(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦នេះ ប្រមុខដឹកនាំប្រទេសកម្ពុជា-ចិន គឺសម្តេចតេជោ ហ៊ុន សែន និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង នឹងទទួលទានអាហារពេលព្រឹកជាមួយគ្នា នៅសណ្ឋាគារអ៉ិនធើខន នៅវេលាម៉ោង៨៖៣០នាទី មុននឹងប្រធានាធីបតីរូបនោះធ្វើដំណើរចាកចេញពីទឹកដីកម្ពុជា នៅវេលាម៉ោង៩៖៣០នាទីព្រឹកថ្ងៃសុក្រ។ នេះបើយោងតាមកាលបរិច្ឆេទ នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិនមកកម្ពុជា។
សូមជំរាបថា លោក ស៊ី ជិនពីង បានមកដល់ប្រទេសកម្ពុជា នៅម៉ោង១២៖១៥ថ្ងៃត្រង់ ដើម្បីធ្វើទស្សនកិច្ចជាផ្លូវការលើកដំបូងនៅកម្ពុជា រយៈពេល២ថ្ងៃ ក្នុងនាមលោកប្រធានាធិបតីចិន ដែលទស្សនកិច្ចនេះ ចាប់ផ្តើមពីថ្ងៃទី១៣ ដល់១៤ ខែតុលា ឆ្នាំ២០១៦។ អំឡុងទស្សនកិច្ចនេះ រាជរដ្ឋាភិបាលកម្ពុជា-ចិន គ្រោងនឹងចុះកិច្ចព្រមព្រៀង និងពិធីសារសំខាន់ៗជាច្រើនផងដែរ។
ក្នុងការស្វាគមន៍ដល់ប្រធានាធិបតីចិនបំពេញទស្សនកិច្ចនៅកម្ពុជានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងនៅលើ Facebook ផ្លូវការរបស់សម្តេចយ៉ាងដូច្នេះថា៖ «លោកប្រធានាធិបតីចិន Xi Jinping បានអញ្ជើញមកដល់ប្រទេស កម្ពុជាប្រកបដោយសុវត្ថិភាពហើយ។ ដំណើរទស្សនកិច្ចរបស់ លោកប្រធានាធិបតី Xi Jinping គឺមានសារៈសំខាន់ខ្លាំងណាស់ នៅក្នុងការពង្រឹង និងពង្រីកមិត្តភាព និងសហប្រតិបត្តិការជាប្រពៃណី រវាងប្រទេសយើងជាបងប្អូនទាំងពីរកម្ពុជា-ចិន»៕