(ភ្នំពេញ)៖ លោក អ៊ូអិណុ អាត់ស៊ូស៊ី (Ueno Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា សង្ឃឹមថា ឧបករណ៍បុរាណដែលបានផ្តល់ជូនកម្ពុជានាពេលនេះ នឹងត្រូវបានប្រើមិនត្រឹមតែសម្រាប់ការសិក្សាប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងត្រូវបានយកទៅប្រគំនៅក្នុងកម្មវិធីបុរាណ និងកម្មវិធីធំៗនាពេល អនាគតផងដែរ។ លោកក៏សង្ឃឹមថា ឧបករណ៍ ទាំងនេះនឹងចូលរួមចំណែកក្នុងការអភិរក្សវប្បធម៌បុរាណរបស់កម្ពុជា ដែលនឹងផ្តល់ឱ្យយើងនូវជីវិតកាន់តែស្រស់បំព្រង។
លោកឯកអគ្គរាជទូត បានលើកឡើងបែបនេះនៅក្នុងពិធីប្រគល់ទទួលសម្រាប់ «គម្រោងកែលម្អឧបករណ៍តន្ត្រីបុរាណ» នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ នៅសាលាមធ្យមវិចិត្រសិល្បៈក្នុងរាជធានីភ្នំពេញ។ ពិធីនេះក៏មានការចូលរួមពី លោក ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកបណ្ឌិត គឹម ពីនន់ អនុរដ្ឋលេខាធិការ ទទួលបន្ទុកក្នុងការជួយលោកស្រីបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីលើការងារសាលាមធ្យមវិចិត្រសិល្បៈ និងលោក ហេង កំសាន្ត នាយកសាលាមធ្យមវិចិត្រសិល្បៈ។
ជាមួយគ្នានេះ លោកឯកអគ្គរាជទូត បានមានប្រសាសន៍ថា៖ «មុនពេលឧបករណ៍ថ្មីមកដល់ ចំនួនឧបករណ៍ដែលសិស្សានុសិស្សអាចប្រើប្រាស់បានមាន កម្រិតជាខ្លាំង។ ជាក់ស្តែង ឧបករណ៍មួយចំនួន គឺមានតែមួយប៉ុណ្ណោះ។ មានន័យថា ប្រសិនបើ ឧបករណ៍ត្រូវជួសជុល ឬប្រើប្រាស់សម្រាប់កម្មវិធីខាងក្រៅ សិស្សានុសិស្សមួយចំនួនមិនអាចធ្វើការ ហ្វឹកហាត់បាននោះទេ។ កង្វះខាតនៃឱកាសក្នុងការហ្វឹកហាត់នេះហើយ ដែលជំរុញឱ្យមានការកើន ឡើងនៃចំនួនសិស្សានុសិស្សដែលបោះបង់ការសិក្សា។ »
លោកឯកអគ្គរាជទូត បានបន្តថា៖ «ឥឡូវនេះ ដោយឧបករណ៍តន្ត្រីបុរាណកាន់តែច្រើន ត្រូវបានផ្តល់ជូន ខ្ញុំរំពឹងថា សិស្សានុសិស្ស នៅសាលាមធ្យមវិចិត្រសិល្បៈនឹងអាចហ្វឹកហាត់បានញឹកញាប់ជាងមុខ ដើម្បីពង្រឹងជំនាញ បច្ចេកទេសរបស់ពួកគេ។ ខ្ញុំសង្ឃឹមថា ឧបករណ៍ដែលបានផ្តល់ជូននឹងត្រូវបានប្រើមិនត្រឹមតែសម្រាប់ ការសិក្សាប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងត្រូវបានយកទៅប្រគំនៅក្នុងកម្មវិធីបុរាណ និងកម្មវិធីធំៗនាពេល អនាគតផងដែរ។ បន្ថែមពីនេះ ខ្ញុំសង្ឃឹមថា ឧបករណ៍ទាំងនេះនឹងចូលរួមចំណែកក្នុងការអភិរក្សវប្ប ធម៌បុរាណរបស់កម្ពុជា ដែលនឹងផ្តល់ឲ្យយើងនូវជីវិតកាន់តែស្រស់បំព្រង។»
ទន្ទឹមនេះ លោក អ៊ូអិណុ អាត់ស៊ូស៊ី ជឿជាក់ថា ដូចគ្នានឹងសម្ភារៈបរិក្ខារផ្សេងទៀតដែលផ្តល់ជូនតាមរយៈជំនួយឥតសំណងគូសាណូជា ឧបករណ៍ថ្មីទាំងនេះនឹងត្រូវបានថែទាំ និងប្រើប្រាស់បានយ៉ាងល្អសម្រាប់រយៈពេលយូរអ ង្វែង។ លោកសង្ឃឹមថា តន្ត្រីដែលប្រគំដោយឧបករណ៏ទាំងនេះអាចរំឭកអ្នករាល់គ្នាអំពីមិត្តភាពរវាង ប្រទេសជប៉ុន និងកម្ពុជា។
ឧបករណ៍តន្ត្រីបុរាណទាំងនេះជាការឧបត្ថម្ភពីប្រជាជន និងរដ្ឋាភិបាលជប៉ុន ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចវប្បធម៌។ ចាប់តាំងពីឆ្នាំ១៩៩១ បន្ថែមពីលើ កម្ចីខ្នាតធំ និងគម្រោងជំនួយឥតសំណងផ្សេងៗ រដ្ឋាភិបាលជប៉ុនបាននិងកំពុងអនុវត្តគម្រោងគូសាណូជានៅទូទាំងប្រទេសកម្ពុជា ដើម្បីជួយដោយផ្ទាល់ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលនានា ដែលកំពុងអនុវត្តគម្រោងរបស់ពួកគេ។
សូមជម្រាបជូនថា គូសាណូជា មានន័យថា ឫសស្មៅ ក្នុងភាសាជប៉ុន។ នៅក្នុងរយៈពេលជាង៣៤ឆ្នាំចុង ក្រោយនេះ ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានចូលរួមចំណែកក្នុងគម្រោងប្រមាណ៧០០ តាមរយៈជំនួយឥតសំណងគូសាណូណ៌។ ក្នុងនោះ គម្រោងចំនួន១០ ដែលរួមទាំងកម្រោងមួយនេះដែរ បាន ដោះស្រាយបញ្ហាប្រឈមក្នុងវិស័យវប្បធម៌ និងកីឡា។ ទាក់ទងនឹងគម្រោងនេះ ដោយបានទទួលសំណើពីសាលាមធ្យមវិចិត្រសិល្បៈ រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាចំនួន ៣៨,៧៥០ ដុល្លារអាមេរិក សម្រាប់ការផ្តល់ជូនឧបករណ៍តន្ត្រីបុរាណសម្រាប់សិស្សានុសិស្សនៅសាលាមធ្យមវិចិត្រ សិល្បៈប្រើប្រាស់៕