(ភ្នំពេញ)៖ បណ្តាក្រុមសហជីពធំៗនៅកម្ពុជា បានលើកឡើងថា ការចូលរួមផ្ទាល់របស់លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិ ខួបលើកទី៧៦ ក្រោមប្រធានបទ៖ «សិទ្ធិសេរីភាពសហជីព សមាគម និងប្រព័ន្ធគាំពារសង្គម» ដែលរៀបចំឡើងដោយសហជីព ជាសក្ខីភាពបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សិទ្ធិបងប្អូនកម្មករនិយោជិត និងរក្សាឱ្យបាននូវសុដុមនីយកម្មនៅក្នុងទំនាក់ទំនងវិជ្ជាជីវៈនៅតាមរោងចក្រឧស្សាហកម្មនៅកម្ពុជា។ 

ការលើកឡើងរបស់បណ្តាក្រុមសហជីពបែបនេះ គឺនៅក្នុងអំឡុងពេលដែលបណ្តាក្រុមសហជីពប្រារព្វ ទិវាសិទ្ធិមនុស្សអន្តរជាតិ ខួបលើកទី៧៦ (១៩៤៨-២០២៤) ក្រោមប្រធានបទ៖ «សិទ្ធិសេរីភាពសហជីព សមាគម និងប្រព័ន្ធគាំពារសង្គម» ត្រូវបានប្រារព្ធធ្វើឡើងនាថ្ងៃអាទិត្យ ទី០៨ ខែធ្នូ ឆ្នាំ២០២៤ នៅទីលានប្រជាធិបតេយ្យ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក្រោមអធិបតីភាពរបស់លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងវត្តមានចូលរួមពីតំណាងស្ថានទូត អង្គការ សមាគម សហភាពសហជីព សហព័ន្ធសហជីព សហជីពមូលដ្ឋាន និងកម្មករនិយោជិតសរុបប្រមាណជាង ២,០០០នាក់។

ជាមួយគ្នានេះ លោក គង់ អាទិត្យ ប្រធានសហភាពការងារកម្ពុជា បានគូសបញ្ជាក់ថា ការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ខួបលើកទី៧៦ (១៩៤៨-២០២៤) ក្រោមប្រធានបទ៖ «សិទ្ធិសេរីភាពសហជីព សមាគម និងប្រព័ន្ធគាំពារសង្គម» របស់សហភាពការងារកម្ពុជានៅឆ្នាំនេះ ក្នុងគោលបំណងបន្តពិនិត្យមើលការអនុវត្តន៍ ការផ្តល់អត្ថប្រយោជន៍ និងការគិតគូររបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះបងប្អូនកម្មករនិយោជិត និងលើកយកសំណើររបស់បងប្អូនកម្មករនិយោជិតដាក់ ជូនរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាសេនាធិការ។

ជុំវិញការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិឆ្នាំនេះដែរ ប្រធានសហភាពការងារកម្ពុជារូបនេះបានគូសបញ្ជាក់ថា វត្តមានរបស់លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពិធីប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិក្នុងឆ្នាំនេះ គឺជាសក្ខីភាពមួយដ៏មានសារសំខាន់បង្ហាញឱ្យឃើញពីការប្តេជ្ញារចិត្ត និងការយកចិត្តទុកដាក់ពី សំណាក់រាជរដ្ឋាភិបាលកម្ពុជាលើសុខទុក្ខបងប្អូនកម្មករនិយោជិត។

លោក គង់ អាទិត្យ ក៏បានចាប់អារម្មណ៍ចំពោះការលើកឡើងរបស់លោករដ្ឋមន្រ្តី ផងដែរលើចំនុចមួយចំនួនដូចជាការពង្រឹងកិច្ចគាំពារសង្គម តាមរយៈយន្តការបេឡាជាតិសន្តិសុខសង្គម, លើកកម្ពស់សិទ្ធិសេរីភាពកម្មករនិយោជិត, ការដាក់ចេញយន្តការពាំនាំសំឡេងកម្មករទៅដល់រាជរដ្ឋាភិបាល, និងជាពិសេសគឺការដោះស្រាយបញ្ហារួមមួយដោយជំហ៊ានៗ និងដោយសន្តិវិធី។ ចំណុចទាំងនេះសុទ្ធសឹងតែជាតម្រូវការចាំបាច់បំផុតរបស់បងប្អូនកម្មករនិយោជិត ហើយនេះបង្ហាញពីការរក្សាឱ្យបាននូវសុដុមនីយកម្មនៅក្នុងទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា ពីសំណាក់រាជរដ្ឋាភិបាល។

ដោយឡែក លោក អាត់ ធន់ ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាហៅកាត់ថា (C-CAWDU) បានគូសបញ្ជាក់ថា ការចូលរួមរបស់ រាជរដ្ឋាភិបាលដែលមានលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺជាវត្តមានមួយដ៏មានសារសំខាន់ណាស់ សម្រាប់ផ្សារភ្ជាប់រវាងភាគីរាជរដ្ឋាភិបាល និយោជក សង្គមស៊ីវិល ដើម្បីធ្វើការដោះស្រាយរួមគ្នា ដែលទាំងនេះគឺជាយន្តការមួយមានសារសំខាន់ណាស់ ក្នុងការធ្វើឱ្យកាន់តែប្រសើរឡើងនៃទំនាក់ទំនងវិជ្ជាជីវៈ នៅកម្ពុជា។

ជាថ្មីម្ដងទៀត លោក អាត់ ធន់ បានចាប់អារម្មណ៍ និងវាយតម្លៃខ្ពស់លើការលើកឡើងរបស់លោក ហេង សួរ ដែលបញ្ជាក់ពីការចេះដាក់បញ្ហានៅលើតុ ដើម្បីពិភាក្សាគ្នា ដោយស្មោះត្រង់ ដោយចំពោះពុំមានការវាយប្រហារគ្នាពីក្រោយខ្នងដែលធ្វើឱ្យបាត់បងប្រយោជន៍របស់បងប្អូនកម្មករនិយោជិត៕