(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានលើកឡើងថា ផ្លូវបេតុង និងហេដ្ឋារចនាសម្ព័ន្ធស្អេកស្កះនៅក្នុងស្រុក គឺដើម្បីឆ្លើយតបសំណូមពរ និងតម្រូវការប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
លោក សាយ គឹមឡម បានថ្លែងពិនិត្យមើលដំណើរការធ្វើផ្លូវបេតុងថ្មីនៅក្នុងឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤។
លោកបញ្ជាក់ថា ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ជាការបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់អាជ្ញាធរមូលដ្ឋាន ជាពិសេសរាជរដ្ឋាភិបាលក្នុងការបំពេញតម្រូវការជាក់ស្ដែង និងបង្ហាញឱ្យឃើញពីសុខសន្តិភាព និងការអភិវឌ្ឍក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ទន្ទឹមនឹងនេះ លោកបានអំពាវនាវប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ជាពិសេសអ្នកនៅសងខាងផ្លូវ សូមចូលរួមថែរក្សាការពារផ្លូវនេះឱ្យបានល្អ ទាំងបរិស្ថាន អនាម័យ សោភ័ណភាព ដើម្បីធានានូវគុណភាព និងការប្រើប្រាស់បានយូរអង្វែង។
លើសពីនេះប្រជាពលរដ្ឋនៅក្នុងឃុំកំពង់ចិនត្បូង និងស្រុកខ្ទង់ទាំងមូលមានការសាទរ និងរីករាយក្រៃលែងជាមួយសមិទ្ធផលថ្មីៗ ជាពិសេសផ្លូវបេតុង ដែលរដ្ឋបាលឃុំ និងរាជរដ្ឋាភិបាលតែងតែសាងសង់ជូនពួកគាត់ជារៀងរាល់ឆ្នាំ ដែលជាការឆ្លើយតបនឹងតម្រូវការព្រមទាំងធ្វើដំណើរបានស្រួលជាងមុនប្រកបដោយសុវត្ថិភាពនិងឆាប់រហ័ស។
សូមបញ្ជាក់ថា ផ្លូវបេតុងថ្មីដែលកំពុងដំណើរការសាងសង់នេះ ស្ថិតនៅក្នុងឃុំកំពង់ចិនត្បូង ដែលជាថវិកាមូលនិធិឃុំឆ្នាំ២០២៤ មានចំនួន៦ខ្សែ ប្រវែង១,៣៩៦ ម៉ែត្រ អស់ថវិកាសរុប១៧៥,១២០,០០០រៀល៕