(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យលោក ង្វៀន ហ៊ុយតាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលឯកឧត្តមបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។
ក្នុងឱកាសនៃជំនួប, លោកឯកអគ្គរដ្ឋទូត បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការសម្រេចបាននូវសមិទ្ធផលជាច្រើន របស់កម្ពុជានាពេលកន្លងមក ហើយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ របស់សម្ដេចបវរធិបតី កម្ពុជារក្សាបាននូវសុខសន្ដិភាព, ស្ថិរភាពនយោបាយ, សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ព្រមទាំងធានាបាននូវកំណើនសេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ជាមួយគ្នានោះ លោកឯកអគ្គរដ្ឋទូត ក៏បានអបអរសាទរ ចំពោះជោគជ័យរបស់កម្ពុជា ក្នុងការរៀបចំការបោះឆ្នោតជាសកល និងអសកល, ការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២, ការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ និងការធ្វើម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអន្តរជាតិសំខាន់ៗនាពេលថ្មីៗ ដូចជា កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ នៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (IDC-CDI), មហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយ នៅអាស៊ីលើកទី១២ (ICAPP 12), សម័យប្រជុំពេញអង្គនៃសភាអន្តរជាតិ សម្រាប់ការអត់ឱន និងសន្តិភាព លើកទី១១ (IPTP11) និងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ជាដើម ដែលធ្វើឱ្យកិត្យានុភាពរបស់កម្ពុជា កាន់តែលេចត្រដែតឡើងបន្ថែមទៀត នៅលើឆាកអន្តរជាតិ។
លោកឯកអគ្គរដ្ឋទូតក៏បានសម្ដែងនូវការអរគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់ការគាំទ្រ និងកិច្ចសហការដ៏ល្អ ក្នុងអាណត្តិបេសកកម្មការទូតរបស់លោក ដែលបានចូលរួមចំណែកពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរកាន់តែរឹងមាំ ក្នុងភាពជាអ្នកជិតខាងល្អ, មិត្តភាពជាប្រពៃណី, កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង។
ជាការឆ្លើយតប, សម្ដេចបវរធិបតីបានវាយតម្លៃខ្ពស់ ចំពោះការចូលរួមចំណែករបស់លោកឯកអគ្គរដ្ឋទូតក្នុងការជំរុញ និងពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជា និងវៀតណាម។
សម្ដេចបវរធិបតី បានសម្ដែងនូវការពេញចិត្ត ចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរ ហើយការរក្សាបាននូវការជួបប្រាស្រ័យទាក់ទង រវាងថ្នាក់ដឹកនាំ និងថ្នាក់ដឹកនាំ, រវាងប្រជាជន និងប្រជាជន នៅគ្រប់លំដាប់ថ្នាក់ និងគ្រប់កម្រិត នឹងចូលរួមចំណែកដល់ការបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ របស់ប្រទេសទាំងពីរបន្ថែមទៀត ។
សម្ដេចបវរធិបតី និងឯកអគ្គរដ្ឋទូតចប់អាណត្តិ ក៏បានវាយតម្លៃខ្ពស់ចំពោះការវិវឌ្ឍរីកចម្រើន នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យពាណិជ្ជកម្ម, វិនិយោគ, ការពារជាតិនិងសន្ដិសុខ, ទេសចរណ៍, អប់រំ, វប្បធម៌ និងការតភ្ជាប់រវាងប្រជាន និងប្រជាជន៕