(ព្រៃវែង)៖ ប្រជាពលរដ្ឋ រស់នៅក្នុងស្រុកកំចាយមារ ស្រុកកញ្ជ្រៀច និងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានឲ្យដឹងថា តម្លៃស្រូវឆ្នាំនេះ មានតម្លៃខ្ពស់គួរសមចាប់ពី ៩៧០រៀល ដល់១,១៥០រៀល ទៅតាមប្រភេទស្រូវ ក្នុងមួយគីឡូក្រាម មិនដូចការផ្សព្វផ្សាយតាមបណ្ដាញសង្គមថា ស្រូវឆ្នាំនេះមានតម្លៃត្រឹមតែ៨០០រៀលនោះទេ។

ប្រជាពលរដ្ឋ បានបញ្ជាក់ថា តម្លៃស្រូវចាប់ពី៩០០រៀល ទៅជាង១,០០០រៀល ក្នុងមួយគីឡូក្រាម ដែលតម្លៃនេះ គឺជាតម្លៃដែលប្រជាពលរដ្ឋ អាចទទួលយកបាន ហើយក៏មិនដូចទៅ នឹងការផ្សព្វផ្សាយប្រពន្ធ័សង្គម tiktok និងផេក ដែលមានឈ្មោះថា ពូភី សម្តែង-pu phy ដែលបានលើកឡើងថា ស្រូវនៅសល់តម្លៃ ត្រឹមតែមួយគីឡូក្រាម៨០០រៀលតែប៉ុណ្ណោះ។

ពលរដ្ឋថា ការលើកឡើងបែបនេះ ហាក់បីដូចជា មានចេតនាមួយ បង្កឲ្យមានការភាន់ច្រឡំ។ សូមបញ្ជាក់ថា ដើម្បីបង្ហាញជាសក្ខីភាពជាក់ស្តែង អាជ្ញារធរស្រុកកំចាយមារ បានអញ្ជើញ ពូ ភី សម្តែង ចូលរួមស្តាប់ ការលើកឡើងរបស់ប្រជាពលរដ្ឋ ដែលកំពុងប្រមូលផលស្រូវរបស់គាត់ផ្ទាល់ និងស្តាប់ការលើកឡើងជាក់ស្តែង អំពីតម្លៃស្រូវនៅកន្លែងច្រូតផងដែរ៕