(ពោធិ៍សាត់)៖ ក្រសួងមហាផ្ទៃ សហការជាមួយរដ្ឋបាលខេត្តពោធិ៍សាត់ បានប្រកាសសមាសភាពក្រុមការងារ ចំនួន៨រូប ដែលមានលោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អនុប្រធានទទួលបន្ទុកខេត្តពោធិ៍សាត់ និងផ្សព្វផ្សាយផែនការលេខ០០៣ផក របស់ក្រសួងមហាផ្ទៃ ស្តីពីការចុះត្រួតពិនិត្យវត្តមានស្នាក់នៅរបស់ជនបរទេស ក្នុងខេត្តពោធិ៍សាត់ ជូនដល់ជូនដល់អាជ្ញាធរខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ ស្នងការនគរបាលខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កងរាជអាវុធហត្ថខេត្ត អធិការនគរបាលស្រុក ក្រុង មន្ត្រីនគរបាលប៉ុស្តិ៍ និងអ្នកពាក់ព័ន្ធជាច្រើន។
ពិធីនេះត្រូវបានធ្វើឡើង នាថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក កែម សារិន អគ្គនាយករង នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ប្រធានទទួលដឹកនាំរួម និងលោក ពៅ ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានក្រុមការងារ។
លោកឧត្តមសេនីយ៍ឯក កែម សារិន អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បានថ្លែងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ឃើញថាប្រទេសជាតិមានសន្តិភាព ស្ថិរភាពនយោបាយសង្គមល្អប្រសើរ និងបាននាំមកនូវកំណើនជនបរទេសជាអ្នកវិនិយោគធុរជន ទេសចរជាច្រើន ប៉ុន្តែទោះជាយ៉ាងនេះ ពិនិត្យឃើញមានជនបរទេសមួយចំនួន ចូលមកស្នាក់នៅប្រកបមុខរបរ និងធ្វើការងារខុសច្បាប់ ស្តីពីអន្តោប្រវេសន៍ និងច្បាប់ស្តីពីការងារ ព្រមទាំងប្រព្រឹត្តសកម្មភាពល្មើសច្បាប់ផងដែរ។
កន្លងមកក្រសួងមហាផ្ទៃបានចេញសេចក្តីណែនាំលេខ០២៨សណន ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ ស្តីពីការគ្រប់គ្រងវត្តមានជនបរទេស ក្នុងព្រះរាជាណាចក្រកម្ពុជា សំដៅពង្រឹងយន្តការ និងប្រសិទ្ធិភាព នៃការអនុវត្តច្បាប់ ស្តីពីអន្តោប្រវេសន៍ និងលិខិតបទដ្ឋានគតិយុត្ត ឱ្យមានប្រសិទ្ធិភាព និងទទួលបានជោគជ័យ។ ក្នុងន័យនេះ ដើម្បីធានារក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ និងជនបរទេស ដែលមកស្នាក់នៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធិភាព និងសក្តិសិទ្ធិភាព ក្រសួងបានដាក់ចេញនូវផែនការក្នុងគោលបំណងលើកកម្ពស់ ប្រសិទ្ធិភាពការអនុវត្តច្បាប់អន្តោប្រវេសន៍ និងច្បាប់ការងារ។ រៀបចំវិធានការសរុប កម្លាំងសរុប និងមធ្យោបាយសរុប ក្នុងការគាំទ្រដល់ស្នងការនគរបាលរាជធានីខេត្ត និងធ្វើបច្ចុប្បន្នភាពជនបរទេសអន្តោប្រវេសន្ត ឱ្យមានប្រសិទ្ធិភាព។ បង្កលក្ខណៈឱ្យប្រជាពលរដ្ឋព្រមទាំងភ្ញៀវទេសចរ និងអ្នកវិនិយោគជាតិ អន្តរជាតិ ឱ្យមកទស្សនា ប្រកបមុខរបររកស៊ី និងមានទំនុកចិត្តកាន់តេខ្លាំងឡើង។
លោកឧត្តមសេនីយ៍ឯក កែម សារិន បានសំណូមពរដល់អាជ្ញាធរខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ និងមន្ត្រីសមត្ថកិច្ចគ្រប់ផ្នែក គ្រប់ថ្នាក់ត្រូវរកឱ្យឃើញជនបរទេសលែលលួចជ្រៀតចូលខុសច្បាប់ និងស្នាក់នៅហួសសុពលភាព នៃទិដ្ឋាការ ត្រូវមានវិធានការយ៉ាងម៉ឺងម៉ាត់តាមច្បាប់។ ចំពោះម្ចាស់ ឬអ្នកគ្រប់គ្រង កាន់កាប់លំនៅឋាន រួមទាំងជនបរទេស គប្បីយល់ដឹងអំពីច្បាប់និងមានស្មារតីចូលរួមអនុវត្តឱ្យបានគ្រប់ៗគ្នា។ ចំពោះវិធានការអនុវត្ត ត្រូវដំឡើងបញ្ជីគោលដៅ ដែលមានជនបរទេសស្នាក់នៅ ដើម្បីកំណត់ទីតាំង ការត្រួតពិនិត្យទៅតាមដំណាក់កាលនីមួយៗ អំពីលិខិតឆ្លងដែន ទិដ្ឋាការ ការអនុញ្ញាតបន្តស្នាក់នៅបណ្តោះអាសន្ន បណ្ណការងារ និងការចុះវត្តមានរបស់ជនបរទេស ក្នុងប្រព័ន្ធគ្រប់គ្រង FPCS។ អនុវត្តវិធានការច្បាប់ឬពិន័យអន្តការណ៍ជាប្រាក់ ចំពោះជនបរទេសអន្តោប្រវេសន្ត ឬជនបរទេសមិនមែនអន្តោប្រវេសន្ត ដែលត្រូវបានរកឃើញថាល្មើសនឹងច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធផ្សេងៗទៀត។
ជាមួយគ្នានោះ ត្រូវធ្វើការអប់រំ ណែនាំ ឬពិន័យចំពោះម្ចាស់ឬអ្នកកាន់កាប់លំនៅឋាន ដែលមិនបានរាយការណ៍ ពីវត្តមានជនបរទេសក្នុងលំនៅឋានរបស់ខ្លួន ស្របតាមមាត្រា១៨ នៃច្បាប់អន្តោប្រវេសន៍ និងប្រកាសអន្តរក្រសួង លេខ១៧៥០ប្រក ចុះថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២។ ផែនការនេះត្រូវចាប់អនុវត្តជំហានដំបូងនៅរាជធានីភ្នំពេញ និងបន្តអនុវត្តនៅតាមបណ្តាខេត្ត ជាបន្តបន្ទាប់ នៅទូទាំងប្រទេស ជាក់ស្តែងដូចជាខេត្តពោធិ៍សាត់ គឺគោលដៅចម្បងគឺឃុំថ្មដា ព្រំដែនកម្ពុជា-ថៃ។
លោកបានបញ្ជាក់បន្ថែមថា ចំពោះខេត្តពោធិ៍សាត់ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្កល អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ រួមនឹងសហការី រៀបចំការផ្សព្វផ្សាយខ្លឹមសារ ផែនការដល់អាជ្ញាធរគ្រប់ថ្នាក់គ្រប់ផ្នែក និងធ្វើកំណត់ហេតុ ស្តីពីលទ្ធផលករណីត្រួតពិនិត្យនីមួយៗ ជូនគណៈបញ្ជាការដឹកនាំរួម ដកពិសោធន៍ និងកំណត់ទិសដៅអនុវត្តបន្ត៕,