(កែប)៖ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ បានសហការជាមួយរដ្ឋបាលខេត្តកែប រៀបចំសិក្ខាសាលាផ្សព្វផ្សាយប្រកាសស្តីពីវិធានក្នុងការគ្រប់គ្រង ការរៀបចំ និងការប្រព្រឹត្ដទៅរបស់បរធនបាលកិច្ច និងបទប្បញ្ញត្តិពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ច ក្រោមអធិបតីភាពលោក សុខ ដារ៉ា អគ្គនាយក នៃ ន.ប.ធ. និងលោក អ៊ឹម បញ្ញារិទ្ធិ អភិបាលរងខេត្តកែប នៅសណ្ឋាគារ សង្គហមិត្ត ខេត្ដកែប។

សិក្ខាសាលាផ្សព្វផ្សាយនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងបន្ថែមឱ្យបានកាន់តែទូលំទូលាយដល់មន្ទីរ-អង្គភាពចំណុះរដ្ឋបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទនៅខេត្តកែប ស្ថាប័នពាក់ព័ន្ធ និងសាធារណជន ថាតើអ្វីទៅជាបរធនបាលកិច្ច? បរធនបាលកិច្ចមានយន្ដការ និងប្រតិបត្ដិការដូចម្ដេច? ធ្វើដូចម្ដេចទើបការបង្កើត និងចុះបញ្ជីបរធនបាលកិច្ចមានភាពត្រឹមត្រូវ និងមានអនុលោមភាពតាមច្បាប់។

នៅក្នុងសិក្ខាសាលានេះ លោក សុខ ដារ៉ា បានគូសរំលេចផងដែរអំពីតួនាទី និងសារសំខាន់របស់យន្ដការបរធនបាលកិច្ចក្នុងការបង្កើតទំនុកចិត្ត ក៏ដូចជាការទាក់ទាញការវិនិយោគបន្ថែម ជាពិសេសចូលរួមចំណែកក្នុងការជំរុញដំណើរការអភិវឌ្ឍគម្រោងធុរកិច្ចនានាក្នុងខេត្ដកែប ដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្ដិជាធរមាន។

គិតត្រឹមថ្ងៃនេះ ទីផ្សារបរធនបាលកិច្ចមានបរធនបាលកិច្ចដែលបានចុះបញ្ជីសរុបចំនួន ១.១០៦ ករណី និងគិតជាទំហំបរធនសរុបចំនួន ១.៧៤២ លានដុល្លារអាម៉េរិក ព្រមទាំងមានប្រតិបត្តិករបរធនបាលសរុបចំនួន ៣៦ ដែលក្នុងនោះ រួមមាន ក្រុមហ៊ុនបរធនបាល ចំនួន ១៣ និងធនាគារពាណិជ្ជដែលជាប្រតិបត្តិករបរធនបាលផ្តល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុកចំនួន ២៣ ធនាគារ, បរធនបាលរូបវន្តបុគ្គលចំនួន ៦៦ រូប ដែលទទួលបានអាជ្ញាបណ្ណ/ការអនុញ្ញាតពី ន.ប.ធ. និងក្រុមហ៊ុនផ្តល់សេវាវាយតម្លៃចំនួន ១៦ និងក្រុហ៊ុនផ្តល់សេវាសវនកម្មចំនួន ១៥ ដែលទទួលបានការទទួលស្គាល់ពី ន.ប.ធ.។

សិក្ខាសាលាផ្សព្វផ្សាយនេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងតំណាងមកពីមន្ទីរ-អង្គភាពចំណុះរដ្ឋបាល ខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទនៅខេត្តកែប, សមាជិក-សមាជិកានៃសភាពាណិជ្ជកម្ម, និងសមាគមធុរកិច្ចពាក់ព័ន្ធ ព្រមទាំងថ្នាក់ដឹកនាំ និងតំណាងមកពីក្រុមហ៊ុនបរធនបាល, ធនាគារពាណិជ្ជដែលជាប្រតិបត្តិករបរធនបាលផ្តល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក និងបរធនបាលរូបវន្ដបុគ្គលឯករាជ្យ ដែលទទួលបានអាជ្ញាបណ្ណ/ការអនុញ្ញាតពី ន.ប.ធ.៕