(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី បញ្ចុះបឋមសិលាបើកការដ្ឋានបុកគ្រឹះ សាងសង់អគារមន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដើម្បីសុំម្ចាស់ទឹកម្ចាស់ដី សេចក្តីសុខចំរុងចម្រើន និងត្រៀមបើកការដា្ឋនសាងសង់ នៅថ្ងៃស្អែកនេះ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

គម្រោងមន្ទីរពេទ្យសាកលវិទ្យាល័យ នឹងសាងសង់នៅទីតាំងទី៣ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ស្ថិតនៅតាមបណ្តោយមហាវិថីមិត្តភាពភ្នំពេញ-ហាណូយ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ គម្រោងសាងសង់នេះ មានផ្ទៃដី ២២,២៤៣ម៉ែតការ៉េ និងទំហំអគារមន្ទីរពេទ្យ គឺ ៤,៨៩១ ម៉ែត្រការ៉េ ដែលមានបណ្តោយ ៨៣,៨០ម៉ែត្រ ទទឹង ៥៩,៨០ម៉ែត្រការ៉េ និងកម្ពស់ ៤០,៨០ម៉ែត មាន ៨ជាន់ (រាប់ទាំងជាន់ក្រោមដី) សរុបទាំងអស់ ៨ជាន់ ស្មើនឹង ២៧,០៧៩ម៉ែត្រ ដែលមានសមត្ថភាពទទួលអ្នកជំងឺសម្រាក សរុបចំនួន ២០០គ្រែ។

គម្រោងសាងសង់អគារមន្ទីរពេទ្យ បានទទួលការអនុម័តពីរាជរដ្ឋាភិ​បាលកម្ពុជា អនុញ្ញាតិឱ្យប្រើប្រាស់ថវិកាកម្ចីសម្បទានរបស់រដ្ឋាភិបាលសាធារណៈរដ្ឋកូរ៉េ នូវទឹកប្រាក់ឥណទានចំនួន ៦៦,៥៧លានដុល្លារ។ កិច្ចសន្យាសាងសង់មានរយៈពេល២៨ខែ ដែលគ្រោងនឹងបញ្ចប់នៅខែមិនា ឆ្នាំ២០២៧ខាងមុខ។

ដើម្បីជ្រាបច្បាស់ពីគម្រោងសាងសង់អគារខាងលើនេះ សូមលោកអ្នកទស្សនានូវកិច្ចសម្ភាស ឬកម្រងសំណួរដែលមានដូចខាងក្រោម របស់លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីក្រសួងសុខាភិបាល ជាមួយអ្នកសារព័ត៌មានដូចតទៅ៖

១៖ ឯកឧត្ដមរដ្ឋមន្ដ្រី តើព្រឹត្ដិការណ៍ក្រុងពាលី និងបញ្ចុះបឋមសិលា សាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យ វិទ្យាសាស្ដ្រសុខាភិបាល នេះមានអត្ថន័យយ៉ាងដូចម្ដេចដែរ?
ចម្លើយ៖ ការសាងសង់អគារមន្ទីរពេទ្យសាកលវិទ្យាល័យ វិទ្យាសាស្ដ្រសុខាភិបាល គឺជាប្រវត្ដិសាស្ដ្រនៃប្រព័ន្ធសុខាភិបាលកម្ពុជាយើង ដោយមន្ទីរពេទ្យសាលកវិទ្យាល័យនេះ នៅពេលដែលសាងសង់រួម មិនត្រឹមតែក្លាយជាមន្ទីរពេទ្យដ៏ទំនើបប៉ុណ្ណោះទេ ក៏ជាសញ្ញានៃការសម្រេចចិត្ដរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្ដល់សេវាសុខាភិបាលមួយប្រកបដោយគុណភាពកាន់តែប្រសើរឡើង ជាពិសេសការបណ្ដុះបណ្ដាលធនធានមនុស្សអ្នកជំនាន់ថ្មី ក្នុងជំនាញសុខាភិបាលរួមទាំងការបញ្ជូលបច្ចេកវិទ្យាសុខាភិបាលឈានមុខ សម្រាប់ធ្វើការនវានុវត្ដន៍នៃការអនុវត្ដន៍ការងារជាប្រចាំថ្ងៃ ក៏ដូចជាទៅពេលអនាគតផងដែរ។

២៖ តើគម្រោងនេះ នឹងផ្ដល់នវានុវត្ដន៍អ្វីខ្លះ?
ចម្លើយ៖ មន្ទីរពេទ្យនេះនឹងរចនាឡើងតាមស្ដង់ដារអន្ដរជាតិជាមួយនឹងឧបករណ៍ បច្ចេកវិទ្យាទំនើបបំផុត សម្រាប់ធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺ នេះជាឱកាសមួយសម្រាប់ការរីកចម្រើនដល់វិស័យយើង ក្នុងភាពទំនើបទាន់សម័យ ហើយលើសពីនោះទៅទៀត មន្ទីរពេទ្យសាកលវិទ្យាល័យ នឹងក្លាយជាកន្លែងសិក្សា ស្រាវជ្រាវ ដើម្បីទាក់ទាញអ្នកជំនាញដែលមានទេពកោសល្យកម្រិតជាតិ និងអន្ដរជាតិមកធ្វើការសហការគ្នានៅទីតាំងនេះ ដើម្បីប្រឹងប្រែងរកនវានុវត្ដន៍ថ្មីៗបន្ថែមទៀតនៅក្នុងវិស័យសុខាភិបាល ទាំងផ្នែកសិក្សា ស្រាវជ្រាវ ព្យាបាល ការពារ និងទាំងផ្នែកគោលនយោបាយនៃការអប់រំវិស័យសុខាភិបាល។

៣៖ តើគម្រោងនេះស្ថិតនៅក្នុងយុទ្ធសាស្ដ្ររាជរដ្ឋាភិបាល យ៉ាងដូចម្ដេចដែរ?
ចម្លើយ៖ ចាប់តាំងពីចាប់ផ្ដើមនូវអណត្ដិ និតីកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលយើង បានដាក់ចេញនូវអាទិភាពជាសំខាន់ក្នុងវិស័យសុខាភិបាល នៅក្នុងយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ ផ្ដោតសំខាន់ទៅលើសុខភាព ការបណ្ដុះបណ្ដាលធនធានមនុស្ស ការអភិវឌ្ឍបច្ចេកវិទ្យាទំនើប ដែលនេះបង្ហាញពីការចង់បានរបស់រាជរដ្ឋាភិបាល ក្នុងការកសាងប្រព័ន្ធសុខាភិបាលមួយដ៏រឹងមាំ និងមានអត្ថប្រយោជន៍កាន់តែទូលំទូលាយសម្រាប់ពលរដ្ឋកម្ពុជា។

៤៖ តើឯកឧត្ដមមានក្ដីសង្ឃឹមយ៉ាងណាដែរ ចំពោះសមិទ្ធផលថ្មីនេះ ហើយសមិទ្ធផលនេះនឹងផ្ដល់អត្ថប្រយោជន៍អ្វីខ្លះដល់ប្រជាពលរដ្ឋកម្ពុជា?
ចម្លើយ៖ ខ្ញុំមានជំនឿជាក់យ៉ាងមុតមំាថា មន្ទីរពេទ្យនេះនឹងក្លាយជាបង្អែកមួយបន្ថែមទៀតសម្រាប់ជាតិ និងតំបន់ផងដែរ។ ប​ន្ថែមពីលើនោះ មន្ទីរពេទ្យវិទ្យាសាស្ដ្រសុខាភិបាល នឹងផ្ដល់សេវាសុខាភិបាលដែលមានគុណភាពជូនប្រជាពលរដ្ឋយើង ហើយនឹងក្លាយជាកន្លែងបណ្ដុះបណ្ដាលសម្រាប់អ្នកជំនាញសុខាភិបាលជំនាន់ថ្មី ឱ្យកាន់តែមានគុណភាពបន្ថែមទៀត ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ហើយក៏ជាសញ្ញាបញ្ជាក់នូវក្ដីសង្ឃឹម និងទំនុកចិត្ដទៅលើសមត្ថភាពរបស់រាជរដ្ឋាភិបាលកម្ពុជាយើង ក្នុងការកសាងព្រះរាជាណាចក្រកម្ពុជា លើវិស័យសុខាភិបាល ដែលកាន់តែរឹងមាំ និងរីកចម្រើនតទៅអនាគត។

៥៖ តើឯកឧត្ដមមានពាក្យអ្វីផ្ដាំផ្ញើជូនទៅកាន់អ្នកជំនាញសុខាភិបាល ក៏ដូចជាមន្ដ្រីសុខាភិបាលដែលនឹងបំពេញភារកិច្ច នៅមន្ទីរពេទ្យសកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល?
ចម្លើយ៖ ខ្ញុំសូមផ្ដាំផ្ញើជូនបងប្អូនសហភារតដែលមានវិជ្ជាជីវៈសុខាភិបាល និងបំពេញការងារនៅទីនេះទាំងអស់ឱ្យបានថា មន្ទីរពេទ្យនេះនឹងក្លាយជាកន្លែងបំពេញភារកិច្ចរបស់បងប្អូនសហភារតទាំងអស់ ហើយមន្ទីរពេទ្យនេះ នឹងផ្ដល់ជាមធ្យោបាយដ៏មានសារសំខាន់ជូនទៅដល់បងប្អូនដែលបំពេញភារកិច្ចនៅក្នុងបរិស្ថានការងារមួយដ៏ទំនើប ដែលគួរឱ្យស្វែងយល់ និងយកចិត្ដទុកដាក់បម្រើសេវាសុខាភិបាលនៅកម្ពុជា ហើយខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់ នឹងប្ដេជ្ញាចិត្ដក្នុងការផ្ដល់សេវាប្រកបដោយភាពគំរូ និងធ្វើឱ្យមានការរីកចម្រើនបន្ថែមទៀត ពីអគារមន្ទីរពេទ្យនៃសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាលនេះ ដែលជានិមិត្ដសញ្ញាមួយនៃភាពល្អប្រសើរនៅក្នុងវិស័យសុខាភិបាលកម្ពុជា៕

៦៖ ជាចុងក្រោយនេះ តើឯកឧត្ដមមានសារអ្វីខ្លះ ជូនទៅដល់បងប្អូនប្រជាពលរដ្ឋ?
ចម្លើយ៖ ជាចុងក្រោយ ខ្ញុំសូមគោរពជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋឱ្យបានជ្រាបថា គម្រោងមន្ទីពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល គឺជាឆ្លុះបញ្ចាំងនៃការយកចិត្ដទុកដាក់ខ្ពស់របស់ក្រសួងសុខាភិបាល ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា សំដៅធ្វើឱ្យបានប្រសើរឡើងនូវសុខភាពសាធារណៈ សុខុមាលភាពរបស់ប្រជាពលរដ្ឋ និងឈានទៅរកការកសាងអនាគតមួយដ៏រុងរឿង ហើយពួកយើងទាំងអស់គ្នា នឹងខិតខំប្ដេជ្ញាចិត្ដ ធ្វើយ៉ាងណាឱ្យមន្ទីរពេទ្យនេះ ក្លាយជាទីកន្លែងមួយដែលផ្ដល់នូវជីវិត ផ្ដល់នូវកំណើត ផ្ដល់នូវក្ដីសង្ឃឹម និងផ្ដល់នូវការជោគជ័យសម្រាប់យើងទាំងអស់គ្នា ។​ខ្ញុំសូមអរគុណ!!!