(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នឹងរៀបចំ «ពិព័រណ៍ពាណិជ្ជកម្ម ឆ្នាំ២០២៤ CTE» ក្រោមមូលបទ «យុគសម័យថ្មីនៃពាណិជ្ជកម្ម» ដើម្បីដាក់តាំងបង្ហាញផលិតផលសក្តានុពលជាច្រើនមុខរបស់កម្ពុជា ក៏ដូចជាបង្ហាញពីរបត់នៃការធ្វើពាណិជ្ជកម្ម ក្នុងយុគ្គសម័យថ្មី ដែលជាឱកាសច្បាមយកឱកាសពង្រីកទីផ្សារបន្ថែម ស្របតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល និងក្រសួងពាណិជ្ជកម្ម គឺពង្រឹងទីផ្សារចាស់ និងពង្រីកទីផ្សារថ្មី។

តាមរយៈការបង្ហាញពីផលិតផលសំខាន់ៗរបស់កម្ពុជា ជូនដល់អ្នកទស្សនាជាតិ និងអន្តរជាតិ ពិព័រណ៍ពាណិជ្ជកម្ម នឹងចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យកម្ពុជាក្លាយជា ប្រទេសដែលមានភាពប្រកួតប្រជែងខ្ពស់ នៅក្នុងទីផ្សារអន្តរជាតិ។

«ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា (CTE) នឹងត្រូវរៀបចំចាប់ពីថ្ងៃទី១៣-១៦ ខែធ្នូ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលភីរេច ក្នុងបុរីងហួតបឹងស្នោ ដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងផ្ដល់កិត្តិយសអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកសម្ពោធជាផ្លូវការ។

លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានថ្លែងក្នុងកម្មវិធីជំនួបអ្នកសារព័ត៌មាន នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤នេះ ថា ពិព័រណ៍នេះនឹងមានការតាំងបង្ហាញនូវផលិតផលចម្រុះ ដែលជាផលិតផលសក្តានុពលរបស់កម្ពុជា ទំនិញនាំចេញ-នាំចូល ដែលមានគុណភាពខ្ពស់ និងសវាកម្មដែលមានលក្ខណៈពិសេស របស់បណ្តាអ្នកផ្គត់ផ្គង់កម្ពុជា និងជុំវិញពិភពលោក ទាំងក្នុងស្រុក និងទំនិញនាំចូល ដែលមានពីពាណិជ្ជករជាតិ និងអន្តរជាតិ។ ក្រៅពីមានការតាំងបង្ហាញផលិតផល និងសេវាកម្មដ៏សម្បូរបែប ពិព័រណ៍នេះ ក៏ជាវេទិកាសម្រាប់ពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជាជាមួយទីផ្សារអន្តរជាតិផងដែរ។

លោកបន្តថា បេសកកម្មចម្បងរបស់ពិព័រណ៍ CTE គឺដើម្បីជំរុញសកម្មភាពពាណិជ្ជកម្មកម្ពុជា និងធ្វើឱ្យកាន់តែប្រសើរឡើង នូវបរិយាកាស និងឱកាសធុរកិច្ច និងវិនិយោគ ព្រមទាំងជំរុញសកម្មភាពការនាំចេញ-នាំចូល និងការផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម និងការសាងបណ្តាញរវាងអ្នកតាំងពិព័រណ៍ក្នុងស្រុក និងអន្តរជាតិអ្នកទស្សនាពិព័រណ៍ និងអ្នកចូលរួមពិព័រណ៍ ។

លោកបន្ថែមថា «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា (CTE) គ្រោងរៀបចំស្តង់ពិព័រណ៍ចំនួន ២៤៦ស្តង់ សម្រាប់ពាណិជ្ជករក្នុងស្រុក និងក្រៅប្រទេស។ អំឡុងពេល៤ថ្ងៃ នៃការតាំងពិព័រណ៍ និងកម្មវិធីអបនានា ក្រសួងពាណិជ្ជកម្មរំពឹងថា នឹងទទួលបានអ្នកចូលរួមទស្សនាប្រមាណ ៥០,០០០នាក់ រួមមាន មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អ្នកទស្សនាជាតិ និងអន្តរជាតិ សាធារណជនទូទៅជាពិសេសអ្នកទិញ និងអ្នកចែកចាយមកពីបណ្តាប្រទេសនានា។

ពិព័រណ៍នេះ គឺជាព្រឹត្តិការណ៍ពិព័ណ៍ពាណិជ្ជកម្មកម្រិតអន្តរជាតិដ៏ធំប្រចាំឆ្នាំ របស់ក្រសួងពាណិជ្ជកម្ម ដើមឡើយមានឈ្មោះថា «ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល ដែលចាប់តាំងពីឆ្នាំ២០០៦មក ត្រូវបានរៀបចំឡើងទទួលបានជោគជ័យចំនួន ១៦លើក។ ការផ្លាស់ប្តូរឈ្មោះពិព័រណ៍ CTE ក្នុងគោលបំណងធ្វើឱ្យពិព័រណ៍នេះ កាន់តែមានភាពសាមញ្ញងាយស្រួលចងចាំ ឆ្លុះបញ្ចាំងពីគោលគំនិតឧត្ដមភាព និងប្រកបដោយភាពទាក់ទាញ ក្នុងទីផ្សារសម័យថ្មីដែលមានភាពរស់វឹក និងការយកចិត្តទុកដាក់ទៅលើគុណភាព និងភាពច្នៃប្រឌិតខ្ពស់ ។

មូលបទ «យុគសម័យថ្មីនៃពាណិជ្ជកម្ម តំណាងឱ្យការស្តារឡើងវិញ និងការរីកចម្រើននៃពាណិជ្ជកម្មរបស់កម្ពុជា ដែលបង្ហាញពីសករាជថ្មីនៃការអភិវឌ្ឍ សេដ្ឋកិច្ច ការចូលរួមជាសកល និងការពង្រឹងភាពប្រកួតប្រជែង។

ពាក្យ «យុគសម័យថ្មី» ឆ្លុះបញ្ចាំងពីវិធីសាស្ត្រដ៏សកម្ម និងប្រកបដោយថាមវន្ត នៃបេសកកម្មពាណិជ្ជកម្មបច្ចុប្បន្ន និងបង្ហាញពីការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការសម្រេចឱ្យបាននូវចក្ខុរីស័យឆ្នាំ ២០៣០។
មូលបទ «យុគសម័យថ្មីនៃពាណិជ្ជកម្ម» គូសបញ្ជាក់យ៉ាងម៉ឺងម៉ាត់ នូវគោលដៅអភិវឌ្ឍន៍ពាណិជ្ជកម្មថ្មីរបស់កម្ពុជា និងការប្តេជ្ញាចិត្តក្នុងការកា្លយជាតួអង្គសំខាន់ នៅក្នុងទីផ្សារពិភពលោក តាមរយៈការតាំងបង្ហាញផលិតផល ដែលមានលក្ខណៈពិសេស ការបង្ហាញពីសមត្ថភាពផលិតកម្មទំនើបកម្ម ការសម្រួលការនាំចេញ និងការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងចុងក្រោយ បម្រើឱ្យវិស័យពាណិជ្ជកម្ម៕