(កំពង់ស្ពឺ)៖ លោកបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា ល្បែងអនឡាញ និងកម្ចីប្រាក់តាមអនឡាញ បាននិងកំពុងបង្កជាហានិភ័យខ្ពស់បំផុតសម្រាប់ប្រជាពលរដ្ឋ ដូច្នេះអ្នក​ដែលចូលចិត្តប្រព្រឹត្តិ និងញៀនល្បែងស៊ីសង ខ្ចីប្រាក់ពីកម្ចីតាមអនឡាញគួរតែបញ្ឈប់ពីពេលនេះតទៅ ចៀសវាងមានវិប្បដិសារីទៅថ្ងៃក្រោយ និងត្រូវទទួលទោសទណ្ឌដោយមិនមានការលើកលែងឡើយ។

លោកបណ្ឌិត ជាម ចន្ទ័សោភ័ណ បានលើកឡើងនៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ ក្នុងវេទិកាផ្សព្វផ្សាយសារាចរណែនាំស្តីពីការបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ នៅសាលាខេត្តកំពង់ស្ពឺ។

លោកបណ្ឌិត ជាម ចន្ទ័សោភ័ណ បានឲ្យដឹងថា បច្ចុប្បន្ននៅតាមបណ្តាញសង្គមមួយចំនួន បាននិងកំពុងអូសទាញប្រជាពលរដ្ឋឱ្យចូលលេងល្បែងស៊ីសងខុសច្បាប់ដោយផ្ទាល់ ឬល្បែងអនឡាញ តាមរយៈការផលិតរូបភាព និងមាតិកាល្បែងស៊ីសង។ល។

នៅក្នុងសកម្មភាពផ្សព្វផ្សាយ និងចែករំលែកបន្ត (Share) អំពីល្បែងស៊ីសងខុសច្បាប់ទាំងនេះ ក៏មានការចូលរួមពីបុគ្គលមានប្រជាប្រិយភាព និងអ្នកផលិតមាតិកាសង្គមមួយចំនួនផងដែរ ដែលជាហេតុធ្វើឱ្យ​សាធារណជនមាន ការភាន់ច្រឡំ ហើយបន្តចែកចាយរូបភាពវីដេអូ និងមាតិកាទាំងនោះ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

ជាមួយគ្នានេះ ដោយសារតែវិបត្តិអាជីវកម្ម និងការលង់ខ្លួនជាមួយល្បែងអនឡាញ ក៏មានបងប្អូនប្រជាពលរដ្ឋមួយចំនួន បានហក់ចូល ឬបង្ខំចិត្តទៅខ្ចីប្រាក់ពីកម្ចីអនឡាញថែមទៀត ក្នុងនោះអ្នកដាក់កម្ចីនេះ ​គឺជាជនបរទេស បានយកអត្រាការប្រាក់ដ៏ច្រើនលើសលប់ ខ្លះមានអត្រាការប្រាក់២០ដុល្លារ ទៅ៥០ដុល្លារ ក្នុងកម្ចី១០០ដុល្លារ ដើម្បីទ្រទ្រង់មុខរបរ និងដើម្បីដោះបំណុលដែលខ្ចីលេងល្បែងអនឡាញ ហើយដោយសារតែអត្រាការ ប្រាក់ខ្ពស់ពេកនេះ បានធ្វើឱ្យប្រជាពលរដ្ឋខ្លះវ័ណ្ឌកដោះមិនរួច ហើយខ្លះហ៊ានដល់ទៅបញ្ចប់ជីវិតដើម្បីគេចវេសពីបំណុលនេះទៀតផង។

ដើម្បីពង្រឹងលើកិច្ចការនេះ លោកបណ្ឌិត ជាម ចន្ទ័សោភ័ណ បានណែនាំសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរក្រុង-ស្រុកទាំង៩ ត្រូវបង្កើនប្រសិទ្ធិភាព នៃការផ្សព្វផ្សាយ​ឱ្យបានទូលំទូលាយពីផលប៉ះពាល់ ​នៃការលេងល្បែង​ស៊ីសងគ្រប់ប្រភេទ ទាំងល្បែងអនឡាញ ល្បែងនៅតាមផ្ទះ ក្នុងនោះល្បែងបៀស៊ីគូរថៃ ក៏ចាត់ចូលជាល្បែងស៊ីសងដូចគ្នាដែរ។

ទន្ទឹមនិងការផ្សព្វផ្សាយនេះ សមត្ថកិច្ច និងអាជ្ញាធរក្រុង-ស្រុក ត្រូវបន្តពិនិត្យតាមដានរាល់សកម្មភាព នៃទីតាំងបើកល្បែង ពិនិត្យរាល់ឯកសារពាក់ព័ន្ធ ផ្ទាំងប៉ាណូដែលបង្កប់ស្លាកសញ្ញាល្បែង និងចាត់វិធានការឱ្យបានតឹងរឹង លើការទប់ស្កាត់ បង្ក្រាបឱ្យបាន ក្នុងនោះចៅក្រមតុលាការត្រូវដាក់ទោសទណ្ឌឱ្យបានធ្ងន់ធ្ងរដល់អ្នកលេងល្បែងទាំងអស់នោះដើម្បីឱ្យមានការរាងចាល។

លោកបន្តថា រាល់ការបើកឱ្យមានការកម្សាន្តរាត្រី រដ្ឋបាលខេត្ត និងអង្គភាពពាក់ព័ន្ធ ត្រូវតាមដាន និងបញ្ឈប់រាល់សកម្មភាពរបស់តារាល្បីៗ ដែលឆ្លៀតឱកាសផ្សព្វផ្សាយពីល្បែងស៊ីសង ឆែកមើល និងរកឱ្យឃើញ​ចំពោះបណ្តាញសង្គមណាដែលផ្សព្វផ្សាយពីល្បែង ក្នុងករណីរកឃើញថាការផ្សាយចេញពីក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ សមត្ថកិច្ចត្រូវចាត់វិធានការបង្ក្រាបភ្លាមដោយមិនត្រូវទុកយូរឡើយ។

ទន្ទឹមនិងនេះដែរ អភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់បន្ថែមថា លោកអធិការស្រុក និងមេអាវុធហត្ថមូលដ្ឋានក្រុង-ស្រុកទាំង៩ ត្រូវអនុវត្តឱ្យបានក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងករណីរកឃើញថា លោកអធិការ និងមេអាវុធហត្ថមូលដ្ឋានក្រុងស្រុកណាមានការជាប់ពាក់ព័ន្ធជាមួយការបើកលេងល្បែងស៊ីសងគ្រប់ប្រភេទ នឹងត្រូវទទួលទោសទណ្ឌតាមផ្លូវច្បាប់ដោយមិនមានការលើកលែងឡើយ៕