(កំពង់ធំ)៖ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ លោក សោម ស៊ុន អនុប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្ដាន់ដឹកនាំបើកវេទិកាសាធារណៈ ដើម្បីដោះស្រាយបញ្ហាកង្វល់ បញ្ហាប្រឈមនានា និងសំណូមពររបស់ប្រជាពលរដ្ឋ ដែលពិធីនេះប្រព្រឹត្តទៅនៅវត្តស្រែវាលខាងកើត ឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

លោកបានបញ្ជាក់ថា យោងតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលលេខ០៤/សណន ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្តីពីតួនាទីភារកិច្ច និងរបៀបរបបការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន និងការដឹកនាំណែនាំរបស់លោកម៉ៅ សុផាន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្ដាន់ ខេត្តកំពង់ធំ ក្នុងការជំរុញការរៀបចំវេទិកាសាធារណៈ ដើម្បីដោះស្រាយបញ្ហាកង្វល់ ព្រមទាំងបញ្ហាប្រឈមនានា និងសំណូមពរជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានឲ្យទាន់ពេលវេលា ស្របតាមគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងស្វាហាប់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

តំណាងឲ្យបងប្អូនប្រជាពលរដ្ឋនៅតាមភូមិនីមូយៗ បានឡើងថ្លែងនូវក្តីកង្វល់ បញ្ហាប្រឈម និងលើកឡើងនូវសំណូមពរ មួយចំនួនមានដូចជា៖

*ទី១៖ ស្នើសុំជួសជុលផ្លូវក្រាលគ្រួសក្រហម ដែលមានប្រវែង ២១,២៥០ម៉ែត្រ ដែលតភ្ជាប់ពីឃុំដងកាំបិត ទៅទីរួមស្រុកសណ្ដាន់ ដែលមានការខូចយ៉ាងខ្លាំង ពិបាកក្នុងការធ្វើដំណើរពិសេសនៅក្នុងរដូវវស្សា។
*ទី២៖ ការគ្រប់គ្រងបរិស្ថាន និងការស្នើសុំប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ តាមក្រុមគ្រួសារ ឲ្យបានឆាប់រហ័ស និងបញ្ហាការគ្រប់គ្រងដីធី្លក្នុងតំបន់ព្រៃសហគមន៍។
*ទី៣៖ សំណូមពរពង្រឹងនូវការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពឲ្យបានល្អ ដើម្បីសេចក្តីសុខ និងសុភមង្គលរបស់ប្រជាជនយើង។

មន្ត្រីជំនាញពាក់ព័ន្ធនីមួយៗបានឡើងធ្វើការបកស្រាយ និងពន្យល់បងប្អូនប្រជាពលរដ្ឋ ក្នុងអង្គពិធីទាំងមូលយ៉ាងក្បោះក្បាយ ច្បាស់លាស់ ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងស្របតាមច្បាប់ បានធ្វើឲ្យប្រជាពលរដ្ឋ បានយល់ជ្រួត ជ្រាប។ ចំពោះចំណុចដែលនៅសេសសល់ ក្រុមការងារនឹងរៀបចំរបាយការណ៍រាយការណ៍ស្នើសុំទៅថ្នាក់ខេត្ត និងថ្នាក់ជាតិ ដើម្បីដោះស្រាយជូនបងប្អូន។

លោក សោម ស៊ុន ក្នុងនាមប្រធានក្រុមការងារចុះមូលដ្ឋានឃុំដងកាំបិត បានបូកសរុប និងបានថ្លែងអំណរគុណដល់មន្ត្រីជំនាញពាក់ព័ន្ធ គ្រប់ស្ថាប័ន និងអាជ្ញាដែនដី ដែលបានធ្វើការបកស្រាយពន្យល់ និងថ្លែងអំណរគុណ ប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមផ្តល់ជាសំណួរយោបល់ និងសំណូមពរដល់អង្គពិធី ប្រកបដោយមនោសញ្ចេតនាសប្បាយរីករាយ កក់ក្ដៅ និងការទទួលខុសត្រូវខ្ពស់៕