(ភ្នំពេញ)៖ សន្និសីទស្តីពីកិច្ចសហប្រតិបត្តិការចិន-អាស៊ាន លើការអភិវឌ្ឍ និងអភិបាលកិច្ចបញ្ញាសិប្បនិម្មិត (AI) ត្រូវបានរៀបចំឡើង នៅទីស្តីការគណៈរដ្ឋមន្ត្រី រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និង ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ព្រមទាំង មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល, បញ្ញវន្ត និង និស្សិតចូលរួម ជាច្រើនរូប។

ឯកឧត្តម វង្សី វិស្សុត បានមានប្រសាសន៍ថា ចិននិងអាស៊ាន មានកិច្ចសហប្រតិបត្តិការលើវិស័យ AI រួមគ្នា ជាយូរមកហើយ ដែលជាការបង្ហាញពីគំនិតផ្តួចផ្តើម នៃអភិបាលកិច្ចលើកិច្ចសហប្រតិបត្តិការអន្តរជាតិ ឆ្លើយតបនិងមានទំនួលខុសត្រូវលើ ការអភិវឌ្ឍបញ្ហាសិប្បនិម្មិត បន្ស៊ីនឹងទស្សនៈវិស័យរបស់អាស៊ាន ដើម្បីបង្ហាញថា យើងមានកិច្ចសហការរួមគ្នា គ្រប់គ្រងកាត់បន្ថយគម្លាតសកល។

ឯកឧត្តមបន្តថា ប្រទេសចិនបានផ្តល់ឱកាសយ៉ាងអស្ចារ្យ ដើម្បីលើកកម្ពស់ការអភិវឌ្ឍ AI លុបបំបាត់បញ្ហាប្រឈមនានា ដើម្បីចូលទៅក្នុងដំណើរថ្មី ប្រកបដោយបរិយាប័ន្ន និងការអភិវឌ្ឍ ប្រកបដោយស្ថិរភាព តាមរយៈការសម្របខ្លួន ការអភិវឌ្ឍលើវិស័យកសិកម្ម ជាដើម ដោយចាត់ទុក អភិបាលកិច្ច AI គឺជាឧបករណ៍ដ៏សំខាន់ ហើយ បានជំរុញការតភ្ជាប់ ជាមួយអាស៊ាន បង្កើតបាននូវការអភិវឌ្ឍរួម នូវគោលនយោបាយ ចំណេះដឹងថ្មីៗ និងដំណោះស្រាយថ្មីៗ ដើម្បីធានាថា យើងទាំងអស់គ្នា ទទួលបានអត្ថប្រយោជន៍ជាវិជ្ជមាន ពី AI សម្រាប់ប្រជាជនអាស៊ាន និងប្រជាជនចិន។ ក្នុងន័យនេះ ចិននិងអាស៊ាន បានពង្រីកកិច្ចសហការ លើការផ្លាស់ប្តូរឌីជីថល តាមរយៈការទទួលយកការសម្របសម្រួល លើដំណើរការអភិវឌ្ឍឌីជីថល ជាបន្តបន្ទាប់។

ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបាន មានប្រសាសន៍ថា ចិនបាននិងកំពុងយកចិត្តទុកដាក់ សហការជាមួយប្រទេសអាស៊ាន រួមទាំង កម្ពុជា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ លើវិស័យ AI ក្នុងនោះ រួមមានទាំងការបង្កើត មជ្ឈមណ្ឌលស្តីពីវិស័យ AI រវាងចិននិងកម្ពុជា ហើយចិនក៏បានបញ្ចេញនូវគំនិតផ្តួចផ្តើម ស្តីពីការអភិវឌ្ឍវិស័យ AI ជាមួយប្រទេសអាស៊ាន នានា។

យ៉ាងណាមិញ ឯកឧត្តមថា ក៏មានបញ្ហាជាច្រើន ក្នុង AI លើអភិបាលកិច្ច, សន្តិសុខឌីជីថល ព្រមទាំងគម្លាតលើវិស័យ AI សម្រាប់ប្រទេសនានា បង្កើតឲ្យមានអយុត្តិធម៌សម្រាប់ការអភិវឌ្ឍប្រទេសមួយចំនួន។ នៅក្នុងន័យនេះ ប្រទេសចិនប្រកាន់ខ្ជាប់ នូវការអភិវឌ្ឍ AI ដោយស្មើភាព មានសន្តិសុខដួចគ្នា ព្រមទាំង ដោះស្រាយបញ្ហាប្រឈមរួមគ្នា ដើម្បីជំរុញការអភិវឌ្ឍអភិបាលកិច្ច លើវិស័យ AI ។ ឯកឧត្តមក៏បានស្នើឲ្យមានការបង្កើនកិច្ចសហការ ដើម្បីទទួលផលប្រយោជន៍ពីវិស័យ AI ដោយឯកឧត្តម ចាត់ទុកថា បញ្ញាសិប្បនិម្មិត គឺជាកម្លាំងស្នូលសម្រាប់កិច្ចសហប្រតិបត្តិការ លើកិច្ចអភិវឌ្ឍន៍វិស័យថ្មីៗ ហើយប្រទេសនីមួយៗ ត្រូវបង្កើនកិច្ចសហការ ជុំវិញការផ្លាស់ប្តូរធនធានមនុស្ស លើផ្នែកបច្ចេកវិទ្យានេះ។

ឯកឧត្តម បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍវិស័យ AI ត្រូវផ្តល់ផលប្រយោជន៍ដល់សុខដុមរមនារបស់មនុស្សជាតិ ដែលទាមទារឲ្យមានការគោរពច្បាប់ និងគោលការណ៍អន្តរជាតិ និង អរិយធម៌មនុស្សជាតិ ហើយសហគមន៍អន្តរជាតិ ត្រូវប្រកាន់ខ្ជាប់ នូវការអភិវឌ្ឍវិស័យ AI ប្រកបដោយសន្តិសុខ ដើម្បីបង្កើនការគ្រប់គ្រងលើវិស័យនេះ ដែលកាន់តែរីកចម្រើន ធ្វើយ៉ាងណា ត្រូវបង្កើនទំនុកចិត្ត ស្របតាមគោលការណ៍ស្តង់ដាបច្ចេកវិទ្យា និងមានប្រយោជន៍ស្នូលនៃគុណតម្លៃ សម្រាប់មនុស្សជាតិ ក្នុងនោះ អភិវឌ្ឍន៍ AI ដោយយុត្តិធម៌ សមធម៌ នៅទូទាំងពិភពលោក។

កញ្ញា វង្ស ណាត និស្សិតឆ្នាំទី២ ដែលបានចូលរួមបានប្រាប់ថា បញ្ញាសិប្បនិម្មិតកំពុងវិវឌ្ឍន៍ខ្លួនយ៉ាងឆាប់រហ័ស ដែលទាមទារ ឲ្យយុវជន ត្រូវសម្របខ្លួន រួមមានទាំង ការទាញប្រយោជន៍ លើការសិក្សារៀនសូត្រ តាមរយៈការប្រើប្រាស់ AI នេះ៕

វិទ្យុមិត្តភាពកម្ពុជាចិន