(វ៉ាស៊ីនតោន)៖ បន្ទាប់ពីទទួលបានដំណឹង នៃការសោយទិវង្គតរបស់ព្រះមហាក្សត្រថៃ ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា បានសម្តែងការចូលរួមរំលែកទុក្ខដោយស្មោះអស់ពីចិត្ត ដល់ប្រជាជនថៃ និងរាជវង្សានុវង្សរបស់ព្រះអង្គ ភូមិបុល អាប់ឌុលយ៉ាដេត ហើយលោក អូបាម៉ា បានហៅ ព្រះអង្គ ថាជា «វីរៈបុរសមិនចេះហត់នឿយ» ឡើយ ក្នុងការអភិវឌ្ឍប្រទេសថៃ។ នេះបើតាមការចេញផ្សាយដោយ Reuters នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០១៦។
លោកប្រធានាធិបតីអាមេរិក បានថ្លែងនៅក្នុងសេតវិមានថា «ព្រះអង្គ ភូមិបុល អាប់ឌុលយ៉ាដេត គឺជាវីរៈបុរសដែលមិនចេះនឿយហត់មួយរូប ក្នុងការអភិវឌ្ឍប្រទេស ហើយព្រះអង្គតែងតែបង្ហាញ ពីការប្តេជ្ញាមុះមុតមិនរារថយ ក្នុងការធ្វើយ៉ាងណាជីវភាពរស់នៅរបស់ប្រជាជនថៃ មានភាពប្រសើរឡើង»។
គួរបញ្ជាក់ថា ព្រះមហាក្សត្រថៃ ព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត បានសោយទិវង្គត នៅវេលាម៉ោង ៣៖៥២នាទី រសៀលថ្ងៃព្រហស្បតិ៍នេះ ក្នុងព្រះជន្ម ៨៨ព្រះវស្សា នៅឯមន្ទីរពេទ្យសិរីរាជ្យ នៃរាជធានីបាងកក ហើយលោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃ បានប្រកាសថា បុត្រា Maha Vajiralongkorn របស់ព្រះអង្គ នឹងឡើងគ្រងរាជសម្បត្តិបន្ត ដោយយោងទៅតាមរដ្ឋធម្មនុញ្ញរបស់ប្រទេសថៃ៕