(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយលោក Reto Grueninger នាយកទីភ្នាក់ងារស្វីសម្រាប់ការអភិវឌ្ឍន៍ និងសហប្រតិបត្តិការ (SDC), លោក Pius Frick តំណាងភ្នាក់ងារលីចតេស្ទីន (LED) និងលោក Daniel Nugraha នាយកប្រចាំប្រទេសរបស់អង្គការ ស្វីសខន់ថាក់ប្រចាំកម្ពុជា បានជាប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ «កម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) ដំណាក់កាលទី៣ ឆ្នាំ២០២៤-២០២៨»

កម្មវិធីនេះធ្វើឡើងនាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងទេសចរណ៍ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ អង្គការជាតិ-អន្តរជាតិ លោក លោកស្រី តំណាងឯកឧត្តម/លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត, មន្ទីរទេសចរណ៍រាជធានី-ខេត្ត តំណាងសមាគមទេសចរណ៍កម្ពុជា, សហព័ន្ធទេសចរណ៍កម្ពុជា, សមាគមសណ្ឋាគារកម្ពុជា ប្រតិបត្តិករទេសចរណ៍ និងអ្នកជំនាញទេសចរណ៍សរុបចំនួនប្រមាណ១៥០រូប។

លោករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះគណៈកម្មការគ្រប់គ្រងគម្រោង HoKa ដែលបានខិតខំយ៉ាងជិតស្និតជាមួយអង្គការស្វីសខន់ថាក់ និងភាគីពាក់ព័ន្ធប្រកកបដោយបុរេសកម្ម សកម្ម និងអន្តរសកម្ម ដោយបានបណ្តុះបណ្តាលយុវជនក្រីក្រងាយរងគ្រោះ ម្ចាស់អាជីវកម្មអ្នកគ្រប់គ្រង និងអ្នកជំនាញទេសចរណ៍សរុបចំនួន ៦,៣៩៧នាក់ តាំងពីការអនុវត្តកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) ដំណាក់កាលទី១ ក្នុងឆ្នាំ២០១៧ រហូតមកដល់បច្ចុប្បន្ន ហើយកម្មវិធីនេះត្រូវបានទទួលស្គាល់ទូទាំងប្រទេសជាកម្មវិធីបណ្តុះបណ្តាលមានគុណភាព ស្របតាមតម្រូវការជំនាញរបស់មូលដ្ឋានអាជីវកម្ម មានឯកសារបណ្តុះបណ្តាលស្តង់ដាច្បាស់លាស់ ព្រមទាំងមានធនធានគ្រូបង្គោលល្អៗប្រកបដោយសមត្ថភាពខ្ពស់៕