(ភ្នំពេញ)៖ ក្រោមការណែនាំពីលោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយកកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្មសាខាកាំក្រុងត្រូលនៅទូទាំងប្រទេស បាននិង កំពុងបន្តយុទ្ធនាការ ចុះត្រួតពិនិត្យមើលទំនិញ ដែលដាក់តាំងលក់តាមទីផ្សារ ដើម្បីចូលរួម ចំណែក លើការការពារ សុវត្ថិភាពចំណីអាហារ ដល់ប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦នេះ មន្ត្រីសាខាកាំកុងត្រូល កំពង់ផែអន្តរជាតិភ្នំពេញ សហការជាមួយមន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី បានបន្តចុះពិនិត្យ ផ្សព្វផ្សាយ អំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារ តាមផ្ទះ ម៉ាត នៅផ្សារច្បារអំពៅ និងផ្សារព្រែកឯង ស្ថិតក្នុងខណ្ឌច្បារអំពៅ។
មន្រ្តីសាខាកាំកុងត្រូល កំពង់ផែអន្តរជាតិភ្នំពេញ បានឲ្យដឹងថា នៅក្នុងការចុះពិនិត្យរកទំនិញខូចគុណភាព នៅក្នុងផ្សារច្បារអំពៅ និងផ្សារព្រែកឯងខាងលើ ក្រុមការងារចុះត្រួតពិនិត្យទៅលើ ផលិតផល វេចខ្ចប់ ជាគ្រឿងឧបភោគបរិភោគ ដែលបាននឹងកំពុងដាក់តាំងលក់នៅតាមបណ្តាផ្ទះ ក្នុងមីនីម៉ាត ដោយបានធ្វើតេស្តបឋម (Test Kit) ទៅលើម្ហូបអាហារមួយចំនួន រួមមាន បង្គារ មឹក គុយទាវ សណ្តែកបណ្តុះ សរសៃមីលឿង ស្ពៃជ្រក់ នំបញ្ចុក ជាដើមតែ លទ្ធផលនៃការធ្វើតេស្តបឋម គឺទទួលបានលទ្ធផលល្អ ដោយពុំបានរកឃើញវត្តមានសារធាតុគីមីហាមឃាត់ដូចជា Borax, Salicylic Acid និងម្សៅស Sodium Hydrosulfite ឡើយ។
ជាមួយគ្នានោះដែរ មន្ដ្រីកាំកុងត្រូល បានបិទផ្សាយនូវ រូបភាព Poster និងផ្សព្វផ្សាយ ដល់អាជីវករអ្នកលក់ដូរ អ្នកប្រើប្រាស់ ឲ្យបានយល់ ដឹងអំពីផលវិបាកដែល បណ្តាលមកពីការ បរិភោគអាហារហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ ។
ក្នុងនោះដែរ មន្រ្តីសាខាកាំកុងត្រូល កំពង់ផែអន្តរជាតិភ្នំពេញ ក៏បានកោតសរសើរ ដល់អាជីវករច្បារអំពៅ និងផ្សារព្រែកឯង ដែលបានយល់ដឹងខ្ពស់ លើគុណភាព សុវត្ថិភាពម្ហូបអាហារ ដែលមានគុណភាព មិនប៉ះពាល់ដល់ សុខមាលភាព អ្នកប្រើប្រាស់ ហើយលោក ក៏បានអំពាវនាវ ដល់អាជីវករ អ្នកលក់ដូរទាំងអស់ ឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ គឺលក់ដូរ និងចែកចាយតែទំនិញរបស់ខ្លួន៕