(ភ្នំពេញ)៖ ជនដៃដល់ដែលបានធ្វើសកម្មភាពកាប់ប្រហារលើបុរសម្នាក់ចំនួន៣ពូថៅ ដេរ៦៨ថ្នេរ បញ្ជូនទៅសង្គ្រោះនៅប្រទេសវៀតណាម កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ នៅខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាល ជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការស្រាវជ្រាវចាប់ខ្លួនបានហើយនៅខេត្តស្វាយរៀង។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអះអាងថា នៅពេលមានបទល្មើសកើតឡើង លោកបានបញ្ជាកម្លាំងធ្វើការស្រាវជ្រាវភ្លាមៗដោយយកចិត្តទុកដាក់ និងឈានដល់ការចាប់ខ្លួនបានជនដៃដល់ ហើយបញ្ជូនមកធ្វើការសួរនាំនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់បែបនេះថា «មានករណីកើតឡើងយើងខ្ញុំមិនដែលទុកចោលនោះទេ ខ្ញុំតាមដានដឹកនាំជំនាញជាប្រចាំក្នុងការស្រាវជ្រាវ! ដូចករណីនេះជាដើម យើងតាមឃាត់ខ្លួន ជាមួយសមត្ថកិច្ចនគរបាល​ខេត្តស្វាយរៀនបានហើយ»

អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញរូបនេះ បានបញ្ជាក់ទៀតថា ដើមចមនៃហេតុការណ៍អំពើកាប់ប្រហារនេះ ផ្ដើមចេញពីទំនាស់ក្នុងទំនាក់ទំនងស្នេហា។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានផ្ដាំផ្ញើដល់អ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួន ដែលតែងធ្វើការវាយប្រហារមកលើកម្លាំងសមត្ថកិច្ច ថាមិនមានចំណាត់ការចំពោះជនល្មើសក្រោយធ្វើសកម្មភាព ផ្ទុយទៅវិញលោកសង្កត់ធ្ងន់ថា នៅពេលមានបទល្មើសកើតឡើងសមត្ថកិច្ចជំនាញមិនដែលទុកចោលឡើយ ពោលបើកការស្រាវជ្រាវជាបន្ដបន្ទាប់តាមជំនាញវិជ្ជាជីវៈ និងវិធានការច្បាប់ មិនមែនធ្វើការតាមអារម្មណ៍នោះទេ៕