(ភ្នំពេញ)៖ នៅចំពោះមុខថ្នាក់ដឹកនាំខេត្តយូណាន នៃសាធារណៈរដ្ឋប្រជាមានិតចិន និងតំណាងមកពីបណ្តាប្រទេសនានាក្នុងទ្វីបអាស៊ី និងទ្វីបអាហ្វ្រិក ប្រមាណ៣០០នាក់, លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអំពាវនាវឱ្យមានការសហការលើប្រព័ន្ធផ្សព្វផ្សាយកាន់តែទូលំទូលាយនៅក្នុងអំឡុងពេលនៃការថ្លែងសុន្ទរកថាគន្លឹះក្នុងវេទិកាស្តីពីប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិលើកទី៣ ដែលប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ នៅមណ្ឌលស្វយ័តស៊ីសន់ប៉ាណា ខេត្តយូណាន។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងពីតួនាទីដ៏សំខាន់នៃប្រព័ន្ធផ្សព្វផ្សាយក្នុងការជំរុញកិច្ចសហប្រតិបត្តិការឆ្លងព្រំដែន កំណើនសេដ្ឋកិច្ចសង្គម និងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។
ទន្ទឹមនេះ លោករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងភាពជាដៃគូរវាងកម្ពុជា និងប្រទេសចិន រួមមានគំនិតផ្តួចផ្តើម «ដំណើរទេសចរណ៍យូណាន-អង្គរ» និងភាពយន្តឯកសារដែលផលិតរួមគ្នា ដោយលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ និងទេសចរណ៍ជាដើម។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានបង្ហាញទៅដល់អ្នកចូលរួមទាំងអស់ពីការស្ទុះងើបឡើងវិញគួរឱ្យកត់សម្គាល់នៅក្នុងវិស័យទេសចរណ៍របស់កម្ពុជា ដោយទទួលបានភ្ញៀវទេសចរចំនួនជាង៥លាននាក់ ក្នុងឆ្នាំ២០២៤ និងបានកោតសរសើរចំពោះការរួមចំណែករបស់ប្រទេសចិន ក្នុងការអភិវឌ្ឍប្រទេសកម្ពុជាតាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ។
ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្ត្រីក៏បានជំរុញឱ្យមានកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយប្រកបដោយភាពច្នៃប្រឌិត ដោយសង្កត់ធ្ងន់លើតម្រូវការក្នុងការដោះស្រាយព័ត៌មានក្លែងក្លាយ និងលើកកម្ពស់វិស័យ «ការទូតព័ត៌មាន»ដើម្បីធានាបាននូវព័ត៌មានប្រកបដោយសុវត្ថិភាព និងត្រឹមត្រូវ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការជំរុញទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ សន្តិភាពក្នុងតំបន់ និងវិបុលភាព៕