(រីយ៉ាដ, អារ៉ាប៊ីសាអូឌីត)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានសភាកម្ពុជា បានស្នើប្រទេស​អារ៉ាប៊ី​សាអូឌីត ជួយទិញអង្ករពីកម្ពុជា ហើយជំរុញអ្នកវិនិយោគចូលមកវិនិយោគលើការ​កែច្នៃស្រូវអង្ករ ដើម្បីនាំចូលទៅប្រទេសអារ៉ាប៊ីសាឌីតវិញ។ ដោយឡែកប្រធានសភាអារ៉ាប៊ីសា​អូឌីត បានប្រកាសថា នឹងបើកស្ថានទូតនៅកម្ពុជានាពេលឆាប់ៗខាងមុខ ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទាំងឡាយឱ្យកាន់តែខ្លាំងក្លាថែមទៀត។

នៅព្រឹក ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បាន​អញ្ជើញជួបពិភាក្សាការងារជាមួយលោកបណ្ឌិត អាប់ឌុលឡា ម៉ូហាម៉េដ អ៊ីប្រាហ៊ីម អាល​-សេក្ខ (Abdullah Mohammed Ibrahim Al-Sheikh) ប្រធានសភាអារ៉ាប៊ីសាអូឌីត នៅវិមានរដ្ឋសភា រាជធានីរីយ៉ាដ។

ជាកិច្ចចាប់ផ្តើមនៃជំនួបនោះ ប្រធានសភាអារ៉ាប៊ីសាអូឌីត បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ សម្ដេចតេជោ និងគណៈប្រតិភូ និងបានអរគុណសម្តេចតេជោ ដែលបានអញ្ជើញមក​បំពេញ​ទស្សនកិច្ចនៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។ លោកប្រធានសភា បានសម្តែងក្តីរីករាយក្នុង​ការទទួល និងជួបសម្តេចតេជោ ដោយផ្ទាល់។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណលោកប្រធានសភា ចំពោះការទទួលស្វាគមន៍ សម្តេច និងគណៈប្រតិភូយ៉ាងកក់ក្តៅ ជាពិសេសពេលសម្តេចអញ្ជើញដល់ព្រលានយន្តហោះ​នៃរាជធានីរីយ៉ាដ។ សម្តេចតេជោ បន្ថែមថា ទស្សនកិច្ចពេលនេះនឹងជំរុញទំនាក់ទំនងទ្វេភាគី​រវាងប្រទេសទាំងពីរបន្ថែមទៀត ជាពិសេសការជំរុញការផ្លាស់ប្តូរប្រជាជន និងប្រជាជន ទេស​ចរណ៍ និងកីឡា ព្រមទាំងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កម្ពុជា និងអារ៉ាប៊ីសាអូឌីត គួរចាប់ផ្តើមធ្វើកិច្ច​សហ​ប្រតិបត្តិការស្នូល តាមរយៈកម្ពុជានាំចេញអង្ករមកអារ៉ាប៊ីសាអូឌីត ដោយសារកម្ពុជា​មាន​ប្រព័ន្ធស្រោចស្រពល្អជាងមុន និងមានអតិរេកស្រូវ។ សម្តេចតេជោ បានស្នើប្រធានសភា ជំរុញ​វិនិយោគិនអារ៉ាប៊ីសាអូឌីត ឱ្យមកវិនិយោគរៀបចំម៉ាស៊ីនកិនស្រូវ ស្តុក និងវេចខ្ចប់នៅកម្ពុជា សម្រាប់នាំចេញអង្ករមកប្រទេសអារ៉ាប៊ីសាអូឌីត និងប្រទេសនានាក្នុងតំបន់។

សម្តេចតេជោ បានគូសរំលេច​ថា មានប្រទេសមិនច្រើននោះទេ ដែលផ្តល់ឱកាសឱ្យវិនិយោ​គ​ដោយផ្ទាល់ដូចនេះ។ សម្តេចតេជោ បានលើកឡើងថា អារ៉ាប៊ីសាអូឌីតមានសន្តិសុខថាមពល រីឯកម្ពុជា មានសន្តិសុខស្បៀង។ ប្រទេសទាំងពីរអាចបំពេញឱ្យគ្នាទៅវិញទៅមក។

សម្តេចតេជោ បានលើកឡើងផងដែរថា កម្ពុជា និងអារ៉ាប៊ីសាអូឌីត ប្រកាន់របបរាជាធិបតេយ្យដូចគ្នា អាស្រ័យហេតុនេះ ត្រូវរឹតចំណងមេត្រីភាព។

សម្តេចតេជោ បានថ្លែងអំណរគុណ ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត ដែលព្រះអង្គទ្រង់ប្រោស​ប្រទានដល់សាសនិកឥស្លាមកម្ពុជាពី ២០នាក់ ទៅ១០០នាក់ បានចូលរួមបុណ្យហាជី (Hajj) ជារៀងរាល់ឆ្នាំ និងបានសព្វព្រះរាជហប្ញទ័យផ្តល់អាហារូបករណ៍ដល់យុវជនកម្ពុជា។

សម្តេចតេជោ បានលើកឡើងថា នៅកម្ពុជាព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ក៏ប៉ុន្តែកម្ពុជា មិនព្រងើយកន្តើយនឹងសហគមមូស្លីមឡើយ ដែលទទួលបានការយកចិត្តទុដាក់ខ្ពស់ ជា​ពិ​សេស​ការបញ្ចូលទៅក្នុងស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល កងទ័ព និង ថ្នាក់ក្រោម​ជាតិ។

សម្តេចតេជោ ក៏បានជម្រាបទៅប្រធានសភាអារ៉ាប៊ីសាអូឌីតផងដែរថា នៅកម្ពុជាមានការរៀប​ចំ​គណៈជាន់ខ្ពស់ឥស្លាមដែលមានឋានៈស្មើនឹងសម្តេចព្រះសង្ឃរាជ។ កម្ពុជា គឺជាប្រទេសគំរូ​នៃ​ការ​អនុវត្តគោលនយោបាយសុខុដុមនីយកម្មសាសនានៅអាស៊ីអាគ្នេយ៍។

សម្តេចតេជោ បានគូសបញ្ជាក់ថា អារ៉ាប៊ីសាអូឌីត មានប្រជាប្រិយភាពកាន់តែខ្លាំង​នៅក្នុង​តំបន់ អាស្រ័យមានការប្រកួតកីឡាអន្តរជាតិ ជាពិសេសការធ្វើជាម្ចាស់ផ្ទះនៃការប្រកួត World Cup នាពេលកន្លងទៅ។ ឆ្លៀតក្នុងឱកាសនោះ សម្តេចតេជោ ក៏បានអញ្ជើញប្រធាន​សភា​មកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលខាងមុខ។

ជាកិច្ចឆ្លើយតប លោកប្រធានសភា បានបញ្ជាក់ថា ការលើកឡើងរបស់សម្តេចតេជោ មាន​សារៈ​សំខាន់ណាស់ ហើយលោកនឹងយកចិត្តទុកដាក់ និងយកទៅពិចារណា។ លោកប្រធាន​សភា បានលើកឡើងថា ប្រទេសអារ៉ាប៊ីសាអូឌីត នឹងបើកស្ថានទូត នៅកម្ពុជាក្នុងពេលដ៏ខ្លី​ខាង​មុខនេះ។ ការបើកស្ថានទូតទូតនេះ នឹងបង្កភាពងាយស្រួល​ដល់ការ​ជំរុញ និងពង្រឹងបន្ថែម​ទៀត​នូវទំនាក់ទំនងទ្វេភាគី រវាងប្រទេសប្រទេសទាំងពីរ។

លោកប្រធានសភា បានបន្ថែមថា អារ៉ាប៊ីសាអូឌីត យកចិត្តទុកដាក់ខ្លាំងលើការលើកកម្ពស់​សេដ្ឋ​កិច្ច និងសាសនា និងការធ្វើកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត ជាពិសេស វិស័យ​ប្រេងដែលជាវិស័យសំខាន់បំផុតរបស់អារ៉ាប៊ីសាអូឌីត។ ប្រទេសជាច្រើនមាន​ទំនាក់​ទំនង​ជាមួយអារ៉ាប៊ីសាអូឌីត តាមរយៈការផ្សាភ្ជាប់វិស័យសេដ្ឋកិច្ច។

លោកប្រធានសភាអារ៉ាប៊ីសាអូឌីត ប្រកាសស្វាគន៍ចំពោះសំណូមពររបស់សម្តេចតេជោ ពាក់ព័ន្ធ​ការផ្តល់អាហា​រូបករណ៍ផ្តល់ដល់យុវជនកម្ពុជា​ និងការរៀបចំឱ្យមានការប្រកួត​កីឡា​រវាងប្រទេសទាំងពីរនៅអារ៉ាប៊ីសាអូឌីត ព្រមទាំងរីករាយនឹងធ្វើការជាមួយសម្តេចតេជោ។

លោកប្រធានសភា បន្ថែមថា នៅក្នុងរដ្ឋសភារបស់អារ៉ាប៊ីសាអូឌីត មានគណៈកម្មការទទួល​បន្ទុក​ជាមួយកម្ពុជា ក៏ប៉ុន្តែទំនាក់ទំនងមិនទាន់ស៊ីជម្រៅនៅឡើយទេ។ លោកបញ្ជាក់ថា គណៈ​កម្មការទាំងសងខាង ត្រូវធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យបានច្រើននៅពេលអនាគត។

លោកប្រធានសភាអារ៉ាប៊ីសាអូឌីត បានសម្តែងក្តីរីករាយក្នុងការទទួលយកការអញ្ជើញ​របស់​សម្តេចតេជោ ក្នុងការបំពេញទស្សនកិច្ចនៅកម្ពុជា នាពេលសមស្រមខាងមុខ។

សម្តេចតេជោ និងលោកប្រធានសភាអារ៉ាប៊ីសាអូឌីត ក៏បានផ្លាស់ប្តូរយោបល់គ្នាលើស្ថាន​ការណ៍​តំបន់ និងអន្តរជាតិផងដែរ៕