(ស្វាយរៀង)៖ លោក ហែម សារិទ្ធ ប្រធានគណបក្សស្រុកស្វាយជ្រំ នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញប្រកាសប្រធាន អនុប្រធាន និងសមាជិកសាខាគណបក្សភូមិគ្រួស ភូមិក្រៅ និងភូមិភ្លោះ ឃុំគ្រួស និងប្រកាសបញ្ចូលបេក្ខជនបម្រុងគណបក្សភ្លើងទៀនចំនួន៣រូប ដែលបានបន្តសុំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។
ពិធីនេះបានធ្វើឡើងនៅស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំគ្រួស ក្រោមវត្តមានលោក រ័ត្ន ចំរើន អនុប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សខេត្ត, លោក ញឹម ឡាស់ សមាជិកអចិន្ត្រៃយ៍គណបក្សស្រុក និងអស់លោកសមាជិកគណបក្សស្រុកប្រធាន អនុប្រធានគណបក្សឃុំគ្រួស ប្រធានសាខាគណបក្សប៉ុស្តិ៍រដ្ឋបាលឃុំ ប្រធានសាខាមណ្ឌលសុខភាពឃុំ លោកប្រធានសាខាសាលាទាំង៤ ក្នុងឃុំ លោកលោកស្រីប្រធាន អនុប្រធាននិងសមាជិកសាខាគណបក្សភូមិទាំង១១ ក្នុងឃុំសរុបវត្តមានចំនួន ៦២នាក់ ស្រី១៣នាក់។
លោក ហែម ដារិទ្ធ បានថ្លែងថា ការចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា របស់បេក្ខជនបម្រុងគណបក្សភ្លើងទៀននាពេលនេះ ដោយពួកគេបានមើលឃើញច្បាស់ដោយឥតសង្ស័យថា គណបក្សប្រជាជនកម្ពុជា គឺជាបក្សនយោបាយតែមួយគត់ ដែលមានគុណបំណាច់ដ៏ធំធេងសម្រាប់ជាតិ និងប្រជាជនកម្ពុជា។
ជាពិសេសសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំដ៏ខ្លាំងពូកែដែលបានប្រឹងប្រែងរំដោះអាយុជីវិតជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍ នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ បន្ថែមពីលើនោះ សម្តេចតេជោបានប្រឹងប្រែង បញ្ចប់សង្គ្រាម បង្រួបបង្រួមជាតិ និងកសាងជាតិឱ្យរីកចម្រើនដូចពេលបច្ចុប្បន្ន។
លោក ហែម សារិទ្ធ បានគូសបញ្ជាក់ថា ពួកគេបានមើលឃើញទៀតថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សមានគោលនយោបាយច្បាស់លាស់ក្នុងការដឹកនាំជាតិ និងកសាងជាតិឆ្ពោះទៅរកភាពរុងរឿង។ ជាពិសេសបក្សប្រជាជនកម្ពុជា ជាបង្អែក និងជាទីទុកចិត្តរបស់ប្រជាពលរដ្ឋ ក្នុងការធានារក្សាបានសុខសន្តិភាព និងស្ថិរភាពសង្គម ដែលជាលក្ខខណ្ឌដ៏ចាំបាច់សម្រាប់ធានានូវការរស់នៅ ប្រកបដោយភាពរីករាយរបស់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះ បេក្ខជនបម្រុងគណបក្សភ្លើងទៀនឃុំគ្រួស ទាំង៣រូបនេះ បានអំពាវនាវដល់អ្នកបម្រើបក្សប្រឆាំងទាំងអស់ឱ្យភ្ញាក់រលឹក និងឈប់ចាញ់បោកបក្សប្រឆាំងបន្តទៅទៀត ហើយចូលរួមសកម្មភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជា ដើម្បីកសាងជាតិមាតុភូមិឱ្យរុងរឿងជាបន្តបន្ទាប់ទៀត៕