(កណ្ដាល)៖ សំណើ និងសំណូមពរចំនួន៥០ ពីអ្នកក្រុងអរិយក្សត្របានលើកឡើង ត្រូវបានអាជ្ញាធរខេត្តទទួលយកទៅដោះស្រាយ ដ្បិតរឿងណាដោះស្រាយបានភ្លាម នោះក្រុមការងារនឹងដោះស្រាយជូនភ្លាម បើរឿងណាធំ ដោះស្រាយមិនទាន់បានភ្លាមៗ នោះក្រុមការងារយកទៅដោះស្រាយជាបន្តបន្ទាប់ដោយមិនទុកសំណុំរឿងចោលឡើយ។
ថ្លែងនៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត លើកទី១ អាណត្តិទី៤ នៅបរិវេណវត្តបាក់ដាវសង្កាត់បាក់ដាវ, លោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត បានថ្លែងថា វេទិកានេះធ្វើឡើងដើម្បីប្រមូល មតិយោបល់ បញ្ហាប្រឈម និងសំណូមពរនានារបស់ប្រជាពលរដ្ឋ យកមកពិភាក្សាស្រាយបំភ្លឺ និងធ្វើការដោះស្រាយឱ្យចំគោលដៅ ប្រកបដោយប្រសិទ្ធិភាព និងជាការផ្តល់ឱកាសជូនប្រជាពលរដ្ឋ បានប្រាស្រ័យទាក់ទងគ្នា ទៅវិញទៅមករវាងរដ្ឋបាលខេត្ត ជាមួយរដ្ឋបាលស្រុក រដ្ឋបាលឃុំ អង្គការសង្គមស៊ីវិល វិស័យឯកជន ដើម្បីផ្លាស់ប្តូរនូវបទពិសោធន៍ ផ្តល់ប្រឹក្សាយោបល់អំពីអាទិភាពនៃការអភិវឌ្ឍខេត្តសំដៅធ្វើយ៉ាងណាឱ្យមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។
លោកបានបញ្ជាក់ថា វត្តមានអស់លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ នាឱកាសនេះ ពិតជាមានសារៈសំខាន់បំផុត ដែលអាចលើកឡើងនូវមតិយោបល់សំណើ សំណូមពរ និងអនុសាសន៍សម្រាប់កែលម្អដល់ការអភិវឌ្ឍន៍ មូលដ្ឋានរបស់ខេត្តយើង ឱ្យកាន់តែប្រសើរឡើង ព្រោះយើងទាំងអស់គ្នាចង់បានការថែរក្សាការពារ និងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ព្រមទាំងការការផ្តល់សេវាសាធារណៈឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត និងកាន់តែខិតទៅជិតប្រជាពលរដ្ឋ។
ថ្លែងនៅក្នុងវេទិកានេះលោក នុត ពុធដារ៉ា បានគាំទ្រ និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកចូលរួមទាំងអស់សូមចូលរួមលើកឡើងនូវទុក្ខកង្វល់ បញ្ហាប្រឈម និងសំណូមពរនានាឱ្យបានច្រើន ដើម្បីក្រុមប្រឹក្សាខេត្តធ្វើការ ប្រមូលនូវរាល់មតិយោបល់ បញ្ហាប្រឈម និងសំណូមពរទាំងនោះ យកមកធ្វើការពិភាក្សាស្រាយបំភ្លឺ និងឆ្លើយតបជូនវិញ សំដៅឈានទៅធ្វើការកែលម្អ និងដោះស្រាយឱ្យកាន់តែល្អប្រសើរស្របទៅនឹងតម្រូវការ ជាអាទិភាពជាក់ស្តែងរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
អភិបាលរងខេត្ត បានគូសបញ្ចាក់ថា រាល់មតិយោបល់ បញ្ហាប្រឈម និងសំណូមពរ ដែលបានលើកឡើងក្នុងវេទិកានាថ្ងៃនេះ បើក្នុងករណីដោះស្រាយបានភ្លាមៗ អាជ្ញាធរស្រុក ក៏ដូចជាក្រុមប្រឹក្សា គណៈអភិបាល មន្ទីរពាក់ព័ន្ធ នឹងធ្វើការដោះស្រាយជូនភ្លាមៗ ហើយចំពោះករណីមិនអាចដោះស្រាយបានភ្លាមៗ នោះអាជ្ញាធរស្រុក មន្ទីរពាក់ព័ន្ធ ក្រុមប្រឹក្សា និងគណៈអភិបាល នឹងលើកយកទៅពិភាក្សារកដំណោះស្រាយជូននៅពេលក្រោយបន្តទៀត ដោយមិនទុកបញ្ហា និងសំណូមពរចោល ឬគេចវេសពីបញ្ហាដែលបានលើកឡើងក្នុងវេទិកានេះឡើយ។
ជាលទ្ធផលក្នុងវេទិកានេះ ទទួលបានសំណើ និងសំណូមពរចំនួន៥០ ក្នុងនោះរួមមាន៖ ផ្នែករដ្ឋបាល សន្តិសុខ សណ្តាប់ធ្នាប់ មានចំនួន៦ ផ្នែកសេដ្ឋកិច្ច មានចំនួន២៥ ផ្នែកសង្គមកិច្ច មានចំនួន៥ និងផ្នែកគ្រប់គ្រងដីធ្លី ធនធានធម្មជាតិ បរិស្ថាន បម្រែបម្រួលអាកាសធាតុ មានចំនួន១៤ ដែលសំណើរ និងសំណូមពរទាំងនោះត្រូវបានប្រធានក្រុមប្រឹក្សាខេត្ត និងអភិបាលរងខេត្ត ធ្វើការពន្យល់បកស្រាយ និងបានជំរុញដល់អជ្ញាធរ និងមន្ទីរពាក់ព័ន្ធត្រូវធ្វើការដោះស្រាយឱ្យបានទាន់ពេលវេលា៕