(វ៉ាស៉ីនតោន)៖ ក្រសួងយុត្តិធម៌អាមេរិក បានឱ្យដឹងថា របាយការណ៍ចោទប្រកាន់ផ្លូវការរបស់ខ្លួន នៅថ្ងៃចន្ទសប្តាហ៍នេះ បានដាក់បន្ទុកលើអតីតមន្រ្តីជាន់ខ្ពស់ស៉ីរីពីររូប នៃរបបលោកប្រធានាធិបតីបតី Bashar al-Assad ពីបទឧក្រិដ្ឋកម្មសង្រ្គាម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ ២០២៤។

របាយការណ៍ខាងលើ ចោទប្រកាន់ថាអតីតមន្ត្រីចារកម្មស៉ីរី បានសមគំនិតក្នុងការប្រព្រឹត្តអំពើឃោរឃៅ និងអមនុស្សធម៌ លើអ្នកជាប់ឃុំជាជនស៉ីវិល រួមមានទាំងពលរដ្ឋអាមេរិក អំឡុងពេលនៃសង្រ្គាមស៉ីវិល នៅស៉ីរី។ ក្រុមរដ្ឋអាជ្ញាកំណត់អត្តសញ្ញាណ លើអតីតមន្រ្តីចារកម្មនៃកងទ័ពអាកាសស៉ីរី លោក Jamil Hassan អាយុ ៧២ឆ្នាំ និងលោក Abdul Salam Mahmoud អាយុ ៦៥ឆ្នាំ។

ក្រសួងយុត្តិធម៌អាមេរិក បានឱ្យដឹងទៀតថា ការប្រព្រឹត្តអំពើឃោរឃៅ និងអមនុស្សធម៌លើអ្នកជាប់ឃុំ ធ្វើឡើងនៅក្នុងបន្ទប់ឃុំឃាំង នៃពន្ធនាគារយោធា Mezzeh ក្បែរទីក្រុងដាម៉ាស។ ដីកាចាប់ខ្លួនមន្រ្តីសង្ស័យទាំងពីរ បានចេញមកហើយ។ យ៉ាងនេះក្តី អតីតមន្រ្តីទាំងពីរនៅមិនទាន់ឆ្លើយតប ចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ៕