(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នារសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យគណៈប្រតិភូវិនិយោគរបស់អាម៉េរិកចំនួន ១៦ក្រុមហ៊ុន ដឹកនាំដោយលោក គឹម ឆាហួត អគ្គកុងស៊ុលកិត្តិយសកម្ពុជា និងជាប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំរដ្ឋកាលីហ្វ័រញ៉ា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូវិនិយោគរបស់អាមេរិកនាឱកាសនេះ គឺកើតឡើងបន្ទាប់ពីដំណើរទស្សនកិច្ចទាក់ទាញ និងជំរុញវិនិយោគរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដឹកនាំដោយផ្ទាល់​ដោយលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទៅកាន់សហរដ្ឋអាម៉េរិក កាលពីខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅនេះ។

ដំណើរទស្សនកិច្ចរបស់ប្រតិភូវិនិយោគរបស់អាមេរិកមកដល់ប្រទេសកម្ពុជាដោយផ្ទាល់នេះ បានបង្ហាញពីភាពទាក់ទាញខ្ពស់ ប្រកបដោយសក្តានុពល និងភាពអំណោយផលនៃការវិនិយោគនៅក្នុងប្រទេសកម្ពុជា។ ជាពិសេសក្រុមហ៊ុនដែលចូលរួមទាំងនោះបានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនលើវិស័យមានជាអាទិ៍ បច្ចេកវិទ្យា កសិឧស្សាហកម្ម និងអប់រំជាដើម។

ក្នុងនោះលោក គឹម ឆាហួត ក៏បានជម្រាបជូនអំពីផែនការដំណើរបេសកកម្មរបស់គណៈប្រតិភូវិនិយោគសហរដ្ឋអាម៉េរិកមកកម្ពុជា ដែលនឹងរៀបចំចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ក្នុងគោលបំណង​​​ណែនាំឱ្យធុរកិច្ចជនសហរដ្ឋអាម៉េរិក បានជួបពិភាក្សាការងារជាមួយរាជរដ្ឋាភិបាលកម្ពុជា និងសហគមន៍ធុរកិច្ចកម្ពុជា ដើម្បីស្វែងយល់អំពីកាលានុវត្តភាពវិនិយោគនិងការលើកទឹកចិត្តនានា​សម្រាប់ការវិនិយោគនៅកម្ពុជា៕