(ប៉ៃលិន)៖ នៅសាលប្រជុំធំសាលាខេត្ត នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី៧ អាណត្តិទី៤របស់ខ្លួន ស្ថិតក្រោមអធិបតីភាពលោក ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និង លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត នាយក នាយករងរដ្ឋបាលខេត្ត នាយកទីចាត់ការ លោក-លោកស្រី ប្រធានមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត និងអាជ្ញាធរក្រុង-ស្រុក ជាច្រើននាក់ផងដែរ។
ក្នុងកិច្ចប្រជុំនេះមានរបៀបវារៈដូចជា៖ ១.ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៧ ក្រុមប្រឹក្សាខេត្តប៉ៃលិន អាណត្តិទី៤២.ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ ស្ដីពីការអនុវត្តការងារប្រចាំខែវិច្ឆិកាឆ្នាំ២០២៤ និងទិសដៅការងារបន្ត របស់រដ្ឋបាលខេត្តប៉ៃលិន ៣.ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តប៉ៃលិន ៤.បញ្ហាផ្សេងៗពិនិត្យ និងពិភាក្សាលើបញ្ហាប្រឈម សំណើ សំណូមពរ និងដំណោះស្រាយវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តប៉ៃលិន អាណត្តិទី៤ ឆ្នាំ២០២៤។
បន្ទាប់ពីលោក ញ៉ូវ គង្គារ នាយកទីចាត់ការធនធានមនុស្ស អានដីកាលេខ០៣១/២៤ ដក.តត ចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្តីពីការប្រគល់ភារកិច្ចជូនមន្ត្រីរាជការរបស់រដ្ឋបាលខេត្ត រួចមក លោកស្រីបណ្ឌិត បាន ស្រីមុំ បានក្រើនរំលឹកដល់មន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត និងអាជ្ញាធរ ក្រុង/ស្រុក ត្រូវបន្តពិនិត្យមើលឡើងវិញនូវរាល់បញ្ហា នាពេលកន្លងមក មិនត្រូវទុកចោលនោះទេ គឺត្រូវដោះស្រាយជូន ពលរដ្ឋ ឱ្យបានទាន់ពេលវេលា ដោយមិនត្រូវរើសអើង ប្រកាន់បក្សពួកនិយម និងគ្រួសារនិយម ជាពិសេសត្រូវខិតខំដុស ខាត់ ទាំងចំណេះដឹង និងសមត្ថភាព ក្នុងនាមជាតំណាងសាធារណៈស្វ័យភាពរបស់មូលដ្ឋាន ដើម្បីអនុវត្តតួនាទី និង ភារកិច្ចរបស់ខ្លួន ឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ប្រកបដោយសមធម៌ បរិយាប័ន្ន និងមានចីរភាពឈានឆ្ពោះទៅរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ។
លោកស្រីបណ្ឌិតអភិបាលខេត្ត បានលើកទឹកចិត្ត និងផ្តាំផ្ញើដល់មន្ត្រីរាជការ ដែលទើបប្រកាសចូលកាន់មុខតំណែងថ្មី ត្រូវយកចិត្តទុកដាក់អនុវត្តតួនាទីភារ:កិច្ច ក្នុងការបំពេញការងារ ប្រកបដោយមនសិការវិជ្ជាជីវ: និងមានការទទួល ខុសត្រូវខ្ពស់ ព្រមទាំងមានកិច្ចសហការល្អ មានសាមគ្គីភាព និងឯកភាពផ្ទៃក្នុងនិងចូលរួមចំណែកធ្វើឲ្យការអនុវត្តការងារក្នុងជួរគណៈអភិបាលខេត្ត កាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីជំរុញការអនុវត្តកម្មវិធីកំណែទម្រង់ នានារបស់រាជរដ្ឋាភិបាល ជាពិសេសការលើកកម្ពស់ការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋនិងការអភិវឌ្ឍខេត្ត ឲ្យកាន់តែមានការរីកចម្រើនប្រកបដោយបរិយាប័ន្ន និងសមធម៌សង្គម ឆ្លើយតបទៅនឹងសេចក្តីត្រូវការ និងសំណូមពរជាក់ស្តែងពិតប្រាកដរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យបានកាន់តែល្អជាងមុន ប្រសិទ្ធភាពជាងមុន និងទទួលបានផលច្រើនជាងមុន ដោយត្រូវប្រកាន់ខ្ជាប់នូវអភិក្រមរបស់សម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា គឺ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» និងបាវចនាពីរគឺ «កែទម្រង់ខាងក្នុង និងបង្កើតមិត្តខាងក្រៅ» ដោយស្មារតីឯករាជ្យ។
លោកស្រីបណ្ឌិត បាន ស្រីមុំ បានកោតសរសើរ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំង ប្រដាប់ អាវុធទាំង ៣ប្រភេទ ដែលកន្លងមកបានខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធិភាព ព្រមទាំង បាន ចូលរួមក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការបម្រើសេវាសាធារណៈនានាបានល្អប្រសើ និងបាន កសាង សមិទ្ធផលនានា នៅតាមមូលដ្ឋានឱ្យលេចឡើងជារូបរាងដែលជាការរួមចំណែកឲ្យខេត្តប៉ៃលិនយើង មានភាពរីក ចម្រើន ស្របតាមគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោក ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន បានវាយតម្លៃខ្ពស់ ចំពោះរដ្ឋបាលខេត្តប៉ៃលិន ដែលមានលោកស្រីបណ្ឌិត បាន ស្រីមុំ ជាអភិបាលខេត្ត បានខិតខំប្រឹងប្រែង ធ្វើការដោះ ស្រាយរាល់បញ្ហានានាជូនដល់ប្រជាពលរដ្ឋ និងការអនុវត្តនូវគោលនយោបាយភូមិ/ឃុំ មានសុវត្តិភាព នៅតាមមូលដ្ឋានប្រកប ដោយប្រសិទ្ធិភាពខ្ពស់ និងបានធ្វើការអភិវឌ្ឍខេត្ត ឱ្យមានការរីកចំរើនជាបន្តបន្ទាប់ គួរជាទីមោទន ជាក់ស្តែងការរៀបចំសោភ័ណ្ឌភាព ខេត្តយ៉ាងស្រស់ស្អាត គួរអោយទាក់ទាញ ដែលធ្វើអោយភ្ញៀវជាតិនិងអន្តរជាតិមក កំសាន្ត មានការស្ងើចសសើរមិនដាច់ពីមាត់ ចំពោះការកែប្រែមុខមាត់ថ្មីរបស់ខេត្តប៉ៃលិន។
នៅក្នុងឱកាសនោះ ប្រធានក្រុមប្រឹក្សា បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ ត្រូវបន្តខិតខំបន្ថែមទៀត ក្នុងន័យបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដោយត្រូវយកចិត្ត ទុកដាក់ខ្ពស់ទៅលើការដោះ ស្រាយបញ្ហាប្រឈមនានា ក៍ដូចជាបំរើ សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានឆាប់រហ័ស ទាន់សភាពការណ៍ និងមានប្រសិទ្ធភាពខ្ពស់ ស្របទៅនឹងគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧នេះ ៕