(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមីនុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម (អ.ជ.អ.គ) បានរួមសហការជាមួយមជ្ឈមណ្ឌលឧត្តមភាព គីមីសាស្ត្រ ជីវសាស្ត្រ វិទ្យុសកម្ម និងនុយក្លេអ៊ែរ សហភាពអឺរ៉ុប បានបើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពីលំហាត់លើតុ និងលើទីលានពង្រឹងការទប់ស្កាត់ ហានិភ័យកើឡើងដោយអាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម (CBRN)។ ពិធីនេះធ្វើឡើងនៅក្រសួងការពារជាតិ នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤។

ឧត្តមសេនីយ៍ឯក ម៉ែន ម៉ារ៉ូត អគ្គលេខាធិការរង អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិអាវុធគីមី និងជានាយកវិទ្យាស្ថានស្រាវជ្រាវ និងពិសោធន៍សារធាតុអាវុធគីមី បានថ្លែងថា សិក្ខាសាលាដែលកំពុងធ្វើឡើងនាពេលនេះ ដើម្បីបណ្តុះបណ្តាលកម្លាំងជំនាញអន្តរស្ថាប័ន ជាពិសេសពង្រឹងសមត្ថភាពកម្លាំងយកសំណាកគំរូសារធាតុគីមី ក្នុងការរៀបចំផែនការយកសំណាកគំរូ និងវិនិច្ឆ័យសារធាតុគីមី ដើម្បីឈានដល់ការអនុវត្តលំហាត់ជាក់ស្តែង ក្រោមវិធីសាស្ត្រសំខាន់ៗ ដូចជា៖ ការរៀបចំផែនការយកសំណាកគំរូ, ការបង្កើតលំហាត់លើតុ, ការចុះអនុវត្តលើទីតាំងជាក់ស្តែង, ការកំណត់សេណារីយ៉ូសម្រាប់ការយកសំណាកគំរូនៃសារធាតុគីមី និងកិច្ចពិភាក្សាបន្ត អំពីសេណារីយ៉ូ អនុវត្តជាក់ស្តែងក្នុងការយកសំណាកគំរូនៃសារធាតុគីមី។

ឧត្តមសេនីយ៍ឯក ម៉ែន ម៉ារ៉ូត បានបន្តថា ដោយមានការរីកចម្រើនឥតឈប់ឈរ នៃវិស័យបច្ចេកវិទ្យាទំនើបនាសម័យកាលសតវត្សទី២១នេះ ពិភពលោកបានឈានទៅរកភាពរីកចម្រើនផង និងគ្រោះថ្នាក់ផង។ ក្រៅពីការគំរាមកំហែងដោយ អាវុធមហាប្រល័យ គ្រោះថ្នាក់នានា ដែលបង្កឡើងដោយសារធាតុនិងសម្ភារ CBRN ត្រូវបានគេមើលឃើញថាអាចបង្កឡើងក្នុងរូបភាពជាច្រើនទាំងក្នុងកត្តាធម្មជាតិ ដោយអចេតនា និងចេតនា តួយ៉ាងដូចជា៖ ការបំពុល និងគ្រោះថ្នាក់ដោយសារធាតុគីមី៖ ទាំងសារធាតុគីមីប្រើក្នុងសង្គ្រាម សារធាតុគីមីប្រើក្នុងឧស្សាហកម្ម និងប្រើប្រាស់ប្រចាំថ្ងៃជាដើម, ការចម្លងជម្ងឺដែលបង្កឡើងដោយបាក់តេរី ឬវីរុសកាចសាហាវ, ការបង្កគ្រោះថ្នាក់តាមរយៈកាំរស្មីពីប្រភពវិទ្យុសកម្ម និងតាមរយៈការផ្ទុះបំបែកនូវសម្ភារ ឬអាវុធនុយក្លេអ៊ែរ ដែលទាំងនេះគឺសុទ្ធតែជាបញ្ហាដែលយើងគ្រប់គ្នាត្រូវយកចិត្តទុកដាក់ ដោយមិនអាចមើលរំលងបានឡើយ។

ឧត្តមសេនីយ៍ឯក ម៉ែន ម៉ារ៉ូត បានបញ្ជាក់ថា នេះជាសិក្ខាសាលាលើគម្រោង ១០៦ថ្មី ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះមុនគេ ដែលមានលោក ចន ចូន (John Jones) និងសហការីជាអ្នកជួយឧបត្ថម្ភ និងគាំទ្រ សង្ឃឹមថា នឹងមានការរៀបចំសិក្ខាសាលាពាក់ព័ន្ធជាបន្តបន្ទាប់ទៀតនៅកម្ពុជានាពេលអនាគត។

អង្គសិក្ខាសាលាបណ្តុះបណ្តាលពង្រឹងសមត្ថភាពនាពេលនេះនឹងត្រូវធ្វើឡើងក្នុងរយៈពេល ០៩ថ្ងៃ ដោយមានការបែងចែកចេញជាការសិក្សាក្នុងថ្នាក់ នៅក្រសួងការពារជាតិ ចាប់ផ្តើមពីថ្ងៃទី០២ និងទី០៩ ខែធ្នូ និងការអនុវត្តជាក់ស្តែងនៅទីវាល នាវិទ្យាស្ថានស្រាវជ្រាវ និងពិសោធន៍សារធាតុអាវុធគីមី (លង្វែក) នៅថ្ងៃទី០៣, ០៤, ០៥, ០៦, ទី១០, និងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ។ ទោះបីរយៈពេលមានកំណត់ ប៉ុន្តែខ្លឹមសារ និងលទ្ធផលមានសារៈសំខាន់ណាស់សម្រាប់កម្ពុជា ក្នុងការឆ្លើយតបឱ្យមានប្រសិទ្ធភាព នូវ «សន្តិសុខគីមី»៕