(កំពង់ឆ្នាំង)៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បង្កឡើងដោយរថយន្តមួយគ្រឿងរ៉េចចង្កូតពីថ្នល់ជាតិ ជ្រុលមកតូបលក់ដូរមួយកន្លែង បណ្តាលឲ្យមានអ្នករងរបួសធ្ងន់ស្រាលចំនួន២នាក់។ ករណីនេះ កើតឡើងនៅម៉ោងប្រមាណ១៤៖១០នាទី ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ លើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែតលេខ១១៥/១១៦ ស្ថិតក្នុងភូមិអង្គ ឃុំពពេល ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

សាក្សីនៅទីនោះឲ្យដឹងថា មុនកើតហេតុម្ចាស់តូបឈ្មោះ ហែម ស៉ីណេង ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិឃុំកន្លែងកើតហេតុ នៅអង្គុយលក់ដូរដូចសព្វមួយដង ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ បើកបរពីទិសខាងជើង ទៅទិសខាងត្បូង មកបុកសំយ៉ាបតូបលក់ដូរនៅជាប់នឹងថ្នល់មួយទំហឹងតែម្តង បណ្តាលឲ្យរថយន្តនោះក្រឡាប់ផ្ងារជើង និងបង្កឲ្យមានអ្នករងរបួសផងដែរ។

ដោយឡែក ប្រភពពីសមត្ថកិច្ចបញ្ជាក់ថា រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ផលិតឆ្នាំ២០០១ ពាក់ស្លាកលេខ ពោធិ៍សាត់ ៣A១១៥៧ បើកបរដោយឈ្មោះ សេង សុផាន់ណា ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិបេង ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង និងអ្នករួមដំណើរឈ្មោះ ញ៉ុង អ៊ិត ភេទស្រី អាយុ៥៣ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។ មូលហេតុបណ្តាលមកពី អ្នកបើករថយន្តមិនបានពិនិត្យបច្ចេកទេសយានយន្តមុនចេញដំណើរ បើកសុខៗពេលបើកមកដល់ចំណុចកើតហេតុខាងលើ រថយន្តរលត់ម៉ាស៉ីន ជាន់ហ្វ្រាំងមិនស៉ី និងបួងចង្កួតមិនមក ក៏បុកសំយ៉ាបតូបលក់ដូរនោះតែម្តង។

ក្នុងករណីនេះបណ្ដាលឲ្យម្ចាស់តូបឈ្មោះ ហែម ស៉ីណេង រងរបួសធ្ងន់ ចំណែករថយន្តបានក្រឡាប់ បណ្ដាលឲ្យរងរបួសអ្នករួមដំណើរ ០១នាក់ (ស្រាល)បានបញ្ជូនទៅពេទ្យ ខូចខាចសំយ៉ាបតូបលក់ដូរប្រវែង ០៤ម៉ែត្រ បែកពាងទឹក០១ បាក់ដើមដូង ០១ដើម បែកលូអណ្ដូងខ្នោះ ០១កង់ និងខូចរថយន្ត ០១គ្រឿង (ធ្ងន់)។ បច្ចុប្បន្នរថយន្ត យកមករក្សាទុកនៅកន្លែងសមត្ថកិច្ច រង់ចាំការដោះស្រាយតាមនីតិវិធី៕