(កែប)៖ លោក ប៊ុន បារាំង បានចេញលិខិតបំភ្លឺជូនសាធារណជន និងស្ថាប័នពាក់ព័ន្ធ ក្រោយមានការចោទប្រកាន់រូបលោកលើបណ្តាញសង្គមថា បានធ្វើប្លង់កម្មសិទ្ធិគ្របលើដីរបស់ប្រជាពលរដ្ឋនៅទីតាំងស្រែអំបិល ស្ថិតក្នុងភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្ហើរ ខេត្តកែប។

លោកបានបញ្ជាក់ថា ការចោទប្រកាន់នេះ មិនពិតនោះឡើយ ដោយលោកអះអាងថា លោកជាម្ចាស់កម្មសិទ្ធិលើដីធ្លីនោះពិតប្រាកដ ជាប្រភេទដីស្រែអំបិល ក្បាលដី លេខ ក.ប ០០០៥៩៧ ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ១៩៩៧ ទំហំ ៣៤៨,២០០ម៉ែត្រកូរ៉េ មានព្រំប្រទល់ខាងជើងទល់នឹងផ្លូវ និង អ៊ុក ឌី, ខាងត្បូងទល់នឹងសមុទ្រ, ខាងកើតទល់នឹង អ៊ុកឌី និងខាងលិចទល់នឹងសមុទ្រ។

តាមរយៈសេចក្ដីបំភ្លឺនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ លោក ប៊ុន បារាំង បានច្រានចោលទាំងស្រុងចំពោះការបរិហាបង្ខូចកិត្តិយសរបស់លោកពីសំណាក់ក្រុមបុគ្គល ដែលចូលមកកាន់កាប់ខុសច្បាប់ លើដីស្រែអំបិលរបស់លោក តាមរយៈការចុះផ្សាយចេញវីដេអូឃ្លីបបង្ហោះនៅតាមបណ្តាញសង្គមនាពេលកន្លងទៅថ្មីៗនេះ។

សូមបញ្ជាក់ថា ដីធ្លីដែលមានបញ្ហាខាងលើនេះមានទីតាំងនៅភូមិ អង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ដែលលោក ប៊ុន បារាំង បានទិញពីប្រជាពលរដ្ឋ នៃក្រុមសាមគ្គីផលិតអំបិលទី១២ ដែលមានម្ចាស់លើដី សុទ្ធតែជាអ្នកមានអាស័យដ្ឋាន និងរស់នៅក្នុងភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប តាំងពីឆ្នាំ១៩៧៩ ហើយបើតាមឯកសារពួកគាត់ជាប្រជាពលរដ្ឋ បានទទួលសេចក្តីជូនដំណឹង (ស.ជ.ណ) ពីរាជរដ្ឋាភិបាល នៅឆ្នាំ១៩៩៧ និងទទួលបានការអនុញ្ញាតធ្វើបណ្ណកម្មសិទ្ធិ ក្លាយជាម្ចាស់កម្មសិទ្ធិនៅលើទីតាំងដីនោះក្នុងឆ្នាំ១៩៩៨ ពីនាយកដ្ឋានសុរិយោដី។

ដីមានបញ្ហាខាងលើនេះ មុននឹងចេញ (ស.ជ.ណ) នីមួយៗ គេបានបង្កើតគណៈកម្មាធិការអន្តរក្រសួងដែលពាក់ព័ន្ធទាំងអស់ ចុះពិនិត្យស្រាវជ្រាវផលប៉ះពាល់ទាំងអស់ ទើបចុងក្រោយដាក់ជូនរាជរដ្ឋាភិបាលសម្រេច។

ពាក់ព័ន្ធការទិញលក់ដីរបស់លោក ប៊ុន បារាំង គឺធ្វើឡើងចំពោះដីមានប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនៈវត្ថុលេខ ក.ប ០០០៥៩៧ ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ១៩៩៨ ដោយមានមន្ត្រីជំនាញចុះវាស់វែង បិទប្រកាសផ្សាយត្រឹមត្រូវ តាំងពីឆ្នាំ១៩៩៨មកម្ល៉េះ។ ការកាត់ឈ្មោះផ្ទេរកម្មសិទ្ធិនេះ គឺបានបង់ពន្ធជូនរដ្ឋយ៉ាងត្រឹមត្រូវ៕

ខាងក្រោមនេះជាសេចក្ដីបំភ្លឺរបស់លោក ប៊ុន បារាំង ពាក់ព័ន្ធករណីដីស្រែអំបិលនៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប៖