(កំពត)៖ កម្លាំងជំនាញនគរបាលក្រុងកំពត សហការជាមួយកម្លាំងនគរបាល នៃការិយាល័យកណ្តាលព្រហ្មទណ្ឌខេត្តកំពត នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦នេះ បានចុះអន្តរាគមន៍បង្ក្រាបបទល្មើសគ្រឿងញៀនមួយករណី ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ និងដកហូតថ្នាំញៀនចំនួន ៥កញ្ចប់ធំ និង១កញ្ចប់តូច។
ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងត្រង់ចំណុចក្បែរោងភាពយន្ត៧មករា ក្នុងផ្ទះរបស់ជនល្មើស ឈ្មោះ តី សុមេត្តា ហៅត្រា អាយុ២១ឆ្នាំ ស្ថិតក្នុងភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត។
មន្ត្រីនគរបាលជំនាញក្រុងកំពត បានប្រាប់ឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ខាងលើ រួមមាន ១. ឈ្មោះ តី សុមេត្តា (ម្ចាស់ផ្ទះខាងលើ), ២. ឈ្មោះ លៀម រ៉ាដា ហៅតុញ អាយុ២៦ឆ្នាំ រស់នៅភូមិអណ្តូងខ្មែរ សង្កាត់អណ្តូងខ្មែរ ក្រុងកំពត់ ខេត្តកំពត, ៣. ឈ្មោះ លី សុខា ហៅស្រីកា ភេទស្រី អាយុ១៩ឆ្នាំ រស់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ និង៤. ឈ្មោះ ដា ភេទស្រី មិនទាន់ដឹងសាវតា ដោយសារមានជំងឺ និងបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពត។
ក្រោយពីធ្វើឃាត់ខ្លួនហើយ កម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួន រួមមាន ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន៥កញ្ចប់ធំ និង១កញ្ចប់តូច និងវត្ថុតាងពាក់ព័ន្ធមួយចំនួនផ្យេងទៀត។ បច្ចុបុ្បន្ន ជនសង្ស័យ៣នាក់ កំពុងឃាត់ខ្លួន និងធ្វើការសាកសួរ ដើម្បីបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕