(ភ្នំពេញ)៖ មេខ្លោងក្រុមជ្រុលនិយម សម រង្ស៊ី កំពុងតែបំផុសគំរូហិង្សានៅស៊ីរី និងតាមប្រទេសដទៃ ដើម្បីឱ្យគេ ធ្វើត្រាប់តាមក្នុងបំណងចង់បំផ្លាញសន្តិភាពជាតិកម្ពុជា។ តើការបំផុសយកគំរូហិង្សារបស់បរទេសដើម្បីចង់ឱ្យកើតឡើងនៅក្នុងប្រទេសកម្ពុជានេះ អាចនឹងសម្រេចបានដែរ ឬទេ? Fresh Exclusive មានអត្ថបទស៊ីជម្រៅលើ បញ្ហានេះ...
នៅក្នុងពិភពលោកនេះ វាមិនមែនជារឿងចម្លែកនោះទេ ក្នុងការដែលឃើញមេដឹកនាំប្រឆាំងណាម្នាក់ព្យាយាមទាក់ទាញនូវការបំផុសគំនិតនៃភាពជោគជ័យតស៊ូរបស់ប្រទេសដទៃណាមួយ ដើម្បីឱ្យគេយកតម្រាប់តាម។ ប៉ុន្តែការបំផុសនូវគំរូប្រើហិង្សា ដើម្បីសម្លាប់សន្តិភាពជាតិរបស់ខ្លួន គឺជារឿងគួរឱ្យអស់សំណើច។
ការតស៊ូមតិឈានរកអំពើហឹង្សា ឬការញុះញង់រកអំពើបះបោរក្នុងការធ្វើជាមធ្យោបាយ ដើម្បីការប៉ុនប៉ងរកការផ្លាស់ប្តូររបបដឹកនាំសង្គម ដោយសារតែមហិច្ឆតានយោបាយសងសឹករបស់បុគ្គល សម រង្ស៊ី វាជាអំពើមួយ មិនត្រឹមតែគ្មានការទទួលខុសត្រូវប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រឆាំងនឹងការអភិវឌ្ឍន៍, ប្រឆាំងសន្តិភាព និងជាការនាំឱ្យប្រទេសរបស់ខ្លួនបែជាដើរថយក្រោយ បោះជំហានមិនទាន់នឹងដំណើរឈានទៅមុខរបស់ប្រទេសជិតខាងក្នុងតំបន់ឡើយ។
ប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា បានបង្ហាញរួចមកហើយថា ប្រមាណ៥០០ឆ្នាំចុងក្រោយរួចមកនេះ ភាពបែកបាក់របស់ខ្មែរក្នុងសង្គម បានធ្វើឱ្យក្រុមគ្រួសារខ្មែរខ្ចាត់ភ្លាត់ព្រាត់ប្រាស់គ្នា សូម្បីតែរូបបដិមា នៃកេរដំណែលព្រលឹងដូនតារាប់ពាន់ឆ្នាំ នៅតាមប្រាសាទបុរាណក៏ត្រូវបាននិរាសព្រាត់ប្រាស់ និងលួចបំផ្លិចបំផ្លាញ ប៉ុន្តែទើបត្រូវបានវិលត្រឡប់មកកម្ពុជាវិញក្រោយកម្ពុជា មានសន្តិភាពសាឡើងវិញតាមរយៈនយោបាយឈ្នះ-ឈ្នះបញ្ចប់សង្គ្រាមថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។
ប្រវត្តិសាស្ត្របានបង្ហាញថា ភាពស្រុតចុះរបស់អាណាចក្រខ្មែរក្រោយអតីតសម័យហ៊្វូណន ដ៏រុងរឿង ក៏ដោយសារតែទំនាស់ផ្ទៃក្នុងរវាងខ្មែរនិងខ្មែរ តាមរយៈការបំផុសឱ្យខ្មែរធ្វើសង្គ្រាមប្រឆាំងដាក់គ្នា និងការសម្លាប់គ្នាទៅវិញទៅមកមិនចេះចប់មិនចេះហើយ, ការចង់ផ្លាស់ប្តូររបៀបរបបដឹកនាំប្រទេស តាមរយៈការនិយាយលាបពណ៌ចោទប្រកាន់ធ្វើឱ្យគេស្អប់, ការស្វែងរកគំនាបពីបរទេស ដើម្បីដាក់ការគាបសង្កត់ និងចុងក្រោយការបំផុសគំនិតនៃភាពជោគជ័យហិង្សារបស់ប្រទេសណាមួយ ដើម្បីចង់ឱ្យខ្មែរ យកមកធ្វើជាគំរូត្រាប់តាមគេជាដើម។
យើងបានឃើញដោយជាក់ស្តែងនូវទង្វើនយោបាយដ៏រវើរវាយរបស់មេខ្លោងក្រុមជ្រុលនិយម សម រង្ស៊ី ដែលម្តងបានបំផុសគំនិតនៃភាពជោគជ័យតស៊ូរបស់ប្រទេសហ្វីលីពីនក្នុងអតីតសម័យលោក Ferdinand Marcos នៃទសវត្ស១៩៨០, ក្រោយមកពេលឃើញភាពប្រែប្រួល នៅក្នុងប្រទេសបង់ក្លាដេស្ហ ក៏ស្រែករកគំរូ តាមប្រទេសបង់ក្លាដេស្ហ និងក្រោយមកឃើញភាពប្រែប្រួលនៅក្នុងប្រទេសស៊ីរី ក៏បានស្រែកនូវអ្វីដែលគេដាក់ឈ្មោះថា «យុទ្ធសាស្ត្រ ផ្ការីក» ប៉ុន្តែ សម រង្ស៊ី មិនដែលបានគិតថាតើស្ថានភាពនៃប្រទេសដែលបានប្រែប្រួលទាំងនោះ ជាមួយនឹងស្ថានភាពរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន មានការខុសគ្នាយ៉ាងណាឡើយ?
* ត្រូវរៀនពីប្រវត្តិសាស្ត្រ
កម្ពុជាបានឆ្លងកាត់ជម្លោះ និងចលាចលជាច្រើនទសវត្សរួចមកហើយ។ របួសពីសង្គ្រាមស៊ីវិល និងភាពឃោរឃៅក្នុងសម័យខ្មែរក្រហម នៅតែចាក់ឫសយ៉ាងជ្រៅក្នុងស្រទាប់បេះដូងមនុស្ស គ្រប់រូប។ បើយើងសាកសួរទៅមនុស្សគ្រប់គ្នាដើម្បីចង់ដឹងថាតើគេត្រូវនាំគ្នាទៅរកសង្គ្រាមទៀតដែរ ឬទេនោះ? តើគេនឹងទទួលបានចម្លើយយ៉ាងណា?
ចម្លើយនៃសំណួរនេះ ពិតណាស់គឺគ្មានអ្នកណាម្នាក់ នឹងដឹកដៃគ្នាឆ្លងកាត់វដ្ដនៃអំពើហិង្សាសង្គ្រាម ដូចអ្វីដែលកម្ពុជាធ្លាប់បានឆ្លងកាត់រយៈពេលជិត៣០ឆ្នាំរួចមកនោះទៀតទេ។
ដំណើរនាំនយោបាយប្រទេសកម្ពុជាពីអតីតកាលដែលធ្លាក់ចូលក្នុងអំពើចលាចលសង្គ្រាម តាមរយៈរដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០, ក្រោយមកការធ្លាក់ចូលក្នុងរបបកាប់សម្លាប់រង្គាល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ និងការបន្តសង្គ្រាម រហូតដល់ថ្ងៃបញ្ចប់ទាំងស្រុងនាថ្ងៃទី២៩ ធ្នូ ឆ្នាំ១៩៩៨ ជាមួយការស្លាប់មនុស្សច្រើនលាននាក់ និងទុក្ខព្រាត់ប្រាសវេទនា និងការធ្វើឱ្យប្រទេសខ្លួនឯងរថយក្រោយច្រើនសិបឆ្នាំទៀតនោះ គ្មានអ្នកណាម្នាក់ចង់បាន ឬចង់ក្រសោបទៀតទេ។
ពលរដ្ឋខ្មែរបច្ចុប្បន្នមានតែការដឹងគុណនយោបាយឈ្នះ-ឈ្នះ ដាក់ចេញដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តែប៉ុណ្ណោះ ដែលជានយោបាយអច្ឆរិយៈមិនត្រឹមតែធ្វើឱ្យ កម្ពុជាមានសន្តិភាពពិតប្រាកដប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យទឹកដីកម្ពុជា បានឯកភាពពេញលេញនិងទាំងស្រុងថែមទៀត ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ៥០០ឆ្នាំរបស់កម្ពុជានេះ។
នរណាម្នាក់ដែលចង់នាំឱ្យប្រទេសកម្ពុជា បាត់បង់សន្តិភាពដែលរកបានយ៉ាងលំបាកក្នុងរយៈពេល២៦ឆ្នាំរួចមកនេះ នឹងក្លាយជាសត្រូវរបស់ប្រវត្តិសាស្ត្រខ្មែរជាមិនខានឡើយ។ ប្រវតិ្តសាស្រ្តបានបង្ហាញរួចមកហើយថា មានសង្គ្រាមមានអំពើហឹង្សា មានអំពើហិង្សាប្រទេស នឹងរងវិបត្តិ គ្មានស្ថិរភាព មានមនុស្សស្លាប់ និងរបួសដោយសារការប្រយុទ្ធគ្នា, ប្រទេសកាន់តែខ្ទេចខ្ទី ដុនដាប ហិនហោច និងគ្មានអ្នកណាមកទទួលទុក្ខនិងទោសជំនួសខ្មែរឡើយ។ ដូច្នេះ គេត្រូវរៀនអំពីប្រវត្តិសាស្ត្រនេះ ដោយមិនត្រូវឱ្យកម្ពុជាដែលមានសន្តិភាពធ្លាក់ចូលក្នុងសង្គ្រាមសាជាថ្មីវិញទៀតឡើយ។
* មិនត្រូវយកត្រាប់តាមអំពើហឹង្សាក្នុងការតស៊ូនយោបាយទេ
ការតស៊ូរបស់ប្រទេសនីមួយៗ មានលក្ខណៈប្លែកពីគេ និងដែលត្រូវបានរៀបចំឡើងដោយប្រវត្តិសាស្ត្រ វប្បធម៌ និងរចនាសម្ព័ន្ធសង្គមរបស់ខ្លួន។ ខណៈពេលដែលភាពជោគជ័យនៃការតស៊ូនៅតាមប្រទេសផ្សេង ត្រូវបានបំផុសឱ្យយកគំរូតាមនោះវាគឺជាការចម្លងមួយដោយងងឹតងងុលដោយអ្នកនយោបាយប្រឆាំងដ៏លេលាបំផុត ដែលមិនស្គាល់ថា កម្ពុជារបស់ខ្លួនឯងនេះមានអត្តសញ្ញាណយ៉ាងណានោះឡើយ។ កម្ពុជាមិនមែនដូចជាហ្វីលីពីន កម្ពុជាមិនមែនដូចជាប្រទេសបង់ក្លាដេស្ហ និងកម្ពុជា កាន់តែខុសពីប្រទេសស៊ីរី នោះថែមទៀត។ ការយកត្រាប់ហិង្សាពីប្រទេសដទៃក្នុងការតស៊ូនយោបាយដើម្បីចង់ឱ្យជាតិកម្ពុជាមានសង្គ្រាម ដើម្បីបម្រើតែមហិច្ឆតាគំនុំសងសឹកបុគ្គលផ្ទាល់ខ្លួននោះ គឺមានតែទណ្ឌិត សម រង្ស៊ី ម្នាក់នោះតែប៉ុណ្ណោះ។ ទណ្ឌិត សម រង្ស៊ី ត្រូវគេចាត់ទុកថាជាមេបក្សប្រឆាំងដ៏កំសាកផុតលេខ ជាមេបក្សប្រឆាំង ដែលតែងរត់ចោលស្រុកមិនហ៊ានប្រឈមនឹងបញ្ហាមេបក្សដែលរត់ចោលអ្នកគាំទ្ររបស់ខ្លួន និងជាមេបក្សប្រឆាំងដ៏អន់បំផុតមិនដែលគិតគូរ អំពីសុខទុក្ខអ្នកដែលអនុវត្តតាមនយោបាយទុច្ចរិតរបស់ខ្លួនឡើយ។
ខណៈសហរដ្ឋអាមេរិក ធ្លាប់ដាក់ចំណាត់លោក លន់ នល់ នៃអតីតមេដឹកនាំរបបសាធារណរដ្ឋខ្មែរ ជាអ្នកនយោបាយដ៏អន់បំផុតរបស់ខ្មែរ, សម រង្ស៊ី ក៏នឹងអាចមានឈ្មោះជាមេបក្ខនៃក្រុមប្រឆាំងដ៏ទន់ខ្សោយ និងមហាអន់បំផុតរបស់ខ្មែរក្នុងសម័យបច្ចុប្បន្ននេះដែរពីព្រោះ សម រង្ស៊ី ហាក់ដូចជាមិនចេះវិធីអ្វីក្រៅតែពីការធ្វើត្រាប់តាម, ចម្លងតាមមេរៀនហិង្សាបរទេស និងការប្រឌិតព័ត៌មានក្លែងក្លាយដែលសង្គមកម្ពុជា និងពិភពលោកផ្តន្ទាទោសតែប៉ុណ្ណោះ។ ក្រុមជ្រុលនិយម ត្រូវរៀនយល់ដឹងថា ទិដ្ឋភាពនយោបាយរបស់កម្ពុជា គឺទាមទារដំណោះស្រាយសមស្របតាមបរិបទរបស់ខ្លួនមិនមែនយុទ្ធសាស្ត្រចម្លងពីប្រទេសដទៃណាមួយនោះទេ។
* នយោបាយចាប់ដៃ និងជាន់ជើង មិនត្រូវឱ្យកើតមានទៀតឡើយ
ការបំផុសយុទ្ធសាស្ត្រផ្ការីកក្តី, ការបំផុសកងកម្លាំងបំបែរចុងអាវុធដាក់មកលើរាជរដ្ឋាភិបាលក្តី, ការប្រើសម្តីប្រមាថដាក់មកលើព្រះមហាក្សត្រខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់របស់ប្រជាជនកម្ពុជាក្តី, ការពន្យុះឱ្យមានការប្រើហិង្សាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ក្តី វាមិនមែនជាអំពើគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើយ។ នេះហើយជាមុខមាត់ពិតរបស់ទណ្ឌិត សម រង្ស៊ី ដែលតែងប្រើនយោបាយចាប់ដៃ ជាន់ជើង ដែលជានយោបាយបំផ្លាញការចរចាមិនឱ្យមានភាពសម្រេចបានឡើយ។
លទ្ធិប្រជាធិបតេយ្យពិតប្រាកដ តែងរីកលូតលាស់លើការសន្ទនាការសម្របសម្រួល និងសមត្ថភាពក្នុងការដោះស្រាយភាពខុសគ្នាដោយមិនប្រើអំពើហិង្សា ប៉ុន្តែបុគ្គល សម រង្ស៊ី នោះ មិនដែលប្រើប្រាស់ភាពទៀងត្រង់របស់ខ្លួនលើការសន្ទនាដើម្បីសន្តិភាពនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន ដែលធ្លាប់សណ្តោសប្រណីដល់អតីតក្រុមខ្មែរក្រហម, ជាអ្នកស្វះស្វែងរកការចរចា និងកិច្ចសន្ទនាគ្នាជាមួយគ្រប់គូបដិបក្ខខ្មែរ និងគ្រប់រូបភាពទាំងអស់ដើម្បីកត្តាសន្តិភាពក្នុងប្រទេសកម្ពុជា ប៉ុន្តែសម្តេច ត្រូវបានទណ្ឌិត សម រង្ស៊ី នេះបានធ្វើឱ្យឆ្អែតឆ្អន់ដោយសារតែនយោបាយទុច្ចរិត ចាប់ដៃនិងជាន់ជើង របស់បុគ្គលនេះ ដែលបានធ្វើជាច្រើនលើកនិងច្រើនសារមិនអាចអត់់ឱនឱ្យបានឡើយ។
ដំណោះស្រាយជាមួយភាពទុច្ចរិតនៃនយោបាយចាប់ដៃ និងជាន់ជើងនេះ គឺមានតែវិធីម្យ៉ាងតែប៉ុណ្ណោះ នោះគឺការអនុវត្តច្បាប់ចំពោះអ្នកជ្រកក្រោមស្លាកសិទ្ធិមនុស្សនិងលទ្ធិប្រជាធិប តេយ្យក្លែងក្លាយបែបនោះ។ សម្តេចតេជោ ធ្លាប់មានប្រសាសន៍បញ្ជាក់រួចមកហើយថា សម្តេច នឹងស្វាគមន៍ទទួលរាល់សមាជិកក្រុមធ្វើនយោបាយប្រឆាំងទាំងអស់ដែលភ្ញាក់រលឹកចាកចេញពីសម រង្ស៊ី ប៉ុន្តែលើកលែងតែទណ្ឌិត ម្នាក់នោះតែប៉ុណ្ណោះ ដែលជាបុគ្គលតែងប៉ុនប៉ងចង់បំផ្លាញសន្តិភាពរបស់ជាតិខ្មែរ។
សរុបមកវិញ មាគ៌ាឆ្ពោះទៅកាន់អនាគតដ៏ល្អប្រសើរសម្រាប់កម្ពុជា មិនមែនជានយោបាយ ចាប់ដៃ ហើយជាន់ជើងនោះទេ។ សុចរិតភាពនយោបាយ ជាមួយភាពទៀងត្រង់រវាងខ្មែរនិងខ្មែរ គឺជាការឱបក្រសោបសន្តិភាព ដែលជាដំណោះស្រាយដើម្បីនាំប្រទេសជាតិឈានសម្រេចដល់ត្រើយសុភមង្គល។
ដូច្នេះក្នុងនាមយើងម្នាក់ៗ ជាពលរដ្ឋ យើងត្រូវបដិសេធការអំពាវនាវណាឱ្យមានអំពើហិង្សា និងមិនត្រូវស្របតាមការបំផុសគំនិតនៃការឃើញភាពជោគជ័យហិង្សារបស់ប្រទេសដទៃណាមួយ ដើម្បីឱ្យយើងត្រូវយកតម្រាប់ធ្វើតាមដើម្បីប្រឆាំងនឹងសន្តិភាពនៅក្នុងប្រទេសកម្ពុជានេះឡើយ។ នេះហើយគេហៅថាភាពឥតប្រយោជន៍ និងគ្រោះថ្នាក់នៃវោហាសាស្ត្រហិង្សាក្នុងការតស៊ូនយោបាយ ដើម្បីចង់សម្លាប់សន្តិភាពជាតិខ្លួនឯងនោះ៕