(ហ្សាការតា)៖ នៅរសៀលថ្ងៃចន្ទ ទី៩ ខែធ្នូ ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន រួមជាមួយលោកបណ្ឌិត Budi Santoso រដ្ឋមន្ត្រីពាណិជ្ជកម្មសាធារណរដ្ឋឥណ្ឌូនេស៊ី និងលោក Taufiq Arfi Wargadalam នាយកប្រតិបត្តិនៃ អង្គភាពជំនួយរបស់ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RSU) បានសម្ពោធជាផ្លូវការនូវការិយាល័យ RSU ដែលមានទីតាំងនៅក្នុងលេខាធិការដ្ឋានអាស៊ាន។

ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ គឺជាដំណើរការយ៉ាងពេញលេញនៃ RSU ដែលនឹងផ្តល់នូវជំនួយផ្នែកស្ថាប័នយ៉ាងចាំបាច់ ដល់គណៈកម្មាធិការរួមរបស់ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងអង្គភាពពាក់ព័ន្ធ ដោយធានានូវការអនុវត្តកិច្ចព្រមព្រៀង RCEP ឱ្យកាន់តែមានប្រសិទ្ធភាព និងបង្កើនកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។

នៅរសៀលថ្ងៃចន្ទ លោក Marc Gerritsen ឯកអគ្គរាជទូតហូឡង់ប្រចាំអាស៊ាន បានជូនសារតាំងដល់បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន។ អគ្គលេខាធិការអាស៊ាន បានអបអរសាទរលោក Marc Gerritsen ហើយអាស៊ានទន្ទឹងធ្វើការជិតស្និទ្ធរួមគ្នា ដើម្បីពង្រឹងភាពជាដៃគូអភិវឌ្ឍជាមួយហូឡង់។

ឯកអគ្គរាជទូត បានមានប្រសាសន៍ថា អាស៊ាន និងហូឡង់ គឺជាមិត្តភក្តិដែលអាចទុកចិត្តបាន ហើយហូឡង់ ប្តេជ្ញាពង្រឹងទំនាក់ទំនងជាមួយអាស៊ាន តាមរយៈភាពជាដៃគូអភិវឌ្ឍន៍។ ភាគីទាំងពីរ ទទួលស្គាល់ពីតម្រូវការ ពង្រឹងភាពជាដៃគូ តាមរយៈគម្រោង និងសកម្មភាពជាក់លាក់នានា ក្នុងវិស័យដែលមានប្រយោជន៍ទៅវិញទៅមក រួមទាំង ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន សន្តិសុខតាមប្រព័ន្ធអ៊ីនធឺរណែត ការគ្រប់គ្រងទឹក ការបម្រែបម្រួលអាកាសធាតុ សន្តិសុខស្បៀង និងការតភ្ជាប់រវាងប្រជាជន និងប្រជាជនជាដើម។ សូមជម្រាបជូនថា លោក Marc Gerritsen គឺជាឯកអគ្គរាជទូតទី៤ ហើយ របស់ហូឡង់ប្រចាំអាស៊ាន៕