(កណ្ដាល)៖ អភិបាលខេត្តកណ្ដាល លោក គួច ចំរើន បានណែនាំឲ្យសមត្ថកិច្ចជំនាញត្រូវចុះស្រង់ស្ថិតិទីតាំងបញ្ចាំឡើងវិញទាំងអស់ក្នុងភូមិសាស្ដ្រខេត្តកណ្ដាល ដើម្បីរកទីតាំងណាខ្លះដែលមានច្បាប់អនុញ្ញាត និងឈានទៅចាត់វិធានការច្បាប់ចំពោះកន្លែងណា ដែលមិនមានច្បាប់អនុញ្ញាត ដើម្បីបិទចោលតែម្ដង។
ការណែនាំរបស់លោកអភិបាលខេត្ត ក្នុងឱកាសដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋាន ពាក់ព័ន្ធវិស័យអចលនវត្ថុ បញ្ចាំ និងប្រាតិភោគដោយអនុប្បទាន ជូនដល់អាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ និងម្ចាស់អាជីវកម្មអចលនៈវត្ថុ និងបញ្ចាំជាង២០០នាក់ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ ដែលមានការចូលរួមពី លោក ជូ វណ្ណៈ អគ្គនាយក នៃនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំផងដែរ។
លោក គួច ចំរើន បានបញ្ជាក់ថា ការមកធ្វើច្បាប់ប្រកបអាជីវកម្មអចលនវត្ថុ និងបញ្ចាំ គឺពិតជាមានសារៈសំខាន់ណាស់ សម្រាប់ម្ចាស់អាជីវកម្មទាំងអស់ ព្រោះដើម្បីការពារទាំងម្ចាស់អាជីវកម្មខ្លួនឯងផ្ទាល់ ក៏ដូចជាអតិថិជន ចៀសវាងជួបបញ្ហាប្រឈមនានានៅពេលអនាគត។ លោកណែនាំអាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ ត្រូវផ្សព្វផ្សាយ និងជំរុញបន្ថែមដល់ម្ចាស់អាជីវកម្មក្នុងមូលដ្ឋានខ្លួនឲ្យចូលរួមក្នុងការអនុវត្តច្បាប់ និងជួយសម្របសម្រួល ឲ្យពួកគាត់ទៅសុំច្បាប់អាជីវកម្ម នៅកន្លែងដែលពួកគាត់ត្រូវទៅ ប្រកបដោយភាពងាយស្រួល និងឆាប់រហ័ស។
លោកបានជំរុញមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ត្រូវខិតខំចុះស្រង់ស្ថិតិចំនួនម្ចាស់អាជីវកម្មអចលនវត្ថុ និងបញ្ចាំទូទាំងខេត្ត ជាពិសេសត្រូវកំណត់ចំនួនឲ្យច្បាស់លាស់ រវាងម្ចាស់អាជីវកម្មមានច្បាប់ និងអត់ច្បាប់ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង ចំពោះម្ចាស់អាជីវកម្មណាដែលគ្មានច្បាប់ ត្រូវណែនាំឲ្យមកធ្វើច្បាប់ ករណីនៅតែមិនព្រមមកធ្វើច្បាប់ទៀត ត្រូវចាត់វិធានការតាមច្បាប់ដោយគ្មានការយោគយល់ ឬបិទអាជីវកម្មតែម្ដង។
អភិបាលខេត្តអះអាងថា ការធ្វើបែបនេះដើម្បីឲ្យមានភាពយុត្តិធម៌ចំពោះអ្នកដែលចូលរួមអនុវត្តច្បាប់នេះ គឺជាការរួមគ្នាបញ្ឈប់មិនឲ្យម្ចាស់ជីវកម្មណាមួយ ដែលគ្មានច្បាប់អនុញ្ញាត អាចប្រកបអាជីវកម្មរបស់ខ្លួនដោយសុខស្រួល នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាលបានតទៅទៀតឡើយ។
លោក ជូ វណ្ណៈ បានបញ្ជាក់ថា ដោយសង្កេតឃើញថា មានអ្នកអភិវឌ្ឍន៍អចលនវត្ថុមួយចំនួន បាននិងកំពុងប្រកបអាជីវកម្ម ដោយគ្មានអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតត្រឹមត្រូវដែលធ្វើឲ្យពលរដ្ឋលែងមានជំនឿទុកចិត្ត និងប៉ះពាល់ដល់វិស័យអចលនវត្ថុ។ ដូច្នេះទើបរាជរដ្ឋាភិបាល បានដាក់ចេញនូវអនុក្រឹត្យលេខ៥០ អនក្រ.បក ចុះថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ ស្តីពីការគ្រប់គ្រង អាជីវកម្មអភិវឌ្ឍអចលនវត្ថុ។
ក្នុងនោះអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ក៏ដាក់ចេញនូវប្រកាសលេខ ០៤៧ អសហ.ប្រក ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ស្តីពីវិធាន និងនីតិវិធី នៃការផ្តល់អាជ្ញាបណ្ណ និងលិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុ។
លោកបន្តថា យោងតាមខ្លឹមសារនៃប្រកាសរបស់អាជ្ញាធរ សេវាហិរញ្ញវត្ថុមិនមែនធនាគារ ស្តីពីវិធាន និងនីតិវិធីនៃការផ្តល់អាជ្ញាបណ្ណ និងលិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ក្នុងប្រការ៦ ប្រការ៧ ប្រការ១៤ និងប្រការ១៥ ចែងថារាល់ការធ្វើអាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុ ក្នុងគោលបំណងសម្រាប់លក់ ឬជួលរយៈពេលវែង ត្រូវមានអាជ្ញាបណ្ណពីក្រសួង ឬលិខិតអនុញ្ញាតពីមន្ទីរជាមុន។
ទន្ទឹមនេះ ក្នុងគោលបំណងធានានូវប្រសិទ្ធភាព តម្លាភាព និងការត្រួតពិនិត្យអាជីវកម្ម បញ្ចាំ និងប្រាតិភោគដោយអនុប្បទាន ដើម្បីអភិវឌ្ឍវិស័យនេះប្រកបដោយចិរភាព រាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវអនុក្រឹត្យលេខ ១០៨ អនក្រ.បក ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ស្តីពីការ គ្រប់គ្រងអាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទានផងដែរ៕