(កំពត)៖ លោកឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក និងជាអគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំចូលរួមកិច្ច ប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់ ក្នុងពិធីបុណ្យសមុទ្រលើកទី១១ នៅខេត្តកំពត ដែលនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។
នាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានប្រើប្រាស់កម្លាំង សរុបចំនួន២០០នាក់ និងមធ្យោបាយ ចំនួន១៣គ្រឿង (ក្នុងនោះនាវាល្បាតកម្លាំង ១,៦០០សេះ ០១គ្រឿង, នាវាល្បាតកម្លាំង១,២០០សេះ ០១គ្រឿង, អូប័រប្រដេញកម្លាំង៧០០សេះ ០២គ្រឿង, អូប័រកម្លាំង២០០សេះ ០៣គ្រឿង, អូប័រកម្លាំង៤០សេះ ០១គ្រឿង, រថយន្ត ០១គ្រឿង និងម៉ូតូ ០២គ្រឿង) ដើម្បីចូលរួមអនុវត្តផែនការខាងលើ។
សូមជម្រាបថា ព្រឹត្តិការណ៍បុណ្យសមុទ្រ នឹងធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តកំពត ដែលជាព្រឹត្តិការណ៍ជួយលើកស្ទួយវិស័យទេសចរណ៍ខេត្ត នឹងជួយបង្កើនប្រាក់ចំណូលដល់ប្រជាជន ជាពិសេសក៏នឹងរួមចំណែកជួយផ្សព្វផ្សាយពីសក្តានុពលវិស័យទេសចរណ៍ក្នុងខេត្ត ក៏ដូចជាប្រទេសកម្ពុជាទាំងមូល និងជួយជំរុញឲ្យខេត្តកំពតមានកំណើនសេដ្ឋកិច្ចកាន់តែរីកចម្រើន និងអភិវឌ្ឍន៍ជាលំដាប់៕