(ភ្នំពេញ)៖ និស្សិតកម្ពុជាដែលបញ្ចប់ការសិក្សាផ្នែកវិស្វកម្ម និងស្ថាបត្យកម្មនៅចិន បានរួបរួមគ្នា បង្កើតសមាគមអតីតនិស្សិតផ្នែកវិស្វកម្ម និងស្ថាបត្យកម្មពីប្រទេសចិន ក្នុងគោលដៅរួមគ្នាលើកស្ទួយវិស័យវិស្វកម្ម និងស្ថាបត្យកម្មនៅកម្ពុជា និងទាក់ទាញវិនិយោគិនចិនឱ្យមកវិនិយោគនៅកម្ពុជាក្នុងវិស័យនេះ។
ថ្លែងក្នុងពិធីសម្ពោធជាផ្លូវការ សមាគមអតីតនិស្សិតផ្នែកវិស្វកម្ម និងស្ថាបត្យកម្មពីប្រទេសចិន កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ លោក ថៃ សុគន្ធ ប្រធានសមាគមអតីតនិស្សិតផ្នែកវិស្វកម្ម និងស្ថាបត្យកម្មពីប្រទេសចិន បានឱ្យដឹងថា សមាគមនេះ បានចុះបញ្ជីជាផ្លូវការនៅក្រសួងមហាផ្ទៃនៅខែសីហាឆ្នាំ២០២៤។ ការបង្កើតសមាគមនេះ មានគោលដៅបង្កើនទំនាក់ទំនងនិងសាមគ្គីភាពរវាងនិស្សិតនិងអតីតនិស្សិតឲ្យកាន់តែល្អប្រសើរ, ប្រមូលធនធានផ្នែកវិស្វកម្មបច្ចេកទេសសំរាប់ចូលរួមអភិវឌ្ឍសង្គមជាតិទៅថ្ងៃមុខ តាមរយៈការចូលរួមពិគ្រោះនិងចែករំលែកបទពិសោធន៏ផ្នែកវិស្វកម្មនិងស្ថាបត្យកម្ម។ ជាមួយគ្នានេះ ក៏រួមចំណែកបង្កើនតម្លៃនិងកិត្តិយសរបស់និស្សិតដែលបញ្ចប់ការសិក្សាពីប្រទេសចិន និងភ្ជាប់ទំនាក់ទំនងនិងគាំទ្រសមាជិករបស់សមាគមទៅវិស័យឯកជនទាំងក្រុមហ៊ុនចិននិងក្រុមហ៊ុនក្នុងស្រុក និងស្ថាបន័រដ្ឋ ព្រមទាំងផ្តល់ពត័មានពីឱកាសការងារ ការចុះកម្មសិក្សានិងជំរុញឲ្យមានឱកាសសហប្រតិបត្តិការរវាងអតីតនិស្សិតកម្ពុជានិងក្រុមហ៊ុនចិននានា។
លោកបានឱ្យដឹងថា «បច្ចុប្បន្នយើងមានសមាជិកដែលបានចុះបញ្ជីសរុប២១៩នាក់ ដែលភាគច្រើនជានិស្សិតដែលបានបញ្ចប់ និងនិស្សិតដែលកំពុងសិក្សាផ្នែកវិស្វកម្មនិងស្ថាបត្យកម្ម ពីប្រទេសចិន។ ក្នុងនោះសមាជិកយើងមានជំនាញជាច្រើនដូចជាវិស្វកម្មសំណង់ស៊ីវិល ស្ថាបត្យកម្ម វិស្វកម្មអគ្គិសនី វិស្វកម្មមេកានិច វិស្វកម្មព័ត៍មានវិទ្យា វិស្វកម្មគីមី។ល។ ក្នុងចំណោមនេះមានថ្នាក់បរិញ្ញាប័ត្រ១៤៦រូប អនុបណ្ឌិត៦៧រូប បណ្ឌិត៤រូបនិងបរិញ្ញាប័ត្ររង១រូប»។
លោកបានឱ្យដឹងផងដែរថា តាមព័ត៌មានមិនផ្លូវការ បច្ចុប្បន្នមាននិស្សិតកម្ពុជាកំពុងសិក្សានៅប្រទេសចិនច្រើនជាង១០០០នាក់។ ទាំងនេះគឺវាអំណោយផលខ្លាំងចំពោះក្រុមហ៊ុនចិនដែលកំពុងមានវត្តមាននៅកម្ពុជាដែលមានគម្រោងការធ្វើមូលដ្ឋានីយកម្មនិងជ្រើសរើសបុគ្គលិកខ្មែរឲ្យបានច្រើន។
ពិធីសម្ពោធសមាគមអតីតនិស្សិតផ្នែកវិស្វកម្ម និងស្ថាបត្យកម្មពីប្រទេសចិន បានធ្វើឡើងក្រោមវត្តមាន លោក សុខុម រិទ្ធីវុធ អគ្គលេខាធិការគណៈវិស្វករកម្ពុជា លោក ឡាវ វ៉ាន់ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន លោក ហង្ស សុតសំភា អគ្គលេខាធិការគណៈស្ថាបត្យករកម្ពុជា លោកស្រី សេរី សូរិយា អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
លោក សុខុម រិទ្ធីវុធ អគ្គលេខាធិការគណៈវិស្វករកម្ពុជា បានលើកឡើងថា ការបង្កើតសមាគមនេះ បានសបញ្ជាក់ពីគោលដៅរួមគ្នារបស់និស្សិតដែលបានបញ្ចប់ការសិក្សាពីប្រទេសចិន ក្នុងគោលបំណងពិគ្រោះយោបល់ និងចែករំលែកបទពិសោធន៍ឱ្យគ្នាទៅវិញទៅមក ព្រមទាំងការភ្ជាប់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការជាមួយស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជនរបស់ប្រទេសចិន ដែលជាកាលានុវត្តភាពដ៏សំខាន់ក្នុងការរួមចំណែកអភិវឌ្ឍជាតិប្រកបដោយចីរភាព។
លោកបន្តថា «ក្នុងនាមខ្ញុំជាអគ្គលេខាធិការគណៈវិស្វករកម្ពុជា ខ្ញុំសូមកោតសរសើរ និងលើកទឹកចិត្តដល់ប្អូនៗ ក្មួយៗទាំងអស់ ឱ្យបន្តវប្បធម៌រួបរួមជាសហគមន៍វិជ្ជាជីវៈ ដែលជាបណ្តុំនៃមូលធនបញ្ញវ័ន បានជាសក្តានុពលរឹងមាំ អាចដោះស្រាយបាននូវគ្រប់បញ្ហាបច្ចេកទេស ដែលអាចកើតឡើងក្នុងពេលប្រកបវិជ្ជាជីវៈ»។
លោកមានប្រសាសន៍បន្តថា វិស្វករ គឺជាធនធានបញ្ញវន្តវិស្វកម្មជាតិ និងជាកំលាំងចលករមិនអាចខ្វះបាន ក្នុងការរួមចំណែកអភិវឌ្ឍប្រទេសប្រកបដោយចីរភាព ដែលតម្រូវឱ្យវិស្វករមានការសិក្សាស្វែងយល់ និងតាមឱ្យទាន់នូវការវិវត្តន៍បច្ចេកវិទ្យានាពេលបច្ចុប្បន្ន និងអនាគត។ នៅនិតិកាលទី៧នៃរដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លៀសវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធានកិត្តិយសគណៈវិស្វករកម្ពុជា បានដាក់ចេញនូវ «យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១»ឱ្យអនុវត្តស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ដោយបានផ្តល់អាទិភាពខ្ពស់ ក្នុងការអភិវឌ្ឍន៍មូលធនមនុស្សលើមុខជំនាញវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងបរិវត្តកម្មឌីជីថល ដែលជាកាលានុវត្តភាពថ្មី ក្នុងការបង្កើនប្រសិទ្ធភាព និងផលិតភាពឱ្យកាន់តែប្រសើរឡើង៕
ក្នុងពិធីសម្ពោធជាផ្លូវការនោះដែរ លោក ថៃ សុគន្ធ ថែមទាំងបានបានធ្វើការប្រគល់លិខិតថ្លែងអំណរគុណជូនចំពោះអ្នកឧបត្ថម្ភកម្មវិធីក្រុមហ៊ុន ZWSS (CAMBODIA) INVESTMENT CO., LTD. ,ក្រុមហ៊ុន GOOD TOP MACHINERY(CAMBODIA)CO.,LTD: ,ក្រុមហ៊ុន Koolen Alpha Co.,Ltd និងក្រុមហ៊ុន EcoA E&C Co.,Ltd ផងដែរ៕