(ភ្នំពេញ)៖ កម្លាំងនគរបាលការិយាល័យ "ក៩" នៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ នៅល្ងាចថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ បានបើប្រតិបត្តិការបង្ក្រាប ជនជួញដូរគ្រឿងញៀនចំនួន២នាក់ ដែលជាមេក្លោងធំផងដែរ ខាងលក់ថ្នាំ ដោយដកហូតថ្នាំញៀនមួយកញ្ចប់ធំ ដែលមានតម្លៃរាប់ពាន់ដុល្លារ។
លោកវរសេនីយ៍ទោ យិន បញ្ញារិទ្ធ នាយការិយាល័យ "ក៩" បានបញ្ជាក់នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦នេះថា ប្រតិបត្តិការចាប់ខ្លូនជនសង្ស័យទាំង២នាក់នេះ បានធ្វើឡើងនៅស្ថិតនៅចំណុច ស្ថានីយ៌សាំងតេលា រង្វង់មូលកួចកាណុង គល់ស្ពានជ្រោយចង្វា សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ក្រុងភ្នំពេញ។
មេលក់គ្រឿងញៀនទាំង២នាក់ រួមមាន០១. ឈ្មោះ សុខ រ៉ុយ ហៅ ដា ភេទ ប្រុស ជនជាតិខ្មែរ អាយុ៣៧ឆ្នាំ ស្រុកកំណើត ភូមិ ត្រាំខ្នារ ឃុំ សូភី ស្រុក បាទី ខេត្តតាកែវ ។បច្ចុប្បន្ន ផ្ទះជួល សង្កាត់វាលវង់ ខណ្ឌ ៧មករា ក្រុងភ្នំពេញ ។ ០២. ឈ្មោះ ឡេង ធីតា ភេទ ស្រី ខ្មែរកម្ពុជាក្រោម ថ្ងៃខែឆ្នាំកំណើត អាយុ៣២ឆ្នាំ ស្រុកកំណើត ឃុំ ហាបូ ស្រុកបាយឆៅ ខេត្ត ឃ្លាំង ប្រទេស វៀតណាម ទីលំនៅបច្ចុប្បន្ន ភូមិ ៧មករា សង្កាត់បឹងកក់២ ខណ្ឌទួលគោក ភ្នំពេញ ។
បើតាមលោក យិន បញ្ញារិទ្ធ ក្រៅពីដកហូតថ្នាំប្រភេទ មេតំហ្វេតាមីន ( ICE ) កម្លាំងរបស់លោក ក៏បានដកហូត ថ្នាំ គ្រាប់ ប្រភេទ អិុចស្តាសីុ ( ថ្នាំគ្រវី ) ចំនួន ៤០គ្រាប់ រថយន្ត តាក់សីុមែត្រ មួយគ្រឿង ទូរស័ព្វ ២គ្រឿងផងដែរ។
លោក យិន បញ្ញារិទ្ធ បានបញ្ជាក់ថា លទ្ធផលបង្ក្រាបមេលក់គ្រឿងញៀនខាងលើនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនគ្រឿងញៀន លោកឧត្តមសេនីយ៍ ខៀវ សាម៉ន នាយកមន្ទីរប្រឆាំងគ្រឿងញៀន ក្រោមការសម្របសម្រួលពីតំណាងអយ្យការផងដែរ។
សម្រាប់ជនសង្ស័យទាំង២នាក់នេះ ត្រូវបានយកទៅសួរនាំបន្តទៀត នៅការិយាល័យរបស់លោក ដើម្បីចាត់ការបន្តទៀត៕