(ភ្នំពេញ)៖ ក្រោមលេសបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ ឯកភាពជាតិ ជានាគ្នា ធ្វើការជាមួយគ្នាជាមួយ និងគណបក្សកាន់អំណាច មេដឹកនាំកំពូលៗគណបក្សប្រឆាំង នៅកម្ពុជា បានសរសេរលិខិតទូលថ្វាយព្រះមហាក្សត្រ សុំព្រះរាជតម្រិះប្រោសប្រទានដើម្បីឲ្យមានការលើកលែងទោស និងទំលាក់ចោលការចោទប្រកាន់ចំពោះ សកម្មជនសិទ្ធិមនុស្ស។ល។ ចំណែកនៅឯក្រៅប្រទេសឯណោះវិញ មេៗគណបក្សប្រឆាំងបានប្រើប្រាស់សកម្មជនរបស់ខ្លួនញុះញង់ឲ្យមានការធ្វើបាតុកម្មប្រឆាំង គណបក្សកាន់អំណាច មិនត្រឹមតែជេររាជរដ្ឋាភិបាល និងអ្នកដឹកនាំប៉ុណ្ណោះទេ ថែមទាំងជេររហូតដល់ស្ដេចផែនដីថែមទៀតផង។
លោក សម រង្ស៊ី និងលោក កឹម សុខា កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៦កន្លងទៅនេះ បានសរសេរលិខិតមួយច្បាប់ទូលថ្វាយព្រះមហាក្សត្រសុំព្រះរាជតម្រិះ ប្រោសប្រទាន ដើម្បីឲ្យមានការលើកលែងទោស និងទំលាក់ចោលការចោទប្រកាន់ចំពោះសកម្មជនសិទ្ធិមនុស្ស សកម្មជនដីធ្លី សកម្មជនបរិស្ថាន... ដូចដែលព្រះអង្គបានប្រោសប្រទាននាពេលកន្លងមក ដែលនាំឲ្យមានបរិយាកាសអំណោយផល ឆ្ពោះទៅរកការផ្សះផ្សារជាតិ បង្រួបបង្រួមជាតិ និងឯកភាពជាតិ។
ប៉ុន្តែផ្ទុយពីនេះ ខណៈដែលមេៗដឹកនាំបក្សប្រឆាំងប្រកាសថា ចង់ឲ្យមានបរិយាកាសអំណោយផលល្អ ដើម្បីឯកភាពជាតិនោះ នៅប្រទេសអូស្ត្រាលីឯណោះវិញ មេៗគណបក្សសង្គ្រោះជាតិ បានប្រើប្រាស់សកម្មជនរបស់ខ្លួនញុះញង់ឲ្យមានសកម្មភាព ធ្វើបាតុកម្មប្រឆាំងនឹងវត្តមានរបស់លោក ហ៊ុន ម៉ាណែត បុត្រច្បងរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅលើទឹកដីអូស្ត្រាលី ជេររាជរដ្ឋាភិបាលកម្ពុជា និងឈានទៅដល់ជេរប្រមាថ ព្រះបរមរតនកោដ្ឋ គឺសម្ដេចឪថា ជាអ្នកឲ្យយួនចូលមករស់នៅក្នុងស្រុកខ្មែរ ជាអ្នកសម្លាប់អ្នកស្នេហាជាតិខ្មែរទៀតផង។
មាត់និយាយពាក្យផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ តែសកម្មភាពគឺធ្វើផ្សេងរបស់ក្រុមគណបក្សប្រឆាំងខាងលើនេះ តើកន្លែងណាទៅដែលបង្ហាញឲ្យគេឯងមើលឃើញថា ខ្លួនពិតជាមានបំណងបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិពិតប្រាកដមែននោះ។
អង្គសម្ដេចឪ សម្តេចតា និង ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជាព្រះមហាក្សត្រ ត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ នៅតែពួកគណបក្សប្រឆាំងហ៊ានជេរបញ្ចោ ចុះទម្រាំត្រឹមលោក ហ៊ុន ម៉ាណែត និងរាជរដ្ឋាភិបាល រឿងអីដែលគណបក្សប្រឆាំងមិនហ៊ានជេរបញ្ចោនោះ។
ម៉្យាងដែរ នៅក្រៅប្រទេស CNRP ប្រើដៃជើងឲ្យជេរឪពុក បែរជានៅក្នុងស្រុកមេៗ CNRP នាំគ្នាសុំកូនឲ្យជួយ៕