(ប៉េកាំង)៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា បានផ្ញើសារចូលរួមរំលែកទុក្ខដល់ម្ចាស់ក្សត្រីយ៍ Sirikit ចំពោះការសោយទិវង្គតរបស់ព្រះមហាក្សត្រថៃ ព្រះអង្គ ភូមិបុល អាប់ឌុលយ៉ាដេត ខណៈមេដឹកនាំនៅលើពិភពលោកដ៏ទៃៗទៀត ក៏បានសម្តែងការចូលរួមសោកស្តាយផងដែរ ចំពោះការបាត់បង់ដ៏ធំធេងនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ The Nation នៅមុននេះបន្តិច នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែតុលា ឆ្នាំ២០១៦។
«ជួសមុខឲ្យប្រជាជានចិនទាំងអស់ និងរូបលោកផ្ទាល់ផងដែរ លោកប្រធានាធិបតីចិន បានសម្តែងការចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅ ចំពោះការចូលទិវង្គតរបស់ព្រះអង្គ ភូមិបុល អាប់ឌុលយ៉ាដេត និងបានបង្ហាញការសោកស្តាយជាទីបំផុត ដល់រាជវង្សានុវង្ស និង ប្រជាពលរដ្ឋថៃ»។
ថ្លែងនៅក្នុងលិខិតចូលរួមរំលែកទុក្ខលោក ស៊ី ជីនពីង បានលើកឡើងថា ព្រះអង្គ ភូមិបុល អាប់ឌុលយ៉ាដេត ទ្រង់គឺជាមគ្គុទេសក៏ដ៏ឆ្នើម នៃការអភិវឌ្ឍប្រទេសថៃ និងជាអ្នកលើកស្ទួយមិត្តភាពរវាង ចិននិងថៃ ថែមទៀតផង ដោយទំនាក់ទំនងដ៏ល្អបែបនេះដូចសព្វថ្ងៃរវាងប្រទេសទាំងពីរ គឺវាបានមកក៏ដោយសារតែកិច្ចខិតខំ ប្រឹងប្រែងអស់ពីកម្លាំងកាយពល របស់ព្រះអង្គផ្ទាល់ ហើយជាមួយនឹងការយកចិត្តទុកដាក់និងការលើកកម្ពស់របស់ ទ្រង់ភូមិបុល អាប់ឌុលយ៉ាដេត ចំណងមិត្តភាពរវាងថៃ-ចិន ធ្លាប់សម្រេចបាននូវផ្លែផ្កាជាច្រើន។
ម៉្យាងវិញទៀត លោក ស៊ី ជីនពីង បានបន្តថា ការសោយទិវង្គតរបស់ព្រមហាក្សត្រថៃមួយអង្គនេះ គឺជាការបាត់បង់ដ៏ធំធេងបំផុតសម្រាប់ប្រជាជនថៃ ក៏ដូចជាប្រជាជនចិនផងដែរ ហើយព្រះអង្គ ភូមិបុល អាប់ឌុលយ៉ាដេត នឹងបន្តស្ថិតនៅក្នុងក្រអៅបេះដូងរបស់ប្រជាជន នៃប្រទេសទាំងពីរជានិរន្តន៍តរៀងទៅ៕