(បាត់ដំបង)៖ លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង បានដឹកនាំសមត្ថកិច្ចចម្រុះចុះត្រួតពិនិត្យលើម្ហូបអាហារ ស្វែងរកមើលសាធាតុគីមី នារសៀលថ្ងៃទី១៣​ ខែតុលា ឆ្នាំ២០១៦ នៅតាមសិប្បកម្មផលិតប្រហិតត្រីសាច់នៅកន្លែងមួយចំនួន ស្របពេលមានការតាំងពិព័រណថៃ ខ្មែរក្នុងឱកាសបុណ្យអុំទូកខេត្តបាត់ដំបងឆ្នាំទី១៦ របស់ខេត្តបាត់ដំបង ដែលនឹងធ្វើពិធីនេះឡើងនៅថ្ងៃទី១៥ និង១៦ ខែតុលា ឆ្នាំ២០១៦ ត្រូវនឹងថ្ងៃបុណ្យចេញព្រះវស្សាផងដែរ។

ការចុះត្រួតពិនិត្យនេះគឺមានការចូលរួមពីព្រះរាជអាជ្ញារងលោក ហេង លុយ លោក ហឿង សុគន្ធ អភិបាលរងខេត្ត លោក គឹម ហួត ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត តំណាងមន្ទីរឧស្សាហកម្មនិងសិប្បកម្មខេត្ត លោក ហាក់ សុខរិន ប្រធានសាខាកាំកុងត្រូលខេត្តបាត់ដំបង និងមន្រ្តីជំនាញមួយចំនួនទៀត។

លោក ហាក់ សុខរិន ប្រធានសាខាកាំកុងត្រូលខេត្តបានឲ្យដឹងថា សមត្ថកិច្ចជំនាញបាននិងកំពុងធ្វើការត្រួតពិនិត្យ ជាប្រចាំនៅតាមផ្សារគ្រប់ទីកន្លែង ក៏ដូចជានៅតាមបណ្តាច្រកព្រំដែនកម្ពុជា ថៃ ហើយបានបញ្ជាដល់មន្រ្តីកាំកុងត្រូលដែលប្រចាំការគ្រប់មាត់ច្រកព្រំដែន ក៏ដូចជាតាមទីផ្សារនានា ទាំងអស់ក្នុងខេត្ត បាត់ដំបង ឲ្យរឹតបន្តឹងបន្ថែមទៀតក្នុងការត្រួតពិនិត្យ នូវទំនិញដែលនាំចូល ពិសេសម្ហូបអាហារ គ្មានអនាម័យនិងខូចគុណភាព។

លោក ហាក់ សុខរិន បានបញ្ជាក់ថា ក្នុងការចុះត្រួតពិនិត្យស្វែងរកសារធាតុគីមី លើចំណីអាហារនេះ បានធ្វើនៅកន្លែងទី១៖ សិប្បកម្មផលិតប្រហិតសាច់គោ ស្ថិតនៅភូមិកំពង់ក្របីសង្កាត់ស្វាយប៉ោក្រុងបាត់ដំបង ទី២៖សិប្បកម្មផលិត ណែមត្រី ធ្វើពីសាច់ត្រី ស្ថិតក្នុងភូមិ. ឃុំខ្ពបស្រុកឯកភ្នំ និងទី២៖ នៅមាត់ស្ទឹងសង្កែកន្លែងតាំងពិព័រណថៃ ខ្មែរ មានម្ហូបអាហារដូចជាប្រហិត សាច់សត្វផ្សេងៗ ដោយបានធ្វើតេស្តិ៍ ស្វែងរកសារធាតុគីមី ភេសជ្ជៈជាដប ជាគ្រឿងកំប៉ុងខូចគុណភាព ហួសកាលកំណត់ជាដើម តែលទ្ធផលក្នុងការត្រួតពិនិត្យនេះ គឺពុំមានឃើញសារធាតុគីមី អ្វីគួរឲ្យកត់សម្គាល់ឡើយ។

លោកប្រធានក៏បានសំណូមពរដល់គ្រប់អាជីវករកុំឲ្យនាំចូលទំនិញខូចគុណភាព ជាពិសេសម្ហូបអាហារ ដែលហួសកាលបរិច្ឆេទប្រើប្រាស់ គ្មានផ្លាកសញ្ញា គ្មានសំបកវេចខ្ចប់ ត្រឹមត្រូវ ពិសេសបានណែនាំដល់អាជីវករលក់ទំនិញក្នុងការចូលរួមតាំងពិព័រណទាំងអស់គ្នា ហើយក៏បានអំពាវនាវដល់​ប្រជាពលរដ្ឋទូទៅ មុននឹងទិញទំនិញយកទៅបិរភោគឬប្រើប្រាស់​ សូមមេត្តាពិនិត្យមើលទំនិញនោះ ឲ្យបានម៉ត់ចត់ជាមុនសិន ជៀងវាងប៉ះទំនិញខូចគុណភាព ហួសកាលកំណត់ ធ្វើឲ្យប៉ះពាល់សុខភាពដល់អ្នកប្រើប្រាស់ ឬ បងប្អូនទាំងអស់គ្នា។

លោកបានបន្ថែមថា ពីមួយថ្ងៃទៅមួយថ្ងៃដោយមន្រ្តីជំនាញយើង តែងតែបានចុះផ្សព្វផ្សាយ និងចុះណែនាំដល់ពលរដ្ឋជាប្រចាំកន្លងមក ជាលទ្ធផលធ្វើឲ្យអាជីវករលក់ដូរនាំទំនិញចូល ឬផលិត និងប្រជាពលរដ្ឋជាអ្នកប្រើប្រាស់កាន់តែមានការយល់ដឹង និងកាន់តែច្បាស់ច្រើនជាងមុន ទោះជាយ៉ាងណាសមត្ថកិច្ចជំនាញយើង នៅតែបន្តផ្សព្វផ្សាយណែនាំ ដល់ប្រជាពលរដ្ឋយើងជាប្រចាំបន្តទៀតងដែរ៕