(ដូហា, កាតា)៖ នៅវេលាម៉ោងប្រមាណ១៦ ថ្ងៃចន្ទ ទី៩ ខែធ្នូ ឆ្នាំ២០២៤ ម៉ោងនៅទីក្រុងដូហា ប្រទេសកាតា សម្តេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​សភាកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ បានអញ្ជើញដល់អាកាសយានដ្ឋាន​អន្តរជាតិដូហា ប្រកបដោយសុខសុវត្ថិភាព ដើម្បីបំពេញទស្សនកិច្ចផ្លូវការ រយៈពេល២ថ្ងៃនៅទីក្រុងដូហា ប្រទេសកាតា។

ដំណើរអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិដូហា សម្តេចតេជោ និង​គណៈ​ប្រតិភូជាន់ខ្ពស់ ទទួលបានការ​ធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាល និងកក់ក្តៅ​បំផុតពីសំណាក់លោក ហាសសាន ប៊ីន អាប់ឌុលឡា អាល់ហ្កា​នីម (Hassan Bin Abdulla Al-Ghanim) ប្រធានរដ្ឋសភាកាតា ព្រម​ទាំង​លោក លោកស្រី ជាឥស្សរជនជាន់ខ្ពស់សភាកាតា និងឥស្សរជន​ការ​ទូត​របស់កម្ពុជា ជាច្រើនរូបទៀត។

សូមបញ្ជាក់ថា នៅក្នុងសប្តាហ៍នេះសម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសជាមិត្តចំនួន៤ ដែលសុទ្ធតែជាប្រទេសកាន់សាសនាឥស្លាម។ ប្រទេសទាំង៤នោះ រួមមាន៖ ប្រទេសអារ៉ា​ប៊ីសាអូឌីត, ប្រទេសកាតា, ប្រទេសតួកគី និងប្រទេសអេមីរ៉ាត់អារ៉ាបរួម។ សម្តេចតេជោ និងគណៈប្រតិភូ បានចាប់ផ្តើមដំណើរទស្សនកិច្ចកាលពីថ្ងៃទី៨ ខែធ្នូ។ នៅថ្ងៃទី៩ ខែធ្នូ នេះ សម្តេចតេជោ និងគណៈប្រតិភូទើបនឹងបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសអារ៉ាប៊ីសាអូឌីត ហើយងចាប់ផ្តើមដំណើរទស្សនកិច្ចនៅប្រទេសកាតា៕