(ភ្នំពេញ)៖ លោក រិន វីរៈ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងជារដ្ឋលេខាធិការក្រសួងផែនការ នៅទីស្តីការក្រសួងផែនការ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជាគណ:អធិបតី ក្នុងពិធីបិទសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍បឋមអង្កេតចន្លោះជំរឿនប្រជាជន នៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៤។
ក្នុងឱកាសនោះ លោកបានថ្លែងថា អង្កេតចន្លោះជំរឿនប្រជាជនឆ្នាំ២០២៤នេះ គឺជាអង្កេតលើកទីបី ឆ្នាំ២០២៤ បន្ទាប់ពីអង្កេតចន្លោះជំរឿនលើកទី១ នៅឆ្នាំ២០០៤ និង អង្កេតចន្លោះជំរឿនលើកទី២ នៅឆ្នាំ២០១៣ ដែលជាស៊េរីទិន្នន័យមួយដែលបានធ្វើបច្ចុប្បន្នកម្ម ទិន្នន័យ និងព័ត៌មានផ្នែកប្រជាសាស្ត្រ រួមមាន៖ ទំហំប្រជាជន កំណើនប្រជាជន និងការបែងចែក ប្រជាជនតាមតំបន់ សមាសភាពភេទ ការបែងចែកអាយុ និងស្ថានភាពអាពាហ៍ពិពាហ៍ អក្ខរភាពនិងការអប់រំ កម្លាំងពលកម្ម និងការងារ ទេសន្តប្រវេសន៍ លទ្ធភាពបង្កើតកូន មរណភាព ពិការ ភាព និងលំនៅដ្ឋាន ចរិកលក្ខណៈគ្រួសារ និងសម្ភារៈប្រើប្រាស់ក្នុងគ្រួសារ។ ទិន្នន័យទាំងនេះ មានតម្រូវការជាចាំបាច់សម្រាប់ប្រើប្រាស់ក្នុងការរៀបចំគោលនយោបាយ កម្មវិធី ផែនការ និងគម្រោងនានា ក៏ដូចជាទិន្នន័យស្ថិតិសម្រាប់អាស៊ាន និងអន្តរជាតិ។
លោកបានបន្តថា លទ្ធផលបឋមនៃអង្កេតចន្លោះជំរឿនឆ្នាំ០២៤នេះ ទាក់ទងទៅនឹងទំហំប្រជាជន និងការបែងចែក ប្រជាជន គឺ៖
* ទី១) ទំហំប្រជាជន៖ ផ្តោតលើចំនួនគ្រួសារសរុប, ចំនួនសមាជិកជាមធ្យម ចំនួន ប្រជាជនសរុប, ភាគរយនៃចំនួនស្ត្រី, ភាគរយកំណើនប្រជាជនមធ្យមប្រចាំឆ្នាំ, អត្រាលទ្ធភាពបង្កើតកូនរបស់ស្ត្រីអាយុ ១៥-៤៩ ឆ្នាំ, អត្រាកំណើតដុល, ភាគរយ ផលធៀបអាយុក្នុងបន្ទុក, អាយុសង្ឃឹមរស់ទាំងពីរភេទ, បុរស និងស្ត្រី
* ទី២) ការបែងចែកប្រជាជន៖ ផ្តោតលើកម្រិតថ្នាក់ជាតិ ទីប្រជុំជន ជនបទ តំបន់ ទំនាបកណ្តាល តំបន់ទន្លេសាប តំបន់ឆ្នេរ និងសមុទ្រ តំបន់ខ្ពង់រាប និងភ្នំ និងប ណ្តារាជធានី ខេត្ត។
ជាមួយគ្នានេះ លោកបានជម្រាបជូនថា លទ្ធផលពីសិក្ខាសាលាផ្សព្វផ្សាយនាពេលនេះ គឺជាធាតុចូលមួយសំខាន់សម្រាប់វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ រៀបចំនូវរបាយការណ៏លទ្ធផលចុងក្រោយជាផ្លូវការ ប្រកបដោយភាពត្រឹមត្រូវអាចជឿទុកចិត្តបាន និងពោពេញទៅដោយគុណប្រយោជន៍ ជូនដល់អ្នកប្រើប្រាស់ទាំងនៅក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ គ្រឹះស្ថានសិក្សាស្រាវជ្រាវ និងសាធារណជន។
នៅទីបញ្ចប់ លោកក៏បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានគាំទ្រដល់ដំណើរការអង្កេតចន្លោះជំរឿននេះ ហើយក៏បានថ្លែងអំណរគុណចំពោះ លោកអគ្គបណ្ឌតិសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ដំណើរការអង្កេតចន្លោះជំរឿននេះ និងបានអរគុណដល់ដៃគូអភិវឌ្ឍន៍ រួមមាន UNFPA និង UNICEF ដែលបានគាំទ្រដល់ផ្នែកបច្ចេកទេស និងអ្នករួមចំណែកពាក់ព័ន្ធទាំងអស់ដែលសហការក្នុងកិច្ចការងារនេះរហូតទទួលបានជោគជ័យ៕