(ភ្នំពេញ)៖ មន្ដ្រីជាន់ខ្ពស់ក្រសួងសុខាភិបាលលោកវេជ្ជបណ្ឌិត យូ ពិសី បានជំរុញលើកទឹកចិត្ដដល់មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក បន្ដអភិវឌ្ឍន៍ធនធានមនុស្សសុខាភិបាល ត្រូវតែធ្វើជាប្រចាំ ដើម្បីបង្កើនសមត្ថភាពស្របតាមបច្ចេកទេសថ្មីៗ ក្នុងការពិនិត្យ ស្រាវជ្រាវរកមូលហេតុ នៃជំងឺ ធ្វើរោគវិនិច្ឆ័យត្រឹមត្រូវ ផ្តល់ការថែទាំសមស្រប ព្យាបាលប្រកបដោយគុណភាពនិងប្រសិទ្ធិភាពខ្ពស់។
ការថ្លែងដូចនេះរបស់លោកវេជ្ជបណ្ឌិត យូ ពិសី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងតំណាងសាស្ត្រាចារ្យ ហ៊ុន ចំរើន ប្រធានក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ក្នុងក្នុងសិក្ខាសាលាស្តីពីការពិនិត្យលើសមិទ្ធផលឆ្នាំ២០២៤ និងការរៀបចំផែនការប្រតិបត្តិសម្រាប់ឆ្នាំ២០២៥របស់មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៩-១០ ខែធ្នូ ឆ្នាំ២០២៤។
លោកបានថ្លែងបន្ដថា មជ្ឈមណ្ឌលជាតិ មានផ្នែកបណ្តុះបណ្តាល ដែលដើរតួសំខាន់ក្នុងការបណ្តុះបណ្តាលក្នុងពេលកំពុងបម្រើការងារ (In-service training) ដែលអាចជួយក្រសួងសុខាភិបាល ក្នុងការបំពាក់បំប៉នជំនាញ បង្កើនសមត្ថភាពព្យាបាលសង្គ្រោះបន្ទាន់ផ្នែកសម្ភព រោគស្ត្រី ដល់មន្ត្រីសុខាភិបាលទូទាំងប្រទេសផងដែរ។ មិនត្រឹមតែជាមជ្ឈមណ្ឌលជាតិប៉ុណ្ណោះទេ គឺដើរតួជាមន្ទីរពេទ្យជាតិដែលមានភារកិច្ចពិនិត្យ និងព្យាបាលជំងឺ និងទទួលការបញ្ជូនជំងឺពីបណ្តាលមន្ទីរពេទ្យផ្សេងៗទៀតនៅកម្ពុជា។
ជាមួយគ្នានេះដែរ សម្រាប់ការបង្ការជំងឺ មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក មានកម្មវិធីជាតិ ចំនួន៥ គឺ៖ កម្មវិធីជាតិ ផ្តល់ថ្នាំបង្ការកម្មវិធីជាតិ សុខភាពបន្តពូជ កម្មវិធីជាតិ អាហារូបត្ថម្ភ កម្មវិធីជាតិ ទប់ស្កាត់ការចម្លងរោគពីម្តាយទៅកូន និងកម្មវិធីជាតិ បង្ការជំងឺរាក និងរលាកផ្លូវដង្ហើមស្រួចស្រាល ដែលបាន និងកំពុងអនុវត្តគោលនយោបាយរាជរដ្ឋាភិបាលគោលនយោបាយរបស់ក្រសួងសុខាភិបាល សំដៅទៅសម្រេចបានគ្រប់គោលដៅ ដែលបានកំណត់ក្នុងផែនការយុទ្ធសាស្ត្រជាតិ។
បន្ថែមពីលើនេះលោកវេជ្ជបណ្ឌិត ក៏បានចូលរួមអបអរសារទពីការកើនឡើងនៃការគ្របដណ្តប់គ្រប់សេវា ដែលមជ្ឈមណ្ឌលបានផ្តល់ និងបានផ្តល់ជាអនុសាសន៍មួយចំនួនដើម្បីជួយដល់ការ អនុវត្តការងារឈានទៅសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដូចជា៖
១៖ ត្រូវពង្រីក និងពង្រឹងគុណភាពសេវានៅថ្នាក់សេវាមូលដ្ឋាន ដែលជាគោលការណ៍របស់ក្រសួងសុខាភិបាល ដើម្បីកាត់បន្ថយការបញ្ជូនអ្នកជំងឺទៅឆ្ងាយ
២៖ ត្រូវផ្តល់ការព្យាបាលឱ្យបានសមស្រប និងយកចិត្តទុកដាក់
៣៖ ត្រូវខិតខំប្រងប្រែងបន្ថែមទៅលើចំណុចដែលអនុវត្តបានល្អ
៤៖ ត្រូវខិតខំកែលំអរបន្ថែម ចំណុចខ្វះខាត ទៅតាមគន្លងដែលបានគ្រោងទុក
ទន្ទឹមនឹងនោះលោក យូ ពិសី បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក លោកសាស្ត្រាចារ្យ លោក លោកស្រីមន្ត្រី បុគ្គលិកនៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារកទាំងអស់ ដែលបានបំពេញការងារជួយសង្គ្រោះអាយុជីវិតអ្នកជំងឺប្រកបដោយការលះបង់ខ្ពស់។
មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក បានប្រែក្លាយជាគ្រឹះស្ថានសាធារណៈរដ្ឋបាលនៅខែឧសភា ឆ្នាំ២០២២ ប៉ុន្តែការអនុវត្តជាគ្រឹះស្ថានពេញលេញនៅឆ្នាំ២០២៣ ហើយឆ្នាំនេះជាឆ្នាំទី១ ដែលមជ្ឈមណ្ឌលបានរៀបចំសិក្ខាសាលាពិនិត្យលើវឌ្ឍនភាពការងារឆ្នាំ២០២៤ និងការរៀបចំផែនការ ប្រតិបត្តិសម្រាប់ឆ្នាំ២០២៥ មានរយៈពេល២ថ្ងៃដោយប្រើប្រាស់ថវិកាគ្រឹះស្ថាន។ នេះបើតាមការបញ្ជាក់របស់លោកស្រីសាស្រ្តាចារ្យជំនួយ គឹម រ័ត្ននា នាយកមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក។
សិក្ខាសាលាខាងលើនេះ គឺមានគោលបំណងដើម្បីពិនិត្យមើលលើវឌ្ឍនភាពការងារ ដែលសម្រេចបាន រួមទាំងបញ្ហាដែលបានជួបប្រទះនិងដំណោះស្រាយ ពិភាក្សាលើការធ្វើផែនការប្រតិបត្តិសម្រាប់ឆ្នាំ២០២៥ ហើយប្រធានបទដែលត្រូវលើកយកមកបង្ហាញ និងពិភាក្សាក្នុងសិក្ខាសាលារួមមាន៖ របាយការណ៍ប្រចាំឆ្នាំ២០២៤ របស់ការិយាល័យទាំង៣ (បច្ចេកទេស រដ្ឋបាលនិងគណនេយ្យ) របាយការណ៍ប្រចាំឆ្នាំ២០២៤របស់កម្មវិធីជាតិទាំង៥ និងផ្នែកបណ្តុះបណ្តាល វីឌីអូខ្លីស្តីពីការថែទាំទារកតាមរបៀបម្តាយកង់ហ្គូរូរបាយការណ៍តាមផ្នែកនិមួយៗនៃមន្ទីរពេទ្យ (ពិគ្រោះជំងឺក្រៅ និងសម្រាកពេទ្យ) ការបង្ហាញពីស្តង់ដានៃការទទួលស្គាល់គុណភាពមន្ទីរពេទ្យ ការពិភាក្សាក្រុមពីបញ្ហាឈម ដំណោះស្រាយ និងការធ្វើផែនការប្រតិបត្តិសម្រាប់ឆ្នាំ២០២៥៕