(ភ្នំពេញ)៖ លោក ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យ និងសវនកម្ម បានលើកឡើងថា ជាង២០ឆ្នាំមកហើយ ដែលសមាគមគណនេយ្យករជំនាញអន្តរជាតិ (ACCA) បានចូលរួមយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍ គណនេយ្យករជំនាញ ក្នុងវិស័យគណនេយ្យ និងសវនកម្មនៅកម្ពុជា។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ប៊ូ ថារិន អញ្ជើញចូលរួមក្នុងពិធីសម្ពោធកម្មវិធី Professional Diploma in Sustainability របស់ ACCA។ កម្មវិធីនេះ បានធ្វើនៅសណ្ឋាគារ Le Royal រាជធានីភ្នំពេញ នាថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤។
លោក ប៊ូ ថារិន បានបញ្ជាក់ថា «អស់រយៈពេលជាង២០ឆ្នាំមកហើយ ដែល ACCA បានចូលរួមយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍គណនេយ្យករជំនាញ ក្នុងវិស័យគណនេយ្យ និងសវនកម្មនៅកម្ពុជា»។
លោក ប៊ូ ថារិន បានលើកឡើងថា ការប្តេជ្ញាចិត្ត ឥតងាករេរបស់ ACCA ចំពោះឧត្តមភាពនៃវិជ្ជាជីវៈ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកយ៉ាងមានអត្ថន័យ ដល់កំណើនសេដ្ឋកិច្ច និងអភិបាលកិច្ច របស់ប្រទេសជាតិ។
ក្នុងនាមនិយ័តករគណនេយ្យ និងសវនកម្ម លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ បំផុតចំពោះ ACCA សម្រាប់ការរួមចំណែកដ៏មានតម្លៃ ការអភិវឌ្ឍវិស័យគណនេយ្យ និងសវនកម្ម នៅកម្ពុជា។
ទន្ទឹមគ្នានេះ លោកបានឲ្យដឹងថា Professional Diploma in Sustainability នេះ បង្ហាញនូវការយល់ច្បាស់របស់ ACCA ពីតម្រូវការអនាគតរបស់វិស័យនេះ។ ការរាយការណ៍ និងការលាតត្រដាងព័ត៌មាន ចីរភាព គឺជាផ្នែកមួយដ៏សំខាន់ សម្រាប់ទាំងការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសកម្ពុជា។
លោក ប៊ូ ថារិន ក៏បានឲ្យដឹងផងដែរថា និយ័តករគណនេយ្យ និងសវនកម្ម បានរៀបចំពង្រៀងផែនទីបង្ហាញផ្លូវឆ្ពោះ ទៅការអនុវត្តស្តង់ដា ការលាតត្រដាង ព័ត៌មានចីរភាពរួចរាល់ហើយ ដែលនឹងដាក់ឱ្យអនុវត្ត ក្នុងពេលដ៏ខ្លីខាងមុខ។
ដូចនេះ ACCA Professional Diploma in Sustainability មានសារៈសំខាន់ជាយុទ្ធសាស្ត្រ សម្រាប់ចូលរួមសម្រេចបាន នូវការអនុវត្តស្តង់ដា ការលាតត្រដាងព័ត៌មាន ចីរភាពរបស់កម្ពុជា។ នេះជាការបញ្ជាក់បន្ថែម របស់លោក ប៊ូ ថារិន។
ជាមួយគ្នានេះ លោក ប៊ូ ថារិន ក៏បានវាយតម្លៃខ្ពស់ចំពោះ BSA និង Tymba ដែលមានការគិត ជាលក្ខណៈបុរេសកម្ម និងជាយុទ្ធសាស្ត្រ ក្នុងការធ្វើការជាមួយ ACCA លើការអភិវឌ្ឍការកសាងមូលធនមនុស្សជំនាញគណនេយ្យ និងសវនកម្ម ក្នុងការអនុវត្ត ស្តង់ដាការលាតត្រដាងព័ត៌មានចីរភាព។
បើតាមលោក ប៊ូ ថារិន, ដើម្បីអភិវឌ្ឍវិស័យគណនេយ្យ និងសវនកម្មនៅកម្ពុជា និយ័តករគណនេយ្យ និងសវនកម្ម បានរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យគណនេយ្យ និងសវនកម្មនៅកម្ពុជា ២០២៥-២០៣៥ ដែលនឹងដាក់ឱ្យអនុវត្ត ក្នុងពេលដ៏ខ្លីខាងមុខ។
យុទ្ធសាស្ត្រនេះ គឺជាមគ្គុទេសន៍ និងជាផែនទីបង្ហាញផ្លូវ ក្នុងការអនុវត្តបេសកកម្ម របស់និយ័តករគណនេយ្យ និងសវនកម្ម ក្នុងបុព្វ ហេតុធានាឱ្យ ប្រព័ន្ធគណនេយ្យ និងសវនកម្មជាតិមួយ ដែលរឹងមាំ មានតម្លាភាព និងអាចជឿ ទុកចិត្តបាន។
ក្នុងយុទ្ធសាស្ត្រនេះ និយ័តករគណនេយ្យ និងសវនកម្ម បានកំណត់គោលដៅជាយុទ្ធសាស្ត្រគឺ «ប្រព័ន្ធគណនេយ្យ និងសវនកម្មដែលរឹងមាំ មានតម្លាភាព និងអាចជឿទុកចិត្តបាន» ដោយ ស្តែងឡើង តាមរយៈសសរស្តម្ភចំនួន៦ (Pillars) ដែលការកសាងមូល ធនមនុស្សជំនាញគណនេយ្យនិងសវនកម្មសម្រាប់ទីផ្សារ ជាសសរស្ដម្ភ មួយក្នុងចំណោមសសរស្តម្ភទាំង៦៕
សូមជម្រាបថា ACCA តំណាងឲ្យពាក្យ Association of Chartered Certified Accountants ដែលជាឈ្មោះសមាគមគណនេយ្យករជំនាញអន្តរជាតិឈានមុខគេ មានដើមកំណើត នៅចក្រភពអង់គ្លេស តាំងពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ១៩០៤ មកម្លេះ។
ACCA ត្រូវបានបង្កើតឡើង ក្នុងគោលបំណងដើម្បីរៀបចំនូវស្តង់ដារគណនេយ្យ និងសវនកម្ម អន្តរជាតិកម្រិតខ្ពស់មួយ សម្រាប់មនុស្សជាតិ ព្រមទាំងផ្តល់ឱកាស ក៏ដូចជាធ្វើជាបណ្តាញ ដើម្បីផ្សារភ្ជាប់បុគ្គលជំនាញគ្រប់រូប នៅគ្រប់ទីកន្លែងលើពិភពលោក ទៅកាន់កន្លែងការងារដែលពួកគេប្រាថ្នាចង់បាន៕