(ពោធិ៍សាត់)៖ រដ្ឋបាលខេត្តពោធិ៍សាត់ នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រ ស្ដីពីការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឆ្នាំ២០២៤-២០២៨ ក្រោមអធិបតីភាព លោកសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ព្រមទាំងប្រតិភូអមដំណើរ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងទាំង៣ អភិបាលក្រុងស្រុកទាំង៧ ប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត ក្រុមប្រឹក្សាឃុំសង្កាត់ មេប៉ុស្តិ៍រដ្ឋបាលឃុំសង្កាត់ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

បន្ទាប់ពី លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានមានមតិស្វាគមន៍ និងថ្លែងនូវរបាយការណ៍ ស្តីពីការអនុវត្តនូវគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ សម្រេចបានលទ្ធផលល្អប្រសើរគួរឱ្យកត់សម្គាល់ នោះរួចមក, លោកសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ បានកោតសរសើរ និងធ្វើការវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព សំដៅធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ជាពិសេសការចូលរួមទប់ស្តាត់រាល់បទល្មើសដែលកើតឡើងក្នុងភូមិសាស្រ្តគ្រប់គ្រង របស់រដ្ឋបាលខេត្តពោធិ៍សាត់។

លោករដ្ឋលេខាធិការ ថ្លែងបន្តថា ផែនការយុទ្ធសាស្ត្រ ស្តីពីការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឆ្នាំ២០២៤-២០២៨ របស់ក្រសួងមហាផ្ទៃ គឺដើម្បីឱ្យប្រជាពលរដ្ឋទទួលបានសេវាសាធារណៈ ប្រកបដោយគុណភាព តម្លាភាព បរិយាប័ន្នសង្គម និងរស់នៅប្រកបដោយសុវត្ថិភាព ផាសុកភាព និងសុខដុមរមនា ក្នុងសហគមន៍ដែលមានសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម បរិស្ថាន ធនធានធម្មជាតិ និងអនាម័យល្អប្រសើរ លើកកម្ពស់ការផ្តល់សេវាសាធារណៈពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម លើកកម្ពស់ អនាម័យ បរិស្ថាន សុខុមាលភាពប្រជាពលរដ្ឋ និងកាត់បន្ថយគ្រោះថ្នាក់នានា ដែលបណ្តាលមកពីគ្រោះមហន្តរាយ និងជំងឺឆ្លងរាតត្បាត នៅគ្រប់កាលៈទេសៈ ព្រមទាំងលើកទឹកចិត្តឱ្យមានការដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ សំណូមពរចាំបាច់របស់ប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាប្រឈមនានាប្រកបដោយប្រសិទ្ធភាព គុណភាព គណនេយ្យភាព តម្លាភាព យុត្តិធម៌ បរិយាបន្ន និងសមធម៌សង្គម។

លោកសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ បានថ្លែងគូសបញ្ជាក់ថា នៅក្នុងលក្ខណៈសម្បត្តិទាំង៧ចំណុច នៃគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព លក្ខណៈសម្បត្តិចំនួន៣ ត្រូវបានលើកយកមកផ្ដល់ពិន្ទុ ក្នុងការប្រកួតប្រជែងប្រចាំឆ្នាំ រួមមាន៖ លក្ខណៈសម្បត្តិទី២ ទី៣ និងទី៤ រួមបន្ថែមជាមួយ និងការចុះផ្សព្វផ្សាយការធ្វើវេទិកាសាធារណៈ និងការពង្រឹងចលនាប្រជាការពារ និងប៉ុស្ដិ៍នគបាលរដ្ឋបាល ដែលជាសកម្មភាព គាំទ្របម្រើឱ្យការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព៕