(ភ្នំពេញ)៖ បុរសម្នាក់រងរបួសក្បាលធ្ងន់ធ្ងរ និងម្នាក់ទៀតរងរបួសដៃបន្តិចបន្តួច បន្ទាប់ពីត្រូវបានក្រុមចោរមួយក្រុមដេញកាប់ប្លន់យកម៉ូតូ Zoomer X មួយគ្រឿងទៅបាត់។
ហេតុការណ៍កាប់ប្លន់មួយនេះបានកើតឡើងនាម៉ោង ២៖២០នាទីរំលងអាធ្រាត្រទី១៤ខែតុលា ឆ្នាំ ២០១៦ ត្រង់ចំណុចម្ដុំផ្សារទំនប់ផ្លូវ៥៩៨ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនរងគ្រោះដែលជាម្ចាស់ម៉ូតូរងរបួសដៃមានឈ្មោះ សុីម សុខរុន ភេទប្រុស អាយុ២២ មុខរបរផ្សារដែក ស្នាក់នៅនិងស្រុកកំណើតភូមិវត្តស្នោ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ម្នាក់ទៀតមានឈ្មោះ ញឹម រ៉ាក់ ភេទប្រុស អាយុ ២៥ មុខជាងផ្សាដែក ស្នាក់នៅនិងស្រុកកំណើតជាមួយគ្នា។
ជនរងគ្រោះបានអោយដឹងថាមុនពេលកើតហេតុ គឺរូបគេទាំងពីរនាក់ នឹងមិត្តភក្ដិរបស់គេផ្សេងៗទៀត បានមកពីផឹកសុី និងដើរលេងនៅម្ដុំណាហ្គា។ បន្ទាប់ពីផឹកសុីរួចពួកគេបានជូនមិត្តភក្ដិម្នាក់ឈ្មោះ កម រាជ អាយុ២៣ឆ្នាំ មុខរបរជាងកញ្ចក់មកផ្ទះជួលប្រពន្ធ នៅចំនុចកើតហេតុហើយខាងលើដោយជិះម៉ូតូចំនួនបួនគ្រឿង រួមទាំងម៉ូតូជនរងគ្រោះផងដែរ លុះចូលទៅក្នុងប្លុកផ្ទះជួលមិត្តភក្ដិខាងលើ ដោយសារតែប្លុកនោះជាចំនុចស្ងាត់ជ្រងំហើយម៉ូតូជនរងគ្រោះ នៅក្រោយគេភ្លាមៗនោះ ក៏មានក្មេងស្ទាវចំនួនបីនាក់ ដើរចេញមកពីក្នុងប្លុកផ្ទះជួលនោះ ហើយបានដកដាវសាំម៉ូរៃ កាប់ជនរងគ្រោះទាំងពីរនាក់ ដែលបណ្ដាលអោយជនរងគ្រោះម្នាក់ត្រូវក្រុមចោរកាប់ក្បាល២ដាវបណ្តាលឲ្យរងរបួសធ្ងន់ និងម្នាក់ទៀតរងរបួសដៃខាងឆ្វេងបន្តិចបន្តួច។
បន្ទាប់ពីជនរងគ្រោះរងរបួសហើយ ក្រុមចោរបានយកម៉ូតូជនរងគ្រោះ ជិះរត់គេចខ្លួនដោយសុវត្ថិភាព ចំណែកម៉ូតូដែលត្រូវគេកាប់ប្លន់យកទៅនោះគឺម៉ាក Zoomer X ស៊េរីឆ្នាំ ២០១៦ ពណ៌ខៀវលាយ ឈាមជ្រូកពាក់ស្លាកលេខភ្នំពេញ 1FY-0649 ក្រោយពេលកើតហេតុជនរងគ្រោះ ត្រូវបានមិត្តភក្ដិឌុបតាមម៉ូតូបញ្ជូនមកកាន់មន្ទីរពេទ្យ ដើម្បីព្យាបាល៕