Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្ដីប្រកាសអំពីការចោទប្រកាន់លើអ្នកបើកបររថយន្តម៉ាក LEXUS NX200T ដែលបង្កគ្រោះថា្នក់ចរាចរណ៍បណ្តាលឱ្យរបួស និងស្លាប់អ្នកដទៃ នៅខណ្ឌទួលគោក

09-12-2024 20:04

(ភ្នំពេញ)៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្តីពីការចោទប្រកាន់លើអ្នកបើកបររថយន្តម៉ាក LEXUS NX200T ដែលបង្កគ្រោះថា្នក់ចរាចរណ៍បណ្តាលឱ្យរបួស និងស្លាប់អ្នកដទៃ នៅខណ្ឌទួលគោក។

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង២៣៖១២នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅចំណុចមុខស្ថានីយ៍ប្រេង TOTAL លើផ្លូវលេខ១៨២ ប្រសព្វផ្លូវលេខ២៦១ ភូមិ៨ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ បង្កឡើងដោយរថយន្តម៉ាក LEXUS NX200T ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BT-4562 បើកបរក្នុងល្បឿនលឿន និងក្រោមស្ថានភាពស្រវឹងមានអត្រាជាតិអាល់កុល ០,៦២ Mg/L បានបើកបរមិនគោរពភ្លើងសញ្ញាចរាចរណ៍(ភ្លើងស្ដុបពណ៌ក្រហម) ទៅបុកចំកណ្តាលម៉ូតូចំនួន០១គ្រឿង ម៉ាក HONDA PCXពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1KF-2588 រួចបន្តទៅបុកម៉ូតូ០១គ្រឿងទៀតម៉ាក SUZUKI LETS ពណ៌សលាយក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1HA-1977។

ករណីនេះបណ្តាលឱ្យអ្នកបើកបរម៉ូតូឈ្មោះ ពិដោរ សាន់ដេរ ភេទប្រុស អាយុ២៥ឆ្នាំ និងអ្នករួមដំណើរឈ្មោះ ញឹក សុវណ្ណនាគរាជ ភេទប្រុស អាយុ២៤ឆ្នាំ រងរបួសធ្ងន់។ ចំណែកឯអ្នកបើកបរម៉ូតូមួយគ្រឿងទៀតឈ្មោះ ញិល ឧត្តម ភេទប្រុស អាយុ៣២ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុ។

ក្រោយពីបានសាកសួរ និងពិនិត្យផ្ទៀងផ្ទាត់លើភស្តុតាងនានា ដែលមាននៅក្នុងសំណុំរឿង តំណាងអយ្យការបានសម្រេចធ្វើការចោទប្រកាន់លើឈ្មោះ ស្រី ឧត្តម ភេទប្រុស អាយុ៣០ឆ្នាំ ដែលជាអ្នកបើកបររថយន្តម៉ាក LEXUS NX200T ពីបទ បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យរបួស និងស្លាប់អ្នកដទៃ តាមមាត្រា៨៣ និងមាត្រា៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបញ្ចូនសំណុំរឿងនេះទៅចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕