដោយសុខភាពនៅតាមគ្រឹះស្ថានសិក្សា ដែលក្រសួងបានណែនាំកន្លងមក
៣៖ ត្រូវដាក់បញ្ចូលបន្ថែមក្នុងបទបញ្ជាផ្ទៃក្នុង ឬក្រមប្រតិបត្តិរបស់គ្រឹះស្ថានសិក្សាស្តីពី ការហាមឃាត់ ការទទួលទាន ការចែកចាយ ការតាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលភេសជ្ជៈ ប៉ូវកម្លាំងគ្រប់ប្រភេទ នៅក្នុង និងជុំវិញជាប់បរិវេណគ្រឹះស្ថានសិក្សា
៤៖ ត្រូវអប់រំ ក្រើនរំឮក និងផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការទទួលទានភេសជ្ជៈប៉ូវកម្លាំង នៅពេល គោរពទង់ជាតិ កិច្ចប្រជុំ ឬកម្មវិធីប្រមូលផ្ដុំផ្សេងៗរបស់គ្រឹះស្ថានសិក្សា
៥៖ ត្រូវចលនាអ្នកសិក្សា និងបុគ្គលិកអប់រំ ឱ្យចូលរួមក្នុងការផលិតស្លាកសញ្ញា ឬសារអប់រំ
៦៖ ត្រូវពិនិត្យតាមដានរាល់សកម្មភាពនៃការទទួលទាន ការចែកចាយ ការតាំងលក់ ការផ្សព្វផ្សាយ ពាណិជ្ជកម្មគ្រប់ប្រភេទ នៅក្នុង និងជុំវិញបរិវេណគ្រឹះស្ថានសិក្សា ដើម្បីមានវិធានការដោះស្រាយ តាមស្ថានភាពជាក់ស្ដែង ដូចជា បញ្ឈប់ការទទួលទាន ការចែកចាយ ការតាំងលក់ ការផ្សព្វផ្សាយ ពាណិជ្ជកម្ម និងការដកហូតភេសជ្ជៈប៉ូវកម្លាំង គ្រប់ប្រភេទនៅនឹងកន្លែង និងបញ្ឈប់កិច្ចសន្យា លក់ដូរ
៧៖ ត្រូវសហការជាមួយស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅតាមមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដើម្បីចូលរួមអនុវត្តសេចក្ដីណែនាំនេះសំដៅធ្វើឱ្យ «គ្រឹះស្ថានសិក្សា គ្មានភេសជ្ជៈប៉ូវកម្លាំង»៕