(ភ្នំពេញ)៖ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ បានជួបសំណេះសំណាល និងទទួលអំណោយមួកសុវត្ថិភាពចំនួន៥០០ ពីលោក ផា ប៊ុនណាត តំណាងក្រុមហ៊ុនគង់នួនគ្រុប និង អាយ អរ ស៊ី និងលោកស្រី គង់ សូម៉ាលី។ ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។
ក្នុងឱកាសនេះ លោកស្រីអគ្គលេខាធិការ បាននាំប្រសាសន៍សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសូមថ្លែងអំណរគុណចំពោះក្រុមហ៊ុនគង់នួនគ្រុប និងអាយ អរ ស៊ី ដែលបានឧបត្ថម្ភគាំទ្រដល់កាកបាទក្រហមកម្ពុជា តាំងពីឆ្នាំ២០១២ រហូតមកទល់បច្ចុប្បន្ននេះ។
លោកស្រីអគ្គលេខាធិការ បានបន្តថា កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្ដិយស និងក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន គឺតែងតែផ្ដោតការយកចិត្ដទុកដាក់ខ្ពស់ដល់សុខទុក្ខរបស់ប្រជានុរាស្ដ្រជាធំ ដោយមិនទុកឱ្យកូនចៅប្រុសស្រីណាមួយ ក្ដៅ រងារ អត់ឃ្លាត និងគ្មានជម្រករស់នៅ ដោយមិនទទួលបានការជួយសង្គ្រោះនោះទេ។
លោកស្រីបានបញ្ជាក់ថា «កាកបាទក្រហមកម្ពុជា បានធ្វើវិមជ្ឈការ និង វិសហមជ្ឈការ ទៅដល់សាខាទាំង២៥រាជធានីខេត្ត ដោយគោរពតាមគោលការណ៍ និងត្រូវធ្វើរបាយការណ៍សវនកម្មផ្ទៃក្នុងជូន ចលនាអន្តរជាតិកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមជារៀងរាល់ឆ្នាំ។ ទោះបីជាពិភពលោក និងកម្ពុជាជួបនៅវិបត្តិសេចកិច្ចក៏ដោយ ក៏កាកបាទក្រហមកម្ពុជា នៅតែទទួលបាននូវសេចក្តីស្រឡាញ់ និងទំនុកចិត្តពីសប្បុរសជនគ្រប់មជ្ឈដ្ឋានផងដែរ។
កាកបាទក្រហមកម្ពុជា គឺជាជំនួយការឱ្យរាជរដ្ឋាភិបាលក្នុងវិស័យមនុស្សធម៌ និងមានអ្នកស្ម័គ្រចិត្ត២នាក់ក្នុងមួយភូមិ ដូច្នេះហើយរាល់ប្រតិបត្តិការមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា តែងតែមានអាជ្ញាធរមូលដ្ឋានចូលយ៉ាងសកម្ម ក្នុងបានជួយដល់ប្រជាជនបានឆាប់រហ័សនិងទាន់ពេលវេលា»។
ជាមួយគ្នានោះលោក ផា ប៊ុនណាត តំណាងក្រុមហ៊ុន គង់ នួន គ្រុប និងអាយ អរ ស៊ី បានថ្លែងអំណរគុណ និងកោតសរសើរនូវសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក្រោមការដឹនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ា ហ៊ុនសែន ដែលបានជួយដល់ប្រជាជនយើងពិតប្រាដកមែន ហើយក្រុមហ៊ុននៅតែបន្តឧបត្ថម្ភគាទ្រ និងសហការជាមួយកាកបាទក្រហមជានិច្ច៕