(ព្រះសីហនុ)៖ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ បានចុះពិនិត្យដំណើរការសងសង់ ក្លោងទ្វារ, រោងចំណតម៉ូតូ និងអ្នករងចាំ, ទីធ្លាគោរពទង់ជាតិ, បណ្តាញលូបង្ហូរទឹកភ្លៀង, បន្ទប់ទឹក, និងជំរាលកាំជណ្តើរសម្រាប់អង្គុយលែង នៅសាលាបឋមសិក្សាព្រៃនប់ ដែលស្ថិតនៅក្នុងភូមិព្រៃនប់៣ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
លោក ម៉ាង ស៊ីណេត បានណែនាំឲ្យក្រុមវិស្វ័ករជំនាញ និងក្រុមជាងសាងសង់គម្រោងទាំងអស់នេះឲ្យបានលឿនរហ័យ ត្រឹមត្រូវស្តង់ដារតាមបច្ចេកទេស ដើម្បីធានាបាននូវគុណភាពល្អ ចៀសវាងមានការ ខុសឆ្គងធ្វើឲ្យខាតពេល វេលា និងថវិកាសាងសង់។
អភិបាលខេត្ត បានណែនាំបន្ថែមដល់លោកនាយកសាលា លោកគ្រូ អ្នកគ្រូឲ្យយកចិត្តដាក់លើផ្នែកអនាម័យ សោភ័ណភាព បរិស្ថាន ក្នុងទីធ្លាសាលារៀនឲ្យមានរបៀបរៀបរយ ក្លាយទៅជាសាលាគំរូ និងពង្រឹងវិន័យឲ្យបានម៉ឺងម៉ាត់ ដល់សិស្សគ្រប់រូប។
សាលាបឋមសិក្សាព្រៃនប់ បច្ចុប្បន្ន មានអគារមតិយ្យចំនួន ១ខ្នង ៧បន្ទប់, អគារបឋមសិក្សា១ខ្នង ៣០បន្ទប់, ទីចាត់ការ១ខ្នង និងបណ្ណាល័យ១ខ្នង៕