(កំពង់ធំ)៖ នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤នេះ នៅស្នាក់ការគណបក្សស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បានរៀបចំកម្មវិធីមីទ្ទីញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ (២ធ្នូ ១៩៧៨-២ធ្នូ ២០២៤) ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ក្រោមអធិបតីភាពលោក ទ្រី ដាលុច អនុប្រធានទី២ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក និងជាប្រធានយុវជនគណបក្សស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ តំណាងដ៏ខ្ពង់ខ្ពស់លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
ពិធីនោះ ក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី ឭជាសមាជិក សមាជិកាក្រុមការងារថ្នាក់ខេត្ត និងអនុប្រធាន សមាជិកសមាជិកាគណបក្សស្រុក និងគណបក្សឃុំចូលរួមប្រមាណ ៧០០នាក់។
ថ្លែងក្នុងពិធីនេះ លោក ទ្រី ដាលុច បានរំលឹកឡើងនូវទិវាកំណើត «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» ដែលបច្ចុប្បន្នត្រូវបានប្តូរឈ្មោះថា «រណសិរ្សសាមគ្គី អភិវឌ្ឍន៍ មាតុភូមិកម្ពុជា» ជាថ្ងៃរំលឹកនូវប្រវត្តិសាស្ត្រដែលមានកម្លាំងអ្នកស្នេហាជាតិមកពីគ្រប់ទិសទី រួបរួមគ្នានៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ និងបានប្រកាសចេញសេចក្តីថ្លែងការណ៍ ១១ខ របស់ខ្លួននៅតំបន់រំដោះស្នូល ស្រុកស្នួល ខេត្តក្រចេះ ដើម្បីរំដោះប្រទេសពីរបបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍ ប៉ុល ពត។
លោក ទ្រី ដាលុច ក៏បានសម្តែងការគោរព និងដឹងគុណ ដ៏ជ្រាលជ្រៅបំផុតចំពោះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងជាប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គណៈអធិបតីកិត្តិយសរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា, ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, និងជាប្រធានព្រឹទ្ធសភា ដែលជាអគ្គស្ថាបនិករណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបានប្រើអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ដើម្បីប្រមូលផ្តុំអ្នកស្នេហាជាតិ ប្រយុទ្ធ ផ្តួលរំលំរបបប្រល័យ ពូជសាសន៍ ប៉ុល ពត និងបានទប់ស្កាត់មិនឱ្យរបបដ៏ឃោរឃៅនេះវិលត្រឡប់មកវិញបាន។
ឆ្លៀតក្នុងឱកាសនេះដែរ លោក ទ្រី ដាលុច ក៏បានជម្រាបជូនដល់អង្គពិធីផងដែរថា ដំណើរការសាងសង់ទីស្នាក់ការគណបក្សឃុំទាំង៧ ដែលជាអំណោយរបស់លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព បាននិងកំពុងដំណើរតាមផែនការដោយរលូន ដោយការសាងសង់ដំណាក់កាលទី១ នេះមាន ៣ឃុំ គឺទីស្នាក់ការគណបក្សឃុំសាគ្រាម ឃុំផាន់ញើម និងឃុំទួលគ្រើល ដែលក្នុងមួយអគារចំណោយអស់ថវិកា ៣៧,០០០ដុល្លារអាមេរិក (តំម្លៃនេះមិនត្រូវបានរាប់បញ្ចូលលើការធ្វើរបង និងថ្លៃដីនោះទេ) ហើយបានប្រគល់ប្រាក់កក់ចំនួន ១០,០០០ ដុល្លារអាមេរិកដល់អ្នកម៉ៅការសាងសង់រួចហើយ។ ដោយឡែកចំពោះឃុំដូងវិញ ទីតាំងដីសម្រាប់សាងសង់ទីស្នាក់ការគណបក្សថ្មីក៏ត្រូវបានទិញរួចរាល់ហើយដែរ ដោយចំណាយថវិកាអស់ ១៦,៥០០ដុល្លារអាមេរិក។
ក្នុងឱកាសនេះដែរ លោក ទ្រី ដាលុច ក៏បាននាំយកនូវអំណោយមួយចំនួនរបស់លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព មកប្រគល់ជូនគណបក្សផងដែរ។ ក្នុងនោះ គណបក្សស្រុកទទួលបានអង្ករ ៣តោន ថវិកា ៥.០០០.០០០រៀល, គណបក្សឃុំទាំង៧ ក្នុងមួយឃុំទទួលបាន អង្ករ ១តោន និងថវិកា ៤.០០០.០០០រៀល, មន្ត្រីក្រុមប្រឹក្សាស្រុក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បងប្អូន ពូមីងកសិករ កម្មករ ដែលមានវត្តមានសរុបចំនួន ៦០០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ៥០.០០០រៀល ព្រមទាំងចំណាយផ្សេងៗទៀតសរុបអស់ថវិកា ១០៥,០០០,០០០ រៀល៕